(UPDATE) ថ្ងៃ​ចូល​រោងការ​ បាត់​កូនក្រមុំ​ពេញ​១​ថ្ងៃ​ មេបា​ចត់​មាត់

ខេត្តកំពង់ឆ្នាំង ៖ មានការ​ភ្ញាក់ផ្អើល​មួយ​បាន​កើតឡើង​នៅ​ភូមិ​ថ្មី ឃុំ​ចោ​ង​ម៉ោង ស្រុក​ទឹកផុស ដោយសារ​ ធ្វើ​អោយ​ក្រុម​គ្រួសារ​ចែកផ្លូវ​គ្នា​ស្វះ​ស្វែងរក​គ្រប់​ច្រកល្ហក និង​បាន​កាន់​រូបថត​កូនក្រមុំ​ជា​ច្រើន​សន្លឹក​ទៅ​ដាក់​តាម​នគរ​បាល​ប៉ុស្តិ៍ ស្រុក​ និង​ក្រុង​ ដើម្បី​អោយ​ជួយ​រក ។

ហេតុ​ការ​ណ៏​នេះ​បាន​កើតឡើង​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា ។ តែ​ទោះ​យ៉ាងណា​កូនក្រមុំ​រូប​នោះ​ត្រូវ​បាន​រក​ឃើញ​វិញ​នៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល នៅ​ចំណុច​បរិវេណ​វិទ្យាល័យ​ស្រុក​ទឹកផុស ក្នុង​អាកា​រៈ​រវើរវាយ ដែល​តាម​ការ​អះអាង​ពី​ក្រុម​គ្រួ​សារបាន​ប្រាប់​ថា នាង​ត្រូវ​ថ្នាំ​សណ្តំ​គេ និង​បាត់​អស់​គ្រឿងអលង្ការ​ ។

មន្ត្រី​នគរបាល​ស្រុក​ទឹកផុស​បានអោយ​ដឹង​ថា កូនក្រមុំ​រូប​នោះ​មានឈ្មោះ ជា សា​វី អាយុ​១៩​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ខាងលើ ។ ពី​ធី​មង្គលការ​នេះ​ចាប់ផ្តើម​សូត្រ​មន្ត​ចូល​រោង​នៅ​រសៀល​ថ្ងៃ​ទី​២៣ មីនា និង​ព្រឹក​ឡើង​ត្រូវធ្វើ​ពិធីហែជំនូន​ចូល​រោងការ ។ ប៉ុន្តែ​នៅ​ព្រឹក​ថ្ងៃ​ទី​២៣ មីនា​កូនក្រមុំ​ និង​ក្រុម​គ្រួ​សារបាន​មក​ផ្សារ​ស្រុក​ទឹកផុស ដើ​ម្ប​រក​ទិញ​របស់របរ​មួយ​ចំនួន ស្រាប់តែ​ពេល​រៀបនឹង​ត្រឡប់​ទៅ​វិញ ក៏​បាត់​កូនក្រមុំ​រហូត​តែ​ម្តង ធ្វើ​អោយ​ក្រុម​គ្រួសារ​ជ្រួលច្របល់​គ្រប់​គ្នា ហើយ​បាន​តាម​រក​គ្រប់​ទីកន្លែង ។ ក្រុម​គ្រួសារ​ក៏​បាន​យក​រូបថត​ដាក់​តាម​នគរបាល​គ្រប់កន្លែង ក្នុង​នោះ​នគរបាល​ក្រុង​កំពង់ឆ្នាំង ក៏​ទទួល​បាន​រូបថត​កូនក្រមុំ​មួយ​សន្លឹក​ដែរ ។ នគរបាល​ក៏​បាន​ចេញ​ស្ទាក់​គ្រប់កន្លែង តាម​ផ្ទះសំណាក់​ក៏​ត្រូវ​តាម​រក​ដែរ តែ​ពុំ​ទទួល​បាន​ល​ទ្ឋ​ផល​ឡើយ ។ ទីបំផុត​ក៏​បាន​ទទួល​ដំណឹង​ថា ក្រុម​គ្រួសារ​បាន​រក​ឃើញ​ហើយនៅ​វេលា​ម៉ោង​១១​យប់​ថ្ងៃ​ដដែល នៅ​ក្នុង​បរិវេណ​វិទ្យាល័យ​ស្រុក​ទឹកផុស ។ 

បើ​តាម​ការ​អះអាង​ពី​បុរស​ម្នាក់​ដែល​ប្រាប់​ថា​ត្រូវជា​បងជីដូនមួយ​កូនក្រមុំ បានអោយ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​យប់​ក្រុម​គ្រួសារ​កូនក្រមុំ​បាន​ទទួល​ទូរ​សព្ទ័​ពី​កូនក្រមុំ តែ​និយាយ​មិន​ច្បាស់​ក្នុង​ភាព​រវើរវាយ​ម្តង​ថា នៅ​ត្រង់នេះ ម្តង​ថា​នៅ​ត្រង់នោះ និង​ចុង​ក្រោយ​ថា នៅ​សាលារៀន ទើប​ក្រុម​គ្រួ​សារបាន​ទៅ​រក​ឃើញ​នៅ​សាលារៀន​មែន តែ​នាង​ទន់​ខ្លួន​រវើរវាយ និង​បាត់​អស់​គ្រឿងអលង្ការ​ពី​ខ្លួន ។ ហេតុនេះ​ហើយ ទើប​ក្រុម​គ្រួសារ​សន្និដ្ឋាន​ថា ត្រូវ​ថ្នាំ​សណ្ដំ​គេ​ដោះ​យក​គ្រឿងអលង្ការ ។ បន្ទាប់​មក​ក៏​បាន​យក​មក​មន្ទីរពេទ្យ ។ ចំណែក​មន្ទីរពេទ្យ​ក៏​មិន​បាន​សន្និដ្ឋាន​ឪ្យ​បាន​ច្បាស់លាស់​ដែរ ព្រោះ​រឿង​ត្រូវ​ថ្នាំ​សណ្ដំ វា​ហួស​ពី​ជំនឿ​របស់​សម្ថ​កិច្ច​ និង​គ្រូពេទ្យ ។ ប្រភព​ដដែល​បាន​បន្ត​ថា ពី​ធី​មង្គលការ​ត្រូវ​កាត់​ខ្លះ​ៗ ដោយ​ខាន​សូត្រ​មន្ត​ចូល​រោង​ពី​ល្ងាច និង​ពី​ធី​ហែ​ជំនូន ក៏​ត្រូវ​លើក​មក​ធ្វើ​ពិធី​ដង្ហែ នៅ​ម៉ោង​១០​និង​៣០​នាទី​វិញ ដែល​តាម​ធម្មតា​ហែ​ជំនូន​នៅ​វរ​លា​ម៉ោង​៧​ព្រឹក ហើយពី​ធី​មង្គលការ​ក៏​បាន​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា​វិញ ដោយ​ខាង​កូនកំលោះ​ព្រម​តាម​ទាំងអស់ ធ្វើ​ម៉េច​បើ​វា​អីចឹង​ទៅ​ហើយ​មាន​អ្នក​ណា​ចង់ ។ ទោះបី​មានការ​បកស្រាយ​ពី​ក្រុម​គ្រួសារ​យ៉ាងនេះ​ក្តី ក៏​មានការ​លើក​ឡើង​ពី​មជ្ឈដ្ឋាន​នានា និង​ពី​សមត្ថកិច្ច​នគរបាល​ថា មិន​គួរ​មានរឿង​នេះ​កើតឡើង​ឡើយ ។ តាម​ចាស់​បុរាណ​តែង​ប្រាប់ត​ៗ​គ្នា​ថា កូន​កំលោះ កូនក្រមុំ មុន​ថ្ងៃ​ចូល​រោងការ​មិន​ត្រូវធ្វើ​អ្វី​ឡើយ ហាម​ធ្វើ​ដំណើរ ទោះ​ជិត​ក្ដី​ឆ្ងាយ​ក្ដី ឱ្យ​នៅ​តែ​ផ្ទះ​ដែល​គេ​ហៅ​ថា​ចូល​ម្លប់ ