កោះ​សន្តិភាព​ និង​មិត្ត​​ជាង​១​លាន​នាក់​​នឹង​រួម​គ្នា ​ដើម្បី​ការ​ផ្លាស់​ប្តូរ​​ដ៏​ប្រសើរ​​មួយ

ដោយ​ប្រកាន់ខ្ជាប់​​គោលការណ៍​សាធារណជន​​ជា​ធំ វ៉េប​​សាយ​កោះសន្តិភាព​ថ្ងៃនេះ​ បាន​ទទួល​ការ​គាំទ្រ​ពី​ប្រិ​យ​មិត្ត​អ្នក​អាន​​ជាង​១​លាន​​នាក់ ​នៅ​ក្នុង​បណ្តាញ​ហ្វេ​ស​ប៊ុ​ក ដោយ​ធ្វើឱ្យ​​វ៉េប​​សាយ​កោះសន្តិភាព​ ក្លាយទៅជា​វ៉េប​​សាយ​​ព័ត៌មាន​ ដែល​មាន​អ្នកគាំទ្រ​​ជាង​គេ​នៅ​​តាម​បណ្តាញ​​សង្គម​មួយ​​នេះ​ ។

សំខាន់​ជាង​នេះ​ទៀត​ ជា​រៀងរាល់ថ្ងៃ​អត្ថបទ​ស្ទើរ​ទាំងអស់​​របស់​វេ​ប​សាយ​កោះសន្តិភាព www.kohsanteapdaily.com.kh បាន​ទទួល «like» រាប់​ពាន់​ និង «share» រាប់​ពាន់​ផង​ដែរ ​។ នេះ​វា​ឆ្លុះ​បញ្ចាំង​អំពី​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​មហាជន​ជាមួយ​កោះ​សន្តិ​ភាព​​ នៅ​​ក្នុង​បេសកកម្ម​ចែក​រំ​លែង​ព័ត៌មាន​ និង​ចំណេះដឹង​ ដើម្បី​ផលប្រយោជន៍​ប្រជាជន ​និង​ប្រទេស​កម្ពុជា​ទាំងមូល ​។

វ៉េប​​សាយ​កោះសន្តិភាព​ មាន​សេចក្តី​សោមនស្ស​រីករាយ​ ព្រមទាំង​មានការ​ដឹងគុណ​យ៉ាង​ជ្រាលជ្រៅ​ ចំពោះ​ការ​ចូលរួម​យ៉ាង​សកម្ម​របស់​​មហាជន​នៅ​ក្នុង​ជោគជ័យ​របស់​វ៉េប​​សាយ​កោះសន្តិភាព​ ។ ការ​គាំទ្រ​របស់​ប្រជាជន​កម្ពុជា ​បាន​ធ្វើ​ឱ្យ​​ក្រុមការងារ​កាសែត​កោះ​សន្តិ​ភាព ​និងវ៉េប​​សាយ​កោះសន្តិភាព​ កាន់តែ​មាន​កម្លាំងចិត្ត​ ក្នុង​ការ​ដើរតួ​នាទី​យ៉ាង​សកម្ម ​នៅ​ក្នុង​សង្គម​​ក្នុង​នាម​ជា​អ្នក​នាំសារ​ប្រកប​ដោយ​ការ​ទទួលខុសត្រូវ ​និង​ក្រម​សីលធម៌​ ។

ផល​ប្រយោជន៍​ប្រជាជន​ជា​ធំ ​គឺជា​គោលការណ៍​ដ៏​សំខាន់​របស់​កាសែត​កោះសន្តិភាព​ និង​វ៉េប​​សាយ​កោះសន្តិភាព​ ។ នៅ​គ្រប់​កាលៈ​ទេស​:​​​ទាំងអស់ កាសែត​ និង​វ៉េប​​សាយ​កោះសន្តិភាព​ ធ្វើការ​សម្រេចចិត្ត​ដោយ​ឈរ​លើ​គោលការណ៍​​មួយ​នេះ​ ។

ជោគជ័យ​របស់​កាសែត​ និង​វ៉េប​​សាយ​កោះសន្តិភាព​ មិន​អាច​កាត់​ផ្តាច់​ពី​ការ​គាំទ្រ​របស់​សាធារណជន​ឡើយ​ ។ សូម​ឱ្យ​​ការ​គាំទ្រ​នេះ​បន្ត​មាន​តទៅ​ទៀត ​ដោយ​រីក​ធំធាត់​គ្រប់ពេល​វេលា​ ។ ជាមួយ​គ្នា​នេះ កោះសន្តិភាព​ ក៏​ធ្វើការ​ដឹងគុណ​ចំពោះ​បុគ្គលិក​ទាំងអស់​ ដែល​ធ្វើ​ការងារ​ជា​ក្រុម​យ៉ាង​សស្រាក់សស្រាំ​ ដើម្បី​ផលិត​ចេញ​ជា​ព័ត៌មាន​​ដែល​បម្រើ​ដល់​ផលប្រយោជន៍​ប្រជាជន ​។

វ៉េប​​សាយ​កោះសន្តិភាព ​និង​អ្នកគាំទ្រ​ជាង១​លាន​នាក់​ នឹង​អាច​រួម​គ្នា​ជា​កម្លាំង​ច​លករ​​ដ៏​ធំ​មួយ ​ដើម្បី​ធ្វើ​ឱ្យ​​មានការ​ផ្លាស់​ប្តូរ​​សង្គម​កាន់តែ​ប្រសើរ​​តាម​រយ​:​ការ​ផ្តល់​ព័ត៌មាន​​ពិត​ដែល​​សំខាន់ និង​ដែល​មាន​ប្រយោជន៍​ សម្រាប់​ប្រជាជន​គ្រប់​រូប ​និង​ប្រទេស​កម្ពុជា​ទាំងមូល ​។ កោះសន្តិភាព​​លើកទឹកចិត្ត​អ្ន​ក​គាំទ្រ​ទាំងអស់​ ឱ្យ​​ចូលរួម​បន្ត​ចែករំលែក​ ( share) ព័ត៌មាន ដែល​មាន​ប្រយោជន៍​សម្រាប់​ជីវិត​មនុស្ស​រស់នៅ​ទាំងអស់​គ្នា​ ។

ជយោ​​កោះសន្តិភាព ​! ជយោ​ប្រជាជន​កម្ពុជា​ ! ​។