ចង់ចូលតាមផ្លូវណា ក៏គេចមិនរួច​ដែរ

ខេត្តសៀមរាប ៖ ប៉ូលិស​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត ដឹកនាំ​ដោយ​លោក​វរសេនីយ៍ឯក សឿ​ន សេន បាន​ចុះ​បង្ក្រាប​ករណី​ទំនិញគេចពន្ធ​ជា​លើក​ទី​១ ដែល​បាន​ដឹក​ចេញពី​ក្នុង​ព្រ​លាន​យន្តហោះ​អន្តរជាតិ​សៀមរាប​តាម​ជើង​យន្តហោះ​កូរ៉េ ។ ហេតុការណ៍​ចុះ​បង្ក្រាប​ទំនិញគេចពន្ធ​នេះ​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១ និង​៤០​នាទី​យប់ ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​ផ្លូវ​មក​ពី​ព្រ​លាន​យន្តហោះ ចំណុច​មុខ​ស្នងការ​នគរបាល​ខេត្ត ស្ថិត​ក្នុង​សង្កាត់​ទឹក​វិល ក្រុង​សៀមរាប ដោយ​ឃាត់​បាន​ម្ចាស់​រថយន្ត​ម៉ាក​សាំ​យុង ពណ៌​ស មួយ​គ្រឿង និង​ម្ចាស់​ទំនិញ រួច​នាំ​យក​មក​កាន់​ការិយាល័យ​ជំនាញ ដើម្បី​ធ្វើការ​សួរនាំ ។

លោក​វរសេនីយ៍ឯក សឿ​ន សេន នាយការិយាល័យ​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​បាន​ប្រាប់​«​កោះសន្តិភាព​»​ឲ្យ​ដឹង​ថា ដោយ​មាន​សហការ​បាន​ល្អ​ពី​សមត្ថកិច្ច​ទើប​កម្លាំង​ជំនាញ​ឈាន​ដល់​ធ្វើការ​ឃាត់​បាន​ម្ចាស់​រថយន្ត និង​ម្ចាស់​ទំនិញ​តែ​ម្តង ។ លោក​បន្ត​ថា ទំនិញ​ទាំង​អស់នោះ​មាន​ចំនួន​ប្រមាណ​សរុប​៥៤​កេស ស្មើ​ជាង​១​តោន និង​មាន​អីវ៉ាន់​១​វ៉ា​លី និង​៤​ថង់ ទូរស័ព្ទ​ដៃ​ចំនួន​៨​គ្រឿង គ្មាន​លិខិតអនុញ្ញាត​ចេញ​ដោយ​ក្រសួងសុខាភិបាល ដែល​មានច្បាប់​ស្តី​ពី​ការ​នាំ​ឱសថ​ និង​ច្បាប់​គយ ។ លោក​បញ្ជាក់​​ទៀត​ថា ម្ចាស់​ទំនិញ​មានឈ្មោះ ជា ណា​រី  ភេទ​ស្រី អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ដក​ពោធិ៍ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប ឯ​អ្នក​បើកឡាន​មានឈ្មោះ យិ​ន ថៃ ភេទ​ប្រុស អាយុ​៤២​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំង​ពោធិ៍ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ដែល​មាន​រថយន្ត​ម៉ាក​សាំ​យុង​១៥​កៅអី ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2-AF7251 ។

លោក​បាន​បញ្ជាក់​បន្ថែម​ថា ក្រោយ​ពី​ធ្វើការ​ឃាត់​បាន​រថយន្ត​ និង​ម្ចាស់​ទំនិញ​យក​មក​សួរនាំ បាន​សារភាព​ថា រូបគេ​ពិតជា​បាន​នាំ​ទំនិញ​ទាំង​អស់នេះ​ជា​លើក​ទី​១​តាម​ច្រក​ទ្វារ​អន្តរជាតិ​សៀមរាប​ពិតប្រាកដ​មែន ហើយ​រូបគេ​បាន​បង់លុយ​ទៅ​ឱ្យ​មន្ត្រី​គយ​ក្នុង​១​កេស​តម្លៃ​ចាប់ពី​១០​ដុល្លារ​ទៅ​២០​ដុល្លារ ដែល​ទំនិញ​ទាំងអស់​មាន​៦​មុខ ដែល​ភាគច្រើន​ជា​ឡេ និង​អាហារ​បំប៉ន​សុខភាព ។ ចំពោះ​ម្ចាស់ លោក​នឹង​ឱ្យ​កម្លាំង​សួរនាំ​បន្ត រង់ចាំ​ថ្នាក់លើ​ដាក់​បញ្ជា​ថា​ត្រូវ​ឱ្យ​ពិន័យ ឬ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ៕