ជំនួប​ពូ​ទីន​-​ឃែ​រី​៖ រុស្ស៊ី អាមេរិក ផ្អែមល្ហែម​ដាក់គ្នា​ក្នុងការ​ដោះស្រាយ​បញ្ហា​ស៊ី​រី​

 មុន​ចាក​ចេញពី​រុស្ស៊ី ប្រមុខ​ការទូត​អាមេរិក លោក ច​ន ឃែ​រី ហាក់បីដូចជា​ពេញចិត្ត​ចំពោះ​ជំនួប​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ជាង​ពេលណាៗ​ទាំង​រាប់​ចាប់ពី​សង្គ្រាម​អ៊ុយ​ក្រែ​ន​កើតឡើង ហើយ​អាមេរិក​និង​រុស្ស៊ី​ប្តេជ្ញា​ថា​នឹង​បន្ត​សហការគ្នា​ដើម្បី​បញ្ចប់​ជម្លោះ​នៅ​ស៊ី​រី​។ មេដឹកនាំ​ប្រទេស​ទាំងពីរ​ក៏បាន​សរសើរ​គ្នា​ទៅវិញទៅមក​ពាក់ព័ន្ធ​ការដោះស្រាយ វិបត្តិ​នៅ​ស៊ី​រី បញ្ហា​អ៊ុយ​ក្រែ​ន​និង​បញ្ហា​សន្តិសុខ​ផ្សេងទៀត​កន្លងមក​។​

​ក្នុងជំនួប​រយៈពេល​បួន​ម៉ោង​រវាង​ប្រមុខ​ការទូត​អាមេរិក និង​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន គេ​សង្កេតឃើញថា ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​ការកសាង​សន្តិភាព​នៅ​ស៊ី​រី បញ្ហា​ជម្លោះ​អ៊ុយ​ក្រែ​ន​និង​បញ្ហា​សន្តិសុខ​ផ្សេងទៀត​។ អ្វីដែល​សំខាន់​ភាគី​ប្តេជ្ញា​ថា​នឹង​លើកកម្ពស់​កិច្ចសហប្រតិបត្តិការ និង​ទំនាក់ទំនង​ទ្វេភាគី​ដែល​ល្អក់​ករក​កន្លងមក​ដើម្បី​ធានាថា បទ​ឈប់​បាញ់​ស៊ី​រី​មិនត្រូវ​រង​ការរំលោភបំពាន​ពី​ភាគី​។​

​តាមពិតទៅ ប្រមុខ​ការទូត​អាមេរិក​ខាងលើ​មក​ទស្សនកិច្ច​នៅ​រុស្ស៊ី​ជា​លើកទីមួយ​ក្នុងឆ្នាំនេះ ហើយ​ជា​លើក​ទី ៣​ក្នុង​រយៈពេល ១២​ខែ​ចុង​ក្រោយនេះ​។​តែ​ទស្សនកិច្ច​លើក​មុន ហាក់បីដូចជា​មិនសូវមាន​ផ្លែផ្កា ហើយ​បរិ​កាស​នៃ​កិច្ចពិភាក្សា​ក៏មាន​ក៏​អាប់អួរ​ដោយសារ​ជម្លោះ​នៅ​អ៊ុយ​ក្រែ​ន​ផង​។ វត្តមាន​របស់លោក ឃែ​រី លើក​នេះ មាន​គោលដៅ​សំខាន់​គឺ​ជជែក​ជាមួយ​មេដឹកនាំ​រុស្ស៊ី​រឿង​អន្តរកាល​នយោបាយ​និង​អនាគត​ប្រធានាធិបតី បា​សា អាល់​អាសាដ​។

​យោងតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters លោក ច​ន ឃែ​រី បាន​ក្រោយ​ជំនួប​ទ្វេភាគី​ជាមួយ​លោក ពូ​ទីន​ថា​ភាគី​ទាំង​ពីរបាន​ឯកភាពគ្នា​លើ​ការកំណត់​កាលវិភាគ​សម្រាប់​បង្កើត​ក្របខណ្ឌ​ដែល​សម្រួល​ដល់​អន្តរកាល​នយោបាយ​នៅ​ស៊ី​រី និង​បង្កើត​រដ្ឋធម្មនុញ្ញ​ថ្មី​នៅ​ខែសីហា​ខាងមុខ​។

​លោក​បាន​បន្តថា ជំនួប​របស់លោក​ជាមួយ​មេដឹកនាំ​រុស្ស៊ី​ពេលនេះ ជួយ​ឲ្យ​អាមេរិក​យល់បាន​ច្រើន​ពី​ចំណាត់ការ​និង​ការសម្រេចចិត្ត​របស់លោក ពូ​ទីន ក្នុងការ​ដោះស្រាយ​ជម្លោះ​ស៊ី​រី​។ ហើយ​វា​ក៏​ជួយ​ឲ្យ​អាមេរិក​ត្រៀមខ្លួន​ជាមុន​ថា នឹង​បន្តធ្វើ​អ្វី​ទៀត​រួមគ្នា​ជាមួយ​ដៃគូ​ដូចជា​រុស្ស៊ី​នេះ​។ 

១. ចំណង​ទំនាក់ទំនង​រុស្ស៊ី​និង​អាមេរិក​ផ្អែមល្ហែម​ដាក់គ្នា​ឡើងវិញ​...
​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន លោក ឃែ​រី ក៏បាន​ឆ្លៀត​ថ្លែងអំណរគុណ​ប្រធានាធិបតី​រុស្ស៊ី និង​ប្រធានាធិបតី​អាមេរិក​ចំពោះ​ការសហការ​គ្នា​បង្កើត យន្តការ​សម្រាប់​ដោះស្រាយ​ជម្លោះ​រ៉ាំរ៉ៃ​ស៊ី​រី ដោយ​បង្កើត​ក្រុម​អន្តរជាតិ​គាំទ្រ​ស៊ី​រី និង​គាំទ្រ​ដល់​ការចរចា​រក​សន្តិភាព​ស៊ី​រី​ទៀត​។ លោក ឃែ​រី បាន​ទទួលស្គាល់ថា ក្រោយ​ការអនុវត្ត​កិច្ចព្រមព្រៀង​ផ្អាក​សង្គ្រាម ដែល​ចូល​ជា​ធរមាន​តាំងពី​ចុងខែ​កុម្ភៈ​មក​នោះ ហិង្សា​ប្រដាប់អាវុធ​បាន​ថយចុះ​ពី ៨០ ទៅ ៩០​ភាគរយ​ឯណោះ​។

​ហើយ​លោក Lavrov ឯណោះ​វិញ ក៏​សរសើរ​ក្រុង​វ៉ាស៊ីនតោន​ផងដែរ ដោយ​លោក​សន្យាថា រុស្ស៊ី​នឹង​បន្ត​ការសហការ​ជាមួយ​អាមេរិក​ដើម្បី​ធានាថា បទ​ឈប់​បាញ់​ដែល​កំពុងមាន​ជា​ធរមាន​នោះ​នឹង​ទប់ស្កាត់​រាល់​ហិង្សា​ប្រដាប់អាវុធ និង​ឈានដល់​ការបង្កើត​សន្តិ​ភាពជា​អចិន្ត្រៃយ៍​ផង​។ លោក​ទទួលស្គាល់​ពីសារ​សំខាន់​នៃ​កិច្ចសន្ទនា​រវាង​លោក អូ​បា​ម៉ា និង​លោក ពូ​ទីន កាលពី​ថ្ងៃ ១៤ មីនា ពោលគឺ​ក្រោយ​រុស្ស៊ី​បញ្ជា​ឲ្យ​ក្រសួងការពារជាតិ​ដកទ័ព​មួយចំនួនធំ​ចេញពី​ស៊ី​រី​នោះ​។

​ភាគី​ទាំងពីរ​ហាក់​ត្រូវរ៉ូវ​គ្នា​ក្នុង​ការបន្ត​ដោះស្រាយ​បញ្ហា​ជម្លោះ​នៅ​ស៊ី​រី​បច្ចុប្បន្ន ថ្វីបើ​វា​មិនទាន់មាន​ដំណោះស្រាយ​ពេញលេញ​ក៏ដោយចុះ​។ គេ​រំពឹងថា មហាអំណាច​ទាំងពីរ​ដែល​បាន​ជួយ​គូស​ផែនទី​សន្តិភាព​សម្រាប់​ភាគី​ជម្លោះ​ស៊ី​រី​នោះ​នឹង​រួមចំណែក​ដល់​ការគាំទ្រ​កិច្ចចរចា​ជុំ​ទី​២ ដែល​នឹង​ចាប់ផ្តើម​នៅ​ខែក្រោយ បន្ទាប់ពី​ការចរចា​ជុំទីមួយ​នៅ​ហ្សឺ​ណែវ​ដែល​ចាប់ផ្តើម​តាំងពីដើម​ខែមីនា​នេះ​ត្រូវបាន​ស្លេះ​បណ្តោះអាសន្ន​សិន​ម្សិលមិញ​នេះ​។​

​ត្រលប់មក​រឿង​អ៊ុយ​ក្រែ​ន​វិញ រុស្ស៊ី និង​អាមេរិក​ប្តេជ្ញា​ជំរុញ​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង Minsk ឲ្យ​បាន​ពេញលេញ​ដើម្បី​បញ្ចប់​ជម្លោះ​ប្រដាប់អាវុធ​នៅ​ភាគ​ខាងកើត​អ៊ុយ​ក្រែ​ន​។ រុស្ស៊ី​ក៏​ប្រាប់​ប្រមុខ​ការទូត​អាមេរិក​ផងដែរ​ថា ខ្លួន​នឹង​បន្ត​យកចិត្តទុកដាក់​ឃ្លាំមើល​ការអនុវត្ត​កិច្ចព្រមព្រៀង​នេះដែរ​។​

២. រុស្ស៊ី​និង​អាមេរិក​គួរ​ដាក់​សម្ពាធ​លើ​ភាគី​ជម្លោះ មិនមែន​បិទផ្លូវ​ភាគី​ម្ខាង​ឡើយ​
​យ៉ាងណាក៏ដោយ គេ​នៅតែ​មិនទាន់​ដឹង​ច្បាស់​ថា រុស្ស៊ី​នឹង​បន្តធ្វើ​អ្វី​ឲ្យ​ប្រាកដ​ដើម្បី​ជំរុញ​ឲ្យ​ដំណោះស្រាយ​នយោបាយ​និង​អន្តរកាល​នយោបាយ​ផុស​រូបរាង​ឡើយ ព្រោះ​វា​តម្រូវ​ឲ្យ​មាន​ភាគី​ណាមួយ​នៃ​ជម្លោះ​ត្រូវធ្វើ​សម្បទាន​បន្ថែម​។ អ្វីដែល​ក្រុមប្រឆាំង​និង​លោកខាងលិច​ចង់បាន​គឺ​ការចុះ​ចេញពី​អំណាច​របស់លោក អាសាដ ខណៈដែល​រុស្ស៊ី​ចង់​ឲ្យ​ប្រជាជន​ស៊ី​រី​សម្រេច​ខ្លួនឯង​ចុះ​ក្នុងការ​ជ្រើសរើស មេដឹកនាំ​របស់គេ​។

​ប៉ុន្តែ​បើ​បង្ខំ​ឲ្យ​រុស្ស៊ី​ដាក់​គំនៀប​លើ អាសាដ ឲ្យ​ចេញពី​តំណែង សន្តិភាព​ក៏​មិនអាច​កើតឡើង​ដែរ​។ អាសាដ អាច​ដកខ្លួន​បន្ត​ប្រយុទ្ធ​ទៀត ហើយ​រុស្ស៊ី​ក៏​មិន​ព្រម​ឲ្យ​អាមេរិក​យក​ប្រៀប​បង្កើត​សម័យ​អន្តរកាល​នយោបាយ និង​បន្តុប​របប​ដឹកនាំ​ថ្មី​ដែលមាន​ទំនោរ​ទៅរក​ខ្លួន​ដែរ​។ វា​ទាល់តែ​ភាគី​ជម្លោះ​ត្រូវ​ថយក្រោយ​ម្នាក់​មួយ​ជំហាន​ដើម្បី​ឲ្យ​កិច្ចព្រមព្រៀង​សន្តិភាព​ពិតប្រាកដ​មួយ​ផុសចេញ​ឡើយ ហើយ​វា​ចាំ​ណាស់​ថា រុស្ស៊ី​និង​អាមេរិក​ត្រូវដាក់​សម្ពាធ​លើ​ភាគី​ទាំងសងខាង​ដើម្បី​ឲ្យ​ពួកគេ​បន្ទន់ឥរិយាបថ​ទទួល​យក​ចំណុច​ស្នូល​នៃ​កិច្ចព្រមព្រៀង​។​

​ប៉ុន្តែ​យ៉ាងហោចណាស់ ឃែ​រី​ទៅ​រុស្ស៊ី​និង​ឯកភាព​ជាមួយ​មេដឹកនាំ​រុស្ស៊ី​លើ​បញ្ហា​ជាច្រើន​នេះ វា​ជា​វិជ្ជមាន​មិន​ធ្លាប់មាន​។ ហើយក៏​អាច​ថា ចំណង​ទំនាក់ទំនង​ទ្វេភាគី​រវាង​រុស្ស៊ី​និង​អាមេរិក​ត្រលប់​មករក​ភាព​ផ្អែមល្ហែម​បណ្តើរៗ​ឡើងវិញ​ដែរ ចាប់តាំងពី​ជម្លោះ​អ៊ុយ​ក្រែ​ន​កើត​ឡើងមក​នោះ​។ រំពឹង​មើលថា តើ​អាមេរិក​នឹង​អាច​ដក​ទណ្ឌកម្ម​ប្រឆាំង​រុស្ស៊ី​ឬ​អត់បើ​ទំនាក់ទំនង​កាន់តែ​ប្រសើរ ហើយ​កិច្ចចរចា​នៅ​ហ្សឺ​ណែវ​នឹង​កាន់​តែមាន​ផ្លែផ្កា​និង​ផ្តល់​សង្ឃឹម​ច្រើន​សម្រាប់​ប្រជាជន​ស៊ី​រី​នោះ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​