ការ​រីក​លូតលាស់​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ បង្កើន​ឱកាស​ការងារ​នៅ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​ឆ្នាំ​២០១៥ ចំនួន​នៃ​ប្រាក់​កម្ចី​ដែល​ចេញ​ដោយ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ចំនួន​៣៩ និង​អង្គការក្រៅរដ្ឋាភិបាល​ចំនួន​៦​ដែល​ផ្តល់​នូវ​ហិរញ្ញប្បទាន​ខ្នាត​តូច បាន​កើនឡើង​រហូត​ដល់​៤៧% ពី​១,៦៣​ពាន់​លាន ដល់​២,៤​ពាន់​លាន​ដុល្លារ ។ នេះ​បើ​តាម​សមាគម​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានឱ្យ​ដឹង ។

យោង​តាម​របាយការណ៍​ការងារ​ប្រចាំឆ្នាំ​២០១៥ របស់ everjobs.cambodia ដែ​លាន​ចុះ​ផ្សាយ​នៅ​ចុងឆ្នាំ​នេះ​កំណត់​ថា ជា​ផ្នែក​មួយ​នៃ​និន្នាការ​ទីផ្សារ​ការងារ​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​២០១៥ នៃ​ការ​កើនឡើង​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​។ វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា បាន​រីក​លូតលាស់​ក្នុង​ល្បឿន​យ៉ាង​លឿន​ជាមួយនឹង​ការ​ផ្តល់​ប្រាក់​កម្ចី​នៅ​ដើមឆ្នាំ​មុន ដោយ​កើនឡើង​រហូត​ដល់​៥០%​នៅ​ឆ្នាំ​បន្ទាប់ ។

everjobs.cambodia ជា​វែ​ប​សាយ​ការងារ​តាម​អន​ឡាញ​ដែល​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស បាន​កំណត់​ថា វិស័យ​មីក្រូហិរញ្ញវត្ថុ គឺជា​ប្រភព​ដ៏​ធំ​បំផុត​មួយ​សម្រាប់​ឱកាស​ការងារ​នៅ​ក្នុង​ប្រទេស​កម្ពុជា ។

អ្នកស្រី វ៉ា​ត់ ស្រី​វាត់ ប្រធាន​គ្រប់គ្រង​ផ្នែក​ជ្រើសរើស​បុគ្គលិក​របស់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​អម្រឹត បាន​ឲ្យ​ដឹង​ថា ទាក់ទង​នឹង​ការ​ព្យាករ​កំណើន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ក្នុង​ឆ្នាំ​២០១៦​នេះ​គឺ​មានការ​កើនឡើង ដូច​នៅ​ឆ្នាំ​២០១៥​កន្លង​មក និង​ទទួល​បាន​លទ្ធផល​គួរ​ឱ្យ​កត់សម្គាល់ ហើយ​ត្រូវ​បាន​ព្យាករ​ថា នឹង​បន្ត​នៅ​ឆ្នាំ​នេះ​ទៀត ។

ទីផ្សារ​ការងារ​តាម​អន​ឡាញ​បាន​បង្ហាញ​ថា ឱកាស​ការងារ​ដែល​ផ្តល់​ឱ្យ​ភាគច្រើន គឺ​ទាក់ទង​នឹង​ផ្នែក​គណនេយ្យ និង​ធនាគារ ។ វា​បង្ហាញ​ទៀត​ថា អ្នក​ស្វែងរក​ការងារ​នៅ​ក្នុង​វិស័យ​ធនាគារ​ភាគច្រើន គឺ​ដាក់​ពាក្យ​សម្រាប់​មុខ​តំណែង​ជា​អ្នកបម្រើ​សេវា​អតិថិជន ។

តើ​ការ​កើនឡើង​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​បាន​កើនឡើង​នូវ​ប្រជាប្រិយភាព​របស់​ការងារ​ហិរញ្ញវត្ថុ និង​គណនេយ្យ​ដែរ​ឬទេ ?

អ្នកស្រី វ៉ា​ត់ ស្រី​វាត់ បាន​មាន​ប្រសាសន៍​ថា​៖ «  យើង​បានឃើញ​ពី​ការ​កើនឡើង​នូវ​ប្រជាប្រិយភាព​សម្រាប់​ការងារ​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ ក៏​បុ​៉​ន្តែ​មិនមែន​ធំដុំ​នោះ​ទេ ។ យើង​ជឿជាក់​ថា ប្រជាប្រិយភាព​សម្រាប់​ការងារ​ក្នុង​វិស័យ​ធនាគារ​ដូច​ជា ការងារ​ជា​អ្នកបម្រើ​សេវា​អតិថិជន គឺ​ពិតជា​មាន​លក្ខណៈ​ទូលំទូលាយ​ណាស់ ដោយសារ​ការ​ជោគជ័យ​នៃ​អាជីវកម្ម​របស់​ខ្លួន​។ ទោះជា​យ៉ាងណា យើង​ក៏​បាន​សង្កេត​ឃើញ​ផង​ដែរ​ពី​ការ​កើនឡើង​នូវ​ប្រជាប្រិយភាព​នៃ​ការងារ​ទាំងនេះ​ជា​ចំណែក​ៗ តាម​រយៈ​ការ​រីក​ចម្រើន​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ទាំងមូល » ។

