កម្មករលើកផ្លែដូង ២នាក់ ត្រូវចរន្តភ្លើង ឆ្លងឆក់ស្លាប់ នៅក្រុងប៉ៃលិន

ភ្នំពេញ៖ បុរស២នាក់ ជាកម្មករស៊ីឈ្នួល លើកដូងឲ្យគេ នៅវេលាម៉ោង៩និង៨នាទី ព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ដែលហេតុការណ៍នេះ បានឡើងស្ថិត ក្នុងភូមិអូរច្រាកណ្ដាល សង្កាត់ទួលល្វា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

យោងតាមអគ្គស្នងការនគរបាលជាតិ បានឲ្យដឹងថា ជនរងគ្រោះទី១ឈ្មោះ ខន ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិជ្រៃ ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង បច្ចុប្បន្ន មកស្នាក់នៅផ្ទះយាយញ៉ាញ់ ស្ថិតក្នុភូមិកើតហេតុខាងលើ មុខរបរកម្មករ និងឈ្មោះ ឡា ភេទប្រុស អាយុ២៨ឆ្នាំ មានស្រុកកំណើតនៅភូមិចក ឃុំរហាត់ទឹក ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ស្នាក់នៅផ្ទះយាយញ៉ាញ់ ស្ថិតក្នុភូមិកើតហេតុខាងលើ មុខរបរកម្មករ ។

សមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះចងតង់បាំង បោះផ្លែដូងពីលើរថយន្ត ដោយយកបង្គោល​ដែកទីប ចងភ្ជាប់ទៅនឹងដើមម្ខុប ។ ពេលបង្គោលនោះដួលគងលើខ្សែភ្លើង នៅតាមដងផ្លូវ ហើយពេលនោះ ជនរងគ្រោះទាំង២នាក់ ទៅចាប់ទាញមកចងម្តងទៀត បណ្តាលឲ្យឆ្លងចរន្ត ឆក់ស្លាប់ទាំង២នាក់ ភ្លាមៗតែម្តង ។ បច្ចុប្បន្ន សាកសពជនរងគ្រោះទាំង ២នាក់ ម្ចាស់ផ្ទះ (យាយញ៉ាញ់) កំពុងរៀបចំបញ្ជូនទៅ ស្រុកកំណើតវិញ ដើម្បីធ្វើ​បុណ្យតាមប្រពៃណី ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត