ប្រយ័ត្ន​ណា​! អគ្គិភ័យ​បំផ្លាញ​ផ្ទះ​មួយ​កន្លែង​ទាំង​ព្រលឹម

រាជធានី​ភ្នំពេញ ៖ ករណី​អគ្គិភ័យ​មួយ​បាន​ឆាបឆេះ​ ក្នុង​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត ដែល​មាន​ទីតាំង​ស្ថិត​នៅផ្ទះ​លេខ​៤១ ក្នុងភូមិ​៩ ផ្លូវ​លេខ​៨៦ សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ បង្ក​ឱ្យ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​០៥ និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៥ មីនា ២០១៦ ​បណ្តាល​​មកពី​ទុស្សេ​ចរន្តភ្លើង តែ​ក្នុង​ហេតុ​ការណ៍​នេះ មិន​មាន​មនុស្ស​គ្រោះថ្នាក់​នោះ​ទេ ដោយ​គ្រាន់តែ​ខូចខាត​គ្រឿងបន្លាស់​រថយន្ត​អស់​ចំនួន​ធំ ។

ប្រភព​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ខាងលើ គេ​ឃើញ​ផ្សែងហុយ​ចេញពី​ហាង​លក់​គ្រឿងបន្លាស់​រថយន្ត​នៅ​ចំណុច​ខាងលើ បន្តិច​ក្រោយក៏​ឃើញ​ម្ចាស់ផ្ទះ​នាំ​គ្នា​រត់​ចេញ​មក​ខាងក្រៅ​ទាំង​ភ័យ​ស្លន់ស្លោរ និង​បាន​ស្រែក​ឆោឡោ​ឱ្យ​ប្រជាពលរដ្ឋ ក៏​ដូច​សមត្ថកិច្ច​មូល​ដ្ឋាន​​ជួយ​អន្តរាគមន៍ ។

រយៈពេល​ប្រហែល​១៥​នាទី ក៏​ឃើញ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​ជា​បន្តបន្ទាប់ ខណៈ​ប្រជាពលរដ្ឋ​ក៏​នាំ​គ្នា​យក​ទឹក​ទៅ​ជះ​ផ្ទះ​នោះ​ដែរ ។ នៅ​​ត្រឹម​វេលា​ម៉ោង​០៦​ព្រឹក​ថ្ងៃ​ដដែល ភ្លើង​បាន​រលត់​ទាំងស្រុង បន្ទាប់​ពី​មានការ​អន្តរាគមន៍​ពី​រថយន្ត​ពន្លត់​បាញ់​ទឹក​អស់​ចំនួន​៥​គ្រឿង​ដោយ​មិន​បាន​រាលដាល​ទៅ​ផ្ទះ​អ្នក​ដទៃ​ទេ ។

កម្លាំង​នគរបាល​មូលដ្ឋាន​បាន​បញ្ជាក់​ថា ជំហាន​ដំបូង ការ​ខូច​សម្ភារ​គ្រឿងបន្លាស់​នៅ​ហាង​ខាងលើ​មាន​ប្រមាណ​ជា​៨០% បើ​គិត​ជា​ទឹក​ប្រាក់​​ប្រហែលជា​៣.០០០​ដុល្លារ​អា​មេ​រិ​ក ។