មន្ត្រី​ពន្ធដារ​មាន​វិធានការ​ចំពោះ​រថយន្ត​ដែល​មិន​ព្រម​បង់ពន្ធ​ឆ្នាំ

ខេត្តបន្ទាយមានជ័យ ៖ មន្ត្រី​ពន្ធដារ​ខេត្ត មាន​វិធានការ​ចំពោះ​រថយន្ត​ដែល​មិន​ព្រម​​បង់ពន្ធ​ឆ្នាំ ដែល​បាន​ចាប់ផ្តើម​អនុវត្ដិ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ទល់មុខ​សាខា​ពន្ធដារ​ខេត្តបន្ទាយមានជ័យ​។ មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​បាន​ប្រាប់​ឱ្យ​ដឹង​ថា ដោយ​មានការ​ណែនាំ​ពី​លោក​អភិបាលខេត្ត ដើម្បី​ប្រមូល​ពន្ធ​ឆ្នាំ​ជូន​រដ្ឋ គឺ​មន្ត្រី​សាខា​ពន្ធដារ​ខេត្ត​បាន​សហការ​ជាមួយ​កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំង​នគរបាល ធ្វើការ​ត្រួតពិនិត្យ​រថយន្ត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​។

មន្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា ក្រោយ​ពេលធ្វើការ​ត្រួតពិនិត្យ​រយៈពេល​ប៉ុន្មាន​ម៉ោង បាន​សង្កេត​ឃើញ​ថា មាន​រថយន្ត​ត្រូវ​បាន​បង់ពន្ធ​ឆ្នាំរួចរាល់​ស្ទើរតែ​មួយ​ភាគ​ធំ ហើយ​នៅ​សេសសល់​មួយ​ចំនួន​តូច​ដែល​មិន​បាន​បង់ពន្ធ​ឆ្នាំ​ជូន​រដ្ឋ​។ មន្ត្រី​ចម្រុះ​នឹង​បន្ត​ធ្វើការ​អនុវត្ត​បន្ត​ដើម្បី​ប្រមូល​ពន្ធ​ឆ្នាំ​ជូន​រដ្ឋ​។ មន្ត្រី​រូប​នោះ បាន​សំណូមពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​រថយន្ត​មិន​ទាន់​បាន​បង់ពន្ធ ត្រូវ​សហការ​ជាមួយ​មន្ត្រី​ជំនាញ​ដើម្បី​បង់ពន្ធ​ជូន​រដ្ឋ ព្រោះ​នេះ​ជា​កាតព្វកិច្ច​បងប្អូន​ប្រជាពលរដ្ឋ​ដែល​ចាំបាច់​ធ្វើ​ជា​រៀង​រាង​រាល់​ឆ្នាំ​៕