លោកអ៊ុក ស៊ុយ លាតត្រដាងរឿងអាស្រូវមេដឹកនាំគណបក្សសង្គ្រោះជាតិ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ

ភ្នំពេញ:
លោកអ៊ុក ស៊ុយ អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានធ្វើការវាយប្រហាររិះគន់ខ្លាំងៗ ទៅលើមេដឹកនាំគណបក្សសង្គ្រោះជាតិ និងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ និងជាពិសេសបានលាតត្រដាងរឿងអាស្រូវផ្ទៃក្នុងមួយចំនួនផងដែរ គឺការដឹកនាំតាមរបៀបផ្តាច់ការ បក្ខពួកគ្រួសារនិយម រួមទាំងអំពើពុករលួយថែមទៀតផង។ 


លោកអ៊ុក ស៊ុយ បានលាតត្រដាងនៅក្នុងសន្និសីទកាសែតកាលពីរសៀលថ្ងៃទី២៥ ខែមីនា ថា “គណបក្សសង្គ្រោះជាតិ ចូលសភាដើម្បីអំណាច បែងចែកអំណាចអោយបក្ខពួកខ្លួនតែប៉ុណ្ណោះ ហើយការចូលសភាននេះ គឺអន់ជាងអ្នកលក់ជ្រូកទៅទៀត។ លោកសម រង្ស៊ី និងលោកកឹម សុខា ចាត់ទុកប្រទេសជាតិ ដូចត្រឡោកដូង អូសលេងតាមចិត្ត។ ហើយអត់មានស្នេហាជាតិទេ សុំតំណែងអនុប្រធានសភាទី១ នៃរដ្ឋសភា និងប្រធានគណៈកម្មការក្នុងសភា”។

លោកបានអះអាងថា “គណបក្សសង្គ្រោះជាតិ ចូលសភាមិនបានសួរប្រជាពលរដ្ឋម្ចាស់ឆ្នោតទេ សម្រេចតែគ្នាឯងប៉ុន្មាននាក់ និងមានការប្រព្រឹត្តអំពើពុករលួយ ពេញគណបក្សសង្គ្រោះជាតិ។ លោកសម រង្ស៊ី បានអោយលោកជាម ចន្នី គំរាមលោកលឹម គិមយ៉ា តំណាងរាស្ត្រខេត្តកំពង់ធំ កុំអោយដើរតាមខ្ញុំ (លោកអ៊ុក ស៊ុយ) បើមិនចឹងទេ នឹងប្រយ័ត្នលែងបានធ្វើតំណាងរាស្ត្រ។ អ្វីៗនៅក្នុងគណបក្សសង្គ្រោះជាតិ សំរេចលើលោកសម រង្ស៊ី លោកយឹម សុវណ្ណ លោកអេង ឆៃអ៊ាង ...។ គណបក្សសង្គ្រោះជាតិ អត់មានអ្វីជាក្តីសង្ឃឹមទេ”។

អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ បានទម្លាយយថា “លោកសម រង្ស៊ី បានសុំឋានៈស្មើនាយករដ្ឋមន្ត្រី។ ដកលោក រៀល ខេមរិន្ទ្រ អ្នកតំណាងរាស្ត្រមណ្ឌលខេត្តស្វាយរៀង មកដាក់នៅខេត្តកណ្តាល ដោយដាក់លោក អ៊ូ ច័ន្ទឫទ្ធិ ក្មួយលោកកឹម សុខា។ នៅក្នុងគណបក្សសង្គ្រោះជាតិ កំពុងតែមានបញ្ហារឿងដាក់តំណែងអនុប្រធានសភា ជំនួសលោកកឹម សុខា”។

ចំពោះការវាយប្រហារខាងលើនេះ នៅមិនទាន់ឃើញមានប្រតិកម្មពីខាងគណបក្សសង្គ្រោះជាតិ នៅឡើយទេ។