រឿង​បោះបង្គោល​ព្រំដែន​គោក​ខ្មែរ​-​យួន​ បណ្ឌិត​ សុខ​ ទូច​ ចំណេញ​កប់​ក្តោង​ គឺ​ទទួល​បាន​ទាំង​គោរមងារ​ ឡើង​ទាំង​តំណែង​ ទាំង​ឋានៈ​

​ដោយ​ទទួល​បាន​គុណសម្បត្តិ​ក្នុង​ការ​គាំទ្រ​ និង​ផ្ទៀងផ្ទាត់​បង្ហាញ​នូវ​លទ្ធផល​នៃ​ភាព​ត្រឹមត្រូវ​របស់​ផែនទី​ UTM​ ខ្នាត​ ១/៥០.០០០​ ចំនួន​៤០​ផ្ទាំង​ បោះពុម្ព​ដោយ​ភាគី​វៀតណាម​ សម្រាប់​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម​ ដូច​មាន​ចែង​ក្នុង​សន្ធិសញ្ញា​បំពេញបន្ថែម​ ចុះ​ថ្ងៃ​ទី​១០​ ខែតុលា​ ឆ្នាំ​២០០៥​ រវាង​ព្រះរាជាណាចក្រ​កម្ពុជា​ និង​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ ទៅ​លើ​សន្ធិសញ្ញា​កំណត់ព្រំដែន​រដ្ឋ​ឆ្នាំ​១៩៨៥​កន្លង​ទៅ​ ខណៈ​មជ្ឈដ្ឋាន​អ្នក​ច្បាប់​ឯករាជ្យ​វាយតម្លៃ​ថា​ មិន​ស្រប​នឹង​មាត្រា​២​នៃ​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​បាន​ចែង​ថា​ "​បូរណភាព​ទឹកដី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​មិន​អាច​រំលោភ​បាន​ដាច់ខាត​ក្នុង​ព្រំដែន​របស់​ខ្លួន​ដែល​មាន​កំណត់​ក្នុង​ផែនទី​ខ្នាត​ ១/១០០.០០០​ ធ្វើ​នៅ​ចន្លោះ​ឆ្នាំ​១៩៣៣-១៩៥៣​ ហើយ​ដែល​ត្រូវ​បាន​ទទួលស្គាល់​ជា​អន្តរជាតិ​ នៅ​ចន្លោះ​ឆ្នាំ​១៩៦៣-១៩៦៩​ ។​ "​ និង​មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តោយ​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម​ ព្រួយបារម្ភ​អំពី​ការ​បាត់បង់​ទឹកដី​នោះ​ លោក​បណ្ឌិត​ សុខ​ ទូច​ ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ បាន​ចំណេញ​កប់​ក្តោង​តែ​ម្តង​ គឺ​ទទួល​បាន​ទាំង​គោរមងារ​ខ្ពង់ខ្ពស់​ ទាំង​ឡើង​តំណែង​ ទាំង​ឡើង​ឋានៈ​ រីឯ​សកម្មជន​ព្រំដែន​ និង​បូរណភាព​ទឹកដី​ឯទៀតៗ​ បែរជា​ប្រឈម​ទៅ​នឹង​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ និង​ការ​ជាប់គុក​ច្រវាក់​ទៅ​វិញ​ ។​

​បេសកកម្ម​ដង្ហែ​គាំទ្រ​ផែនទី​ដែល​បោះពុម្ព​ដោយ​ប្រទេស​វៀតណាម​ ដើម្បី​ធ្វើ​ជា​មូលដ្ឋាន​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​រវាង​ប្រទេស​កម្ពុជា​ និង​ប្រទេស​វៀតណាម​របស់​លោក​បណ្ឌិត​ សុខ​ ទូច​ ជា​សមាជិក​ក្រុម​ស្រាវជ្រាវ​ព្រំដែន​កម្ពុជា​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ និង​បម្រើ​ការ​យ៉ាង​ស្និទ្ធ​ជាមួយនឹង​ស្ថាប័ន​គណៈរដ្ឋមន្ត្រី​របស់​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី​ បណ្ឌិត​សភាចា​រ្យ​ សុខ​ អាន​ នោះ​ គឺ​លោក​បណ្ឌិត​រូប​នេះ​ទទួល​បានការ​តែងតាំង​ជា​សមាជិក​ពេញ​សិទ្ធិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា​ ដោយ​មាន​គោរមងារ​ជា​បណ្ឌិត​សភាចា​រ្យ​ និង​ទទួល​បានការ​តែងតាំង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ ដោយ​ព្រះរាជក្រឹត្យ​លេខ​ន​ស​/​រក​ត​/០១១៦/០៩០​ ចុះ​ថ្ងៃ​ទី​២៨​ ខែមករា​ ឆ្នាំ​២០១៦​ ។​

​សរុបសេចក្តី​មក​ លទ្ធផលនៃការ​ផ្ទៀងផ្ទាត់​ផែនទី​ដែល​រាជរដ្ឋាភិបាល​គណបក្ស​ប្រជាជន​កម្ពុជា​យក​មក​ប្រើប្រាស់​ក្នុង​ដំណើរការ​បោះបង្គោល​ព្រំដែន​គោក​កម្ពុជា​-​វៀតណាម​ ហើយ​ដែល​ត្រូវ​បាន​បោះពុម្ព​ដោយ​ភាគី​ប្រទេស​វៀតណាម​នោះ​ គឺ​លោក​បណ្ឌិត​ សុខ​ ទូច​ បាន​ចំណេញ​កប់​ក្តោង​តែ​ម្តង​ ដោយ​ទទួល​បាន​ទាំង​គោរមងារ​ ជា​បណ្ឌិត​សភាចា​រ្យ​ ស្មើនឹង​គោរមងារ​របស់​ឯកឧត្តម​ សុខ​ អាន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី​ផង​ ថែម​ទាំង​បាន​ឡើង​តំណែង​ជា​អនុប្រធាន​រាជបណ្ឌិត្យសភាកម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​បន្ថែម​លើ​មុខងារ​បច្ចុប្បន្ន​ផង​ ខណៈ​សកម្មជន​ព្រំដែន​ និង​បូរណភាព​ទឹកដី​ឯទៀតៗ​ បែរជា​បាន​និង​កំពុង​ប្រឈម​នឹង​ការ​ចោទប្រកាន់​តាម​ផ្លូវ​តុលាការ​ និង​ការ​ជាប់គុក​ច្រវាក់​ទៅ​វិញ​ទាំង​អយុត្តិធម៌​ ៕​

រឿង​បោះបង្គោល​ព្រំដែន​គោក​ខ្មែរ​-​យួន​ បណ្ឌិត​ សុខ​ ទូច​ ចំណេញ​កប់​ក្តោង​ គឺ​ទទួល​បាន​ទាំង​គោរមងារ​ ឡើង​ទាំង​តំណែង​ ទាំង​ឋានៈ​ រឿង​បោះបង្គោល​ព្រំដែន​គោក​ខ្មែរ​-​យួន​ បណ្ឌិត​ សុខ​ ទូច​ ចំណេញ​កប់​ក្តោង​ គឺ​ទទួល​បាន​ទាំង​គោរមងារ​ ឡើង​ទាំង​តំណែង​ ទាំង​ឋានៈ​

Related