អតីត​នាយទាហាន​ផ្កាយ​២​ម្នាក់​ និង​ត្រូវជា​កូនប្រុស​ឧកញ៉ា​ ខូ​វ​ ជឺ​លី​ ត្រូវ​តុលាការ​ផ្តន្ទាទោស​២០​ឆ្នាំ​ និង​ចេញ​ដីកាចាប់ខ្លួន​ ក្នុង​សំណុំរឿង​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​

​អតីត​នាយទាហាន​នៃ​កង​យោធពលខេមរភូមិន្ទ​ ឋានន្តរស័ក្តិ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​ អត្តលេខ​០០៣៤០៧​ និង​ត្រូវជា​កូនប្រុស​របស់​លោក​ឧកញ៉ា​ ខូ​វ​ ជឺ​លី​ អ្នកមាន​ទ្រព្យសម្បត្តិ​ស្តុកស្តម្ភ​ម្នាក់​នៅ​កម្ពុជា​ គឺ​លោក​ ខូ​វ​ ផល្លា​បុត្រ​ ត្រូវ​បាន​ស្ថាប័ន​តុលាការ​សាលាដំបូង​រាជធានី​ភ្នំពេញ​ វិនិច្ឆ័យ​សេចក្តីសម្រេច​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​កំណត់​២០​ឆ្នាំ​ និង​ចេញ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​កាលពី​ថ្ងៃ​ទី​២៤​ ខែមីនា​ ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​ ដោយ​ជាប់ចោទ​ពី​បទ​ផ្តើមគំនិត​ប៉ុនប៉ង​រំលោភ​សេពសន្ថវៈ​ និង​ឃាតកម្ម​គិត​ទុកជា​មុន​ ទៅ​លើ​ក្រុម​គ្រួសារ​របស់​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​បច្ចុប្បន្ន​ (​អនាគត​ខាង​មុខ​ឆាប់ៗ​នឹង​ទទួល​តំណែង​ជា​ទេស​រដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​)​ ខណៈ​អ្នកស្រី​ ឡាយ​ ហួង​ ដែល​ជា​ភរិយា​ឥត​ខាន់ស្លា​របស់​លោក​ឧកញ៉ា​ ខូ​វ​ ជឺ​លី​ ក៏​ត្រូវ​ទទួល​រង​ការ​ផ្តន្ទាទោស​ដូច​គ្នា​ផង​ដែរ​ ។​

​លោក​ ខូ​វ​ ផល្លា​បុត្រ​ ត្រូវជា​បងប្អូន​បង្កើត​ជាមួយ​លោក​ជំទាវ​ ស៊ុន​ សូ​ត្ថា​ ដែល​ជា​ភរិយា​របស់​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ គ្មាន​វត្តមាន​ក្នុង​អង្គ​សវនាការ​ជំនុំជម្រះ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ​នោះ​ទេ​ ខណៈ​ជាមួយ​គ្នា​នេះ​ គេ​បានដឹង​ថា​ កំពុង​សំងំ​លាក់ខ្លួន​នៅ​ក្រៅប្រទេស​ បន្ទាប់​ពី​ឋានន្តរស័ក្តិ​នាយទាហានជាន់ខ្ពស់​នៃ​កង​យោធពលខេមរភូមិន្ទ​ថ្នាក់​ឧត្តមសេនីយ៍ទោ​(​ផ្កាយ​២)​របស់​លោក​ ត្រូវ​បាន​ដកហូត​ និង​លុបឈ្មោះ​ចេញពី​ក្របខ័ណ្ឌ​នៃ​កង​យោធពលខេមរភូមិន្ទ​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០៩១១/៨៩០​ ចុះ​ថ្ងៃ​ទី​១៤​ ខែកញ្ញា​ ឆ្នាំ​២០១១​ ក្រោយ​ពី​មានរឿង​អាស្រូវ​ក្តីក្តាំ​ក្នុង​គ្រួសារ​រួច​មក​ ។​

​អ្នកស្រី​ ឡាយ​ ហួង​ ជា​ជនជាប់ចោទ​ និង​កំពុង​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​នោះ​ បាន​បញ្ជាក់​អះអាង​ឲ្យ​ដឹង​ថា​ សំណុំរឿង​ក្តី​នេះ​កើត​ចេញពី​ការ​ដណ្តើម​សិទ្ធិ​អំណាច​គ្នា​នៅ​ក្នុង​គ្រួសារ​ និង​ការ​ប៉ុនប៉ង​របស់​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ដើម្បី​ច្បាម​យក​ចំណែក​ធំ​នៃ​ទ្រព្យសម្បត្តិ​របស់​លោក​ឧកញ៉ា​ ខូ​វ​ ជឺ​លី​ ដែល​ត្រូវជា​ឪពុកក្មេក​ ។​

​ដោយឡែក​ ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ ធ្លាប់​បាន​អះអាង​កាលពី​ចុងឆ្នាំ​២០១២​កន្លង​ទៅ​ថា​ "​ខ្ញុំ​ ស៊ុន​ ចាន់​ថុ​ល​ និង​គ្រួសារ​ មិន​ចង់បាន​ប្រាក់​សូ​ម្បី​តែ​មួយ​សេន​ពី​លោក​ឧកញ៉ា​ ខូ​វ​ ជឺ​លី​ ។​ ប្រាក់​មិន​អាច​ទិញ​យុត្តិធម៌​បាន​ទេ​ គឺ​មាន​តែ​ច្បាប់​ទើប​អាច​ផ្តល់​យុត្តិធម៌​ដល់​ជន​រង​គ្រោះ​ ។​ "​ ៕​

អតីត​នាយទាហាន​ផ្កាយ​២​ម្នាក់​ និង​ត្រូវជា​កូនប្រុស​ឧកញ៉ា​ ខូ​វ​ ជឺ​លី​ ត្រូវ​តុលាការ​ផ្តន្ទាទោស​២០​ឆ្នាំ​ និង​ចេញ​ដីកាចាប់ខ្លួន​ ក្នុង​សំណុំរឿង​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​ អតីត​នាយទាហាន​ផ្កាយ​២​ម្នាក់​ និង​ត្រូវជា​កូនប្រុស​ឧកញ៉ា​ ខូ​វ​ ជឺ​លី​ ត្រូវ​តុលាការ​ផ្តន្ទាទោស​២០​ឆ្នាំ​ និង​ចេញ​ដីកាចាប់ខ្លួន​ ក្នុង​សំណុំរឿង​ឯកឧត្តម​ ស៊ុន​ ចាន់​ថុ​ល​

Related