មនុស្ស​​១៤​នាក់​ដេកដួលពេញ​​ផ្លូវ​ បន្ទាប់ពីជួបគ្រោះថ្នាក់​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងថា កាលពីវេលា​ម៉ោង​១២ និង​២០នាទី​ថ្ងៃទី​២៥ មីនា ២០១៦ នេះ មាន​ករណីគ្រោះ​ថ្នាក់​ចរា​​ចរណ៍​​ដ៏​គួរ​រន្ធត់​មួយ​ តាម​​បណ្តោយ​ផ្លូវ​ជាតិ​លេខជាតិ០​​៥ ស្ថិត​ក្នុង​ភូមិ​ចក ឃុំ​កកោះ ស្រុកមោង​ប្ញស្សី រវាង​​រថយន្ត​ធុនធំ២គ្រឿង​បុក​​​គ្នា​​ទាំង​កំរោល បណ្តាល​ឱ្យ​មនុស្ស​ចំនួន១៤នាក់​បាន​រងរបួស​ធ្ងន់-ស្រាល ហើយ​រថយន្ត​រងការខូចខាត​យ៉ាងដំណំ ​ហើយ​អ្នក​បើក​​​​រថយន្ត​​​ទាំង២គ្រឿងនោះ ក៏​បានរត់​គេច​ខ្លួន​អស់ ។

ប្រភពឱ្យ​ដឹងថា ជនរងគ្រោះទាំង​១៤នាក់​ មិនត្រូវ​បាន​ស្គាល់ឈ្មោះនោះទេ ក្នុងនោះ​​របួសធ្ងន់​ធ្ងរ​៤​នាក់ ។ ​រថយន្ត​ទាំង២គ្រឿង មួយ​គ្រឿង​ម៉ាកហ៊ីយ៉ាន់ដាយ​ ពាក់ស្លាកលេខ​ភ្នំពេញ​ ៣C-5475 ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុច​កើតហេតុ ក៏បាន​​បុក​ជា​មួយ​​​​​​រថយន្ត​​ប្រភេទទួរីស១២កៅអី ពាក់ស្លាកលេខ​ 2AD-​5073 តែម្តង ។ ​ទោះបីជាយ៉ាងណា ​ជំហានដំបូង គេមិនទាន់ដឹង​ពីមូល​ហេតុ​​​​​នោះ​​ទេ ។