ដោយសារ​ការ​ទទួល​ជោគជ័យ​សម្រាប់​កម្មវិធី Speed Interview លើក​មុន everjobs.cambodia ក៏​បាន​រៀបចំ​កម្មវិធី Speed Interview ជា​លើក​ទី​២ កាលពី​ថ្ងៃ​ទី​៦ កុម្ភៈ ដែល​ផ្តោត​សំខាន់​ទៅ​លើ​ប្រភេទ​ការងារ​គណនេយ្យ និង​ហិរញ្ញវត្ថុ ហើយ​បច្ចុប្បន្ន​កំពុង​រៀបចំ​សិក្ខាសាលា​មួយ​នៅ​សាលា​ខេ​ម​អេ​ដ ដែល​ជា​ស្ថាប័ន​ល្បី​បំផុត​មួយ​សម្រាប់​ការ​រៀបចំ​សិស្ស​តាម​ប្រភេទ​ការងារ​ដូច​គ្នា​ទាំងនេះ ។

លោក Gijs Braakman ប្រធាន​ផ្នែក​អភិវឌ្ឍន៍​ពាណិជ្ជកម្ម​សម្រាប់ everjobs.cambodia បាន​លើក​ឡើង​ថា ៖ « ក្រុមហ៊ុន​ដែល​បាន​ចូលរួម​វាយតម្លៃ​លើ​ការ​ផ្តួចផ្តើម​របស់​យើង គឺជា​ការ​ផ្លាស់​ប្តូរ​ថ្មី​មួយ​ដល់​ដំណើរការ​នៃ​ការ​ជ្រើសរើស​បុគ្គលិក​នៅ​ក្នុង​ប្រទេស​កម្ពុជា ។ នេះ​គឺជា​មូលហេតុ​ដែល​យើង​សម្រេចចិត្ត​រៀបចំ​កម្មវិធី​នេះ​ជា​លើក​ទី​២ ក្នុង​គោលបំណង​ផ្តល់​នូវ​ប្រភេទ​ការងារ​ដែល​ពាក់ព័ន្ធ​ដល់​ក្រុមហ៊ុន និង​អ្នក​ស្វែងរក​ការងារ​ធ្វើ ។ លើក​នេះ យើង​ផ្តោត​សំខាន់​លើ​ការងារ​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ ដែល​ជា​ប្រភេទ​ការងារ​មាន​ប្រជាប្រិយភាព​ខ្ពស់ ហើយ​យើង​ក៏​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​ផង​ដែរ » ។

លោក​បន្ត​ថា ៖ « សម្រាប់​សិក្ខាសាលា​នៅ​សាលា​ខេ​ម​អេ​ដ យើង​បាន​អញ្ជើញ​ធនាគារ​ធំ​ៗ​ជា​ច្រើន ផ្នែក​មីក្រូហិរញ្ញវត្ថុ និង​ក្រុមហ៊ុន​សវន​កម្ម​មួយ​ចំនួន ដើម្បី​ចូលរួម​ជាមួយ​អនាគត​ហិរញ្ញវត្ថុ​របស់​ប្រទេស​កម្ពុជា ។ សាលា​ខេ​ម​អេ​ដ គឺជា​សាលា​មួយ​ដែល​មាន​កិត្យានុភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ជា​កន្លែង​សម្រាប់​ផ្សារ​ភ្ជាប់​រវាង​ក្រុមហ៊ុន និង​និស្សិត​ឆ្នើម​ផ្នែក​គណនេយ្យ និង​ហិរញ្ញវត្ថុ » ។

សរុប​មក​វិញ ការ​រីក​លូតលាស់​នៃ​វិស័យ​មីក្រូហិរញ្ញវត្ថុ បាន​បង្កើត​នូវ​ឱកាស​ការងារ​ជា​ច្រើន​ក្នុង​ឧស្សាហកម្ម​ហិរញ្ញវត្ថុ ហើយ​បាន​បង្កើន​នូវ​ប្រជាប្រិយភាព​សម្រាប់​ប្រភេទ​ឧស្សាហកម្ម​មួយ​នេះ​ផង​ដែរ ។ តើ​វិស័យ​មួយ​នេះ​នឹង​ទៅ​ជា​យ៉ាងណា​ក្នុង​ឆ្នាំ​២០១៦​នេះ បុ​៉​ន្តែ​វា​ត្រូវ​បាន​គេ​ព្យាករ​ថា នឹង​មានការ​ប្រកួតប្រជែង​ខ្ពស់​នា​ឆ្នាំខាង​មុខ ៕