អតីត​មេដឹកនាំ​ស៊ែ​ប​ជាប់គុក​៤០​ឆ្នាំ ក្នុង​អំពើ​ប្រល័យពូជសាសន៍​នៅ Srebrenica

​តុលាការ​ឧក្រិដ្ឋ​អន្តរជាតិ​សម្រាប់​អតីត​យូ​ហ្គោ​ស្លា​វី បានសម្រេច​ដាក់ទោស​អតីត​មេដឹកនាំ​ស៊ែ​ប​-​បូ​ស្នី​លោក Radovan Karadzic ឲ្យ​ជាប់ទោស​៤០​ឆ្នាំ ក្រោម​បទ​ចោទ​ប្រល័យ​ពូជ សាសន៍​ក្នុងការ​សម្លាប់​រង្គាល​នៅ​Srebrenica ក្នុង​ឆ្នាំ​១៩៩៥​។ លោក Karadzic ក៏ត្រូវ​រកឃើញ​កំហុស​ពាក់ព័ន្ធ​នឹង​ការចោទប្រកាន់​ចំនួន​៩​ផ្សេងទៀត​ក្នុងចំណោម​បទ​ចោទ​ទាំង​១១​ដែល​ដាក់​មកលើ​រូបលោក ក្នុងអំឡុងពេល​សង្គ្រាម​នៅ​បូ​ស្នី​ឆ្នាំ​១៩៩២-១៩៩៥​។​

សូមស្ដាប់ព័ត៌មានលម្អិត៖

​អតីត​ប្រធានាធិបតី​ស៊ែ​ប​-​បូ​ស្នី​លោក Radovan Karadzic ត្រូវបាន​ចៅក្រម​តុលាការអន្តរជាតិ​រក​ឃើញ​កំហុស​ចំពោះ​តួនាទី​របស់លោក​ក្នុង​អំពើ​ប្រល័យពូជសាសន៍​នៅ​ទីក្រុង​Srebrenica ក្នុង​ឆ្នាំ​១៩៩៥ និង​បទល្មើស​៩​ផ្សេងទៀត​ក្នុងសម័យ​សង្គ្រាម​ឆ្នាំ​១៩៩២-១៩៩៥​។ ជាមួយនឹង​ការរកឃើញ​កំហុស​នេះ ចៅក្រម​បានសម្រេច​ដាក់ទោស​លោក Karadzic ឲ្យ​ជាប់គុក​រយៈពេល​៤០​ឆ្នាំ​។

​ក្នុងពេល​ប្រកាស​សាលក្រម​នៅ​ថ្ងៃទី​២៤ ខែមីនា ប្រធាន​ចៅក្រម​លោក O-Gon Kwon និយាយថា លោក Karadzic ទទួលខុសត្រូវ​លើ​ការ​ប្រល័យពូជសាសន៍ ឃាតកម្ម ការ​ប្រហារ​លើ​ប្រជាជន និង​ភេរវកម្ម ក្នុងអំឡុងពេល​រយៈពេល​៤៤​ខែ​នៃ​ការកាន់កាប់​ទីក្រុង​សា​រ៉ា​ជេ​វ៉ូ របស់​បូ​ស្នី​។ ចៅក្រម Kwon បន្តថា លោក Karadzic បាន​ប្រើ​យុទ្ធនាការ​បាញ់កាំភ្លើង​ធំ​និង​បាញ់ Sniper ដាក់​ជន​ស៊ីវិល​ស្លូតត្រង់​ក្នុង​ទីក្រុង ដើម្បី​សម្រេច​គោលដៅ​របស់ខ្លួន​។​

​បើតាម Reuters ការកាន់កាប់​ទីក្រុង​សា​រ៉ា​ជេ​វ៉ូ​នឹង​មិនអាច​កើតឡើង​នោះទេ ប្រសិនបើ​អតីត​មេដឹកនាំ​រូបនេះ​មិន​គាំទ្រ​នោះ​។ ក្នុងពេល​កាន់កាប់​នោះ មេដឹកនាំ​វ័យ​៧០​ឆ្នាំ​រូបនេះ​បាន​ប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ ដោយ​ប៉ុនប៉ង​បោសសំអាត​ជន​មូស្លីម​និង​ជនជាតិ​ក្រូ​អាត​ចេញពី​ទឹកដី​បូ​ស្នី​។ មួយវិញទៀត​នោះ Karadzic ក៏មាន​បំណង​ក​ម្ចា​ត់បុ​រស​មូស្លីម​បូ​ស្នី​ចេញពី​ទីក្រុង​Srebrenica ផងដែរ​។​

​សូម​រម្លឹកថា លោក Radovan Karadzic រត់គេចខ្លួន​ជាច្រើន​ឆ្នាំ​នៅមុន​ពេល​ការចាប់ខ្លួន​លើ​ឡានក្រុង​ក្នុង​ទីក្រុង​បែ​ល​ក្រា​ដ​នៅ​ឆ្នាំ​២០០៨​។ បទ​ចោទ​ធំ​បំផុត​ប្រឆាំងនឹង​រូបលោក​គឺ​ការទទួលខុសត្រូវ​លើ​ការសម្លាប់​រង្គាល​នៅ​Srebrenica នៅ​ភាគ​ខាងកើត​បូ​ស្នី​ក្នុង​ឆ្នាំ​១៩៩៥​។ ជន​មូស្លីម​ជាង​៨​ពាន់​នាក់​ដែលជា​បុរស​និង​កុមារ ត្រូវបាន​សម្លាប់​និង​កប់​ក្នុង​រណ្ដៅ​រួមគ្នា​ដោយ​កងកម្លាំង​ស៊ែ​ប​-​បូ​ស្នី ក្រោយពី​ពួកគេ​បណ្ដេញ​កងកម្លាំង​រក្សា​សន្តិភាព​ហូ​ឡង់​ចេញពី​ទីនោះ​។​

១. ស្នាមរបួស​នៅតែ​មិនអាច​ផ្សះផ្សា ទោះ​លោក Karadzic ត្រូវ​ជាប់គុក​ក៏ដោយ​
​ថ្វីបើ​សាលក្រម​ត្រូវ​ប្រកាស​ក៏ដោយ ជនរងគ្រោះ​និង​គ្រួសារ​ពួកគេ ដូចជា​មិន​សប្បាយចិត្ត​នោះទេ​។ នៅ​ស្របពេល​នឹង​ការប្រកាស​សាលក្រម ជនរងគ្រោះ​ប្រហែល ១០០​នាក់​ប្រមូល​ផ្ដុំគ្នា​នៅមុខ​តុលាការ​នៅ​ទី​ក្រុងឡាអេ​។ ពួកគេ​បានបង្ហាញ​ពី​ការឈឺចាប់​ដែល​បន្ត​នៅជាប់​ជាមួយ​ពួកគេ បើទោះជា​សាលក្រម​នោះ​អាច​បន្ថយ​ការឈឺ​ចាប់បាន​ខ្លះ​ក្នុងចំណោម​ជនរងគ្រោះ​និង​គ្រួសារ​ពួកគេ​ក៏ដោយ​។  

​ក្រៅពីនេះ មាន​ជន​បូ​ស្នី​ខ្លះ​បាន​ទាត់ចោល​សាលក្រម​ដែល​ដាក់ទោស​ឲ្យ​លោក Karadzic ជាប់គុក​ត្រឹម​៤០​ឆ្នាំ​។ ពួកគេ​អះអាងថា វា​មិន​សម​ទេ​ដែល​ដាក់ទោស​របៀបនេះ​លើ​បទឧក្រិដ្ឋ​ធ្ងន់ធ្ងរ​បែបនេះ​។ ជនរងគ្រោះ​Munira Subasic និយាយថា ជា​ជនរងគ្រោះ​ម្នាក់ ខ្ញុំ​ខ្លាច​ថា នេះ​គ្រាន់តែ​ជា​រឿង​នយោបាយ​ប៉ុណ្ណោះ​។

​នៅក្រៅ​តុលាការ​ឡាអេ Hatidza Mehmedovic ដែល​បាន​បាត់បង់​គ្រួសារ​នាង​ទាំងអស់​នៅ​Srebrenica និយាយ​ដែរ​ថា នាង​មិន​សប្បាយ​ចិត្តនឹង​សាលក្រម​នេះ​ទេ ហើយ​ការកាត់ទោស​បែបណា​ក៏​មិនអាច​គ្រប់គ្រាន់​បានដែរ​។

២. ក្រូ​អាត​ស្វាគមន៍​សាលក្រម​កាត់ក្ដី​លោក Radovan Karadzic
​រដ្ឋាភិបាល​ក្រូ​អាត​បាន​ចេញមក​ស្វាគមន៍​សាលក្រម​របស់​តុលាការអន្តរជាតិ​ចំពោះ​លោក Karadzic​។ ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន រដ្ឋាភិបាល​ក្រូ​អាត​បញ្ជាក់ថា ការកាត់ទោស អ្នកទទួលខុសត្រូវ ជា​ជំហាន​ដ៏​សំខាន់​សម្រាប់​នយោបាយ​ផ្សះផ្សា​ក្នុង​ទំនាក់ទំនង​ជាមួយ​បូ​ស្នី​និង​ហេ​ហ្សេ​ហ្គោ​វី​ណា (Herzegovina)​។​

​ចំណែក​ប្រធានាធិបតី​ក្រូ​អាត​លោក Kolinda-Graba-Kitarovic បាន​លើកឡើងថា ការដាក់ទោស​លោក Karadzic ត្រឹម​៤០​ឆ្នាំ គ្រាន់តែ​ជាការ​រំសាយ​ទុក្ខ​តូច​មួយ​ប៉ុណ្ណោះ​។ ប៉ុន្តែ​វា​ជា​សារ​ដ៏​សំខាន់​ដល់​ឧក្រិដ្ឋជន​ថា ពួក​នឹង​មិនអាច​រួចខ្លួន​ចំពោះ​សកម្មភាព​របស់ខ្លួន​នោះទេ​។
 
​សូម​បញ្ជាក់ដែរថា ក្នុងពេល​ការ​កាន់អំណាច​របស់លោក Karadzic ជនជាតិ​ក្រូ​អាត​ក៏​ជា​ជនរងគ្រោះ ក្រោម​អំពើ​ប្រល័យពូជសាសន៍​និង​ការសម្លាប់​រង្គាល​ពី​សំណាក់​កងកម្លាំង​របស់​ស៊ែ​ប​-​បូ​ស្នី​ផងដែរ​។ សង្គ្រាម​នៅ​បូ​ស្នី​ពី​ឆ្នាំ​១៩៩២-១៩៩៥ សម្លាប់​មនុស្ស​ជាង​មួយ​សែន​នាក់ ហើយ​មនុស្ស​ច្រើនជាង​ពីរលាន​នាក់​រត់គេច​ពី​ផ្ទះសម្បែង​របស់ខ្លួន ហើយ​វា​ជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ដ៏​អាក្រក់​បំផុត​នៅ​អឺរ៉ុប​ចាប់តាំងពី​សង្គ្រាមលោកលើកទី​ពីរ​មក​៕       

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​