លទ្ធផល​ធ្វើចោរ គឺទទួល​បាន​បែបនេះ

រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់​ ត្រូវ​​ប្រជាពលរដ្ឋ​មានទាំង​អ្នកភូមិ និងអ្នករត់​ម៉ូតូកង់៣នាំគ្នា​ព្រួតវាយ​ស្ទើរស្លាប់ បន្ទាប់​ធ្វើ​សកម្ម​ភាព​​លួច​ម៉ូតូ​​​ស៊េរីទំនើប និង​ថ្មីសន្លាងមួយគ្រឿង​ពីសង្កាត់ព្រែកតាសេក ហើយជិះរត់​មកដល់​សង្កាត់​ស្រះចក ក្នុងខណ្ឌដូនពេញ​ ត្រង់​​ចំណុច​ផ្លូវ​លេខ​៧០ ក៏ចាប់បាន​តែ​ម្តង ។

ប្រភព​ឱ្យ​ដឹងថា ជន​សង្ស័យ​ឈ្មោះ​ឡាញ់ ប៉េងសៀ អាយុ​៣៥​ឆ្នាំ ជា​អ្នក​រត់កង់បី ។ ចំណែក​ឯ​ម្ចាស់​ម៉ូតូ​ឈ្មោះ​ជុំ គឹមលាង អាយុ​៣៧​ឆ្នាំ ជាអ្នក​លក់ដូរ មានទីលំនៅ​ក្នុង​សង្កាត់ព្រែកលៀប​ ខណ្ឌ​ជ្រោយចង្វា ជិះម៉ូតូឌ្រីមពាក់ស្លាកលេខ​ភ្នំពេញ 1C-0355 ដែ​ល​ត្រូវ​ជន​សង្ស័យលួចនោះ ។

ប្រភពបន្តថា មុនពេលកើតហេតុ ជនរងគ្រោះ​បានជិះម៉ូតូទៅឈប់នៅកន្លែង​ប្រពន្ធ​លក់​ដូរមួយភ្លែត ស្រាប់តែ​ជនសង្ស័យ​ខាងលើ ​​ធ្វើ​សកម្មភាព​កាច់​សោ.កម៉ូតូ​បាន ក៏បញ្ឆិះជិះគេចខ្លួន តែត្រូវម្ចាស់ម៉ូតូដេញ​តាម និង​​បាន​ទាក់ទង​ជា​មួយ​ក្រុម​ខាង​ម៉ូតូ​កង់បី​ដែល​មាន​វិទ្យុ​​ (អាយកូម) កាន់​នោះ ក៏​ចាប់​មុខសញ្ញាបាន រួច​ធ្វើការស្ទាប់ចាប់បានតែម្តង ដោយនាំគ្នាព្រួត​វាយម្នាក់​មួយដៃ​មួយជើង​ប៊ិះ​ស្លាប់​ទៅហើយ កុំតែបានមក​សមត្ថកិច្ច​មក​ទាន់​ កុំអីក្ស័យ​។