ស៊ី​ជិន​ពីង និង​បា​រ៉ា​ក់ អូ​បា​ម៉ា​នឹង​ជួបគ្នា​ជជែក​បញ្ហា​សមុទ្រ​ចិន​និង​នុយក្លេអ៊ែរ​កូរ៉េខាងជើង​

​លោក​ស៊ី ជិន​ពីង ត្រៀម​ជួប​លោក​បា​រ៉ា​ក់  អូ​បា​ម៉ា នៅ​សប្តាហ៍​ក្រោយ​ក្នុងពេលដែល​លោក​ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​សន្តិសុខ​នុយក្លេអ៊ែរ​នៅក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។ មេដឹកនាំ​ទាំងពីរ​នឹង​ជជែក​ពិភាក្សា​ពី​បញ្ហា​ជាច្រើន​ពាក់ព័ន្ធ​ទំនាក់ទំនង​អាមេរិក​ជាមួយ​ចិន រួមជាមួយ​បញ្ហា​សន្តិសុខ​តំបន់​ផងដែរ​។​

​សប្តាហ៍​ក្រោយនេះ​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ពីង នឹង​អញ្ជើញ​ទៅ​សហរដ្ឋអាមេរិក​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​ស្តីពី​ការមិន​រីកសាយ​ភាព​នៃ​អាវុធ​នុយក្លេអ៊ែរ​រួមជាមួយ​បណ្តា​មេដឹកនាំ​ពិភពលោក​ផ្សេងទៀត​។ នៅក្រៅ​កិច្ចប្រជុំ​លោក នឹង​ជួប​ជជែក​ពិភាក្សា​ជាមួយ​ប្រធានាធិបតី​អាមេរិក លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​សេត​វិមាន មេដឹកនាំ​ទាំងពីរ​នឹង​ជជែក​គ្នា​ពី​បញ្ហា​ជាច្រើន ជាពិសេស​ធ្វើយ៉ាងណា​ជំរុញ​ឲ្យ​មានការ​រឹតបន្តឹង​ចំណងមិត្តភាព​និង​កិច្ច សហប្រតិបត្តិការ​ទ្វេភាគី​សម្រាប់​ពេលអនាគត​។ ក្រៅពីនេះ​គេ​រំពឹង​ផងដែរ​ថា មេដឹកនាំ​មហាអំណាច​ទាំងពីរ​ក៏​នឹង​យក​បញ្ហា​សន្តិសុខ​សកល​ជាច្រើន​ទៅ​ជជែក​និង​ផ្លាស់ប្តូរ​មតិយោបល​គ្នា​ដែរ​។​

​បញ្ហា​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ជា​រឿង​ក្តៅ​ជាងគេ ហើយក៏​ជា​រឿង​ដែល​អាមេរិក​បារម្ភ​បំផុត​ដែរ​។ ស្ថានភាព​ឧបទ្វីប​កូរ៉េ​មិនមាន​ភាព​ធូរស្រាល​ឡើយ ហើយ​របប​ដឹកនាំ​ក្រុង​ព្យុងយ៉ាង​ក៏​កាន់តែ​អុង​អាត់​ខ្លាំង​នៅក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះដែរ​។

​អាមេរិក​ចង់​ពង្រាយ​ប្រព័ន្ធ​ការពារ​ដែនអាកាស​ស៊េរី​ទំនើប​របស់ខ្លួន​ទៅ​កូរ៉េខាងត្បូង​ដើម្បី​ការពារ​ខ្លួន​ឲ្យ​ផុតពី​ការវាយប្រហារ​ក្នុងករណី​ដែលមាន​ការវាយប្រហារ​កើតឡើង​។ ប៉ុន្តែ​ចិន និង​រុស្ស៊ី​មិន​ចង់បាន​បែប​នោះទេ​។ របប​ដឹកនាំ​ក្រុង​ប៉េកាំង​ចង់​ឲ្យ​មានការ​ចាប់ផ្តើម​សន្ទនា​គ្នា​ឡើងវិញ​ក្នុង​វេទិកា​ភាគី ៦ ដែល​ជាប់គាំង​កន្លងមក​នោះ ហើយ​ចាត់ទុកថា ការពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​របស់​អាមេរិក​នឹង​ប៉ះពាល់​ខ្លាំង​ដល់​សន្តិសុខ​ខ្លួន​។​

​ក្រៅពីនេះ បញ្ហា​សមុទ្រ​ចិន​ខាងត្បូង ក៏​ប្រហែលជា​នឹង​ក្លាយជា​ប្រធានបទ​សំខាន់​នៃ​កិច្ចពិភាក្សា​រវាង​លោក ស៊ី ជិន​ពីង និង​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ផងដែរ​។​សកម្មភាព​វាតទី​និង​យោ​ធូប​នីយកម្ម​របស់​ចិន​នៅក្នុង​តំបន់​ជម្លោះ​ក្លាយជា​រឿងចម្រូងចម្រាស​និង​បង្ខំ​ឲ្យ​អាមេរិក​ងាក​មក​ផ្តោតលើ​បញ្ហា​នេះ​កាន់តែខ្លាំង​។ អាមេរិក ក្រោម​គោលនយោបាយ​ត្រលប់មក​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​វិញ​នោះ ព្យាយាម​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ប្រទេស​ជា​មិត្ត​ក្នុង​តំបន់​ជាពិសេស​ភាគី​ជម្លោះ​ជាមួយ​ចិន និង បង្កើន​វត្តមាន​យោធា​របស់ខ្លួន​នៅក្នុង​តំបន់​កាន់តែច្រើន​ទៀត​។​

​ប៉ុន្តែ យ៉ាងណាក៏ដោយ គេ​រំពឹងថា ជំនួប​ទល់មុខ​គ្នា​ខាងមុខនេះ នឹង​ផ្តល់ឱកាស​ពិសេស​សម្រាប់​មេដឹកនាំ​ទាំងពីរ​ក្នុងការ​ស្វែងយល់​ពី​បញ្ហា​ប្រឈម​បច្ចុប្បន្ន ហើយ​និង​ស្វែងរក​យន្តការ​ក្នុង​ការធានា​កិច្ចសហប្រតិបត្តិការ​និង​ទំនាក់ទំនង​ទ្វេភាគី​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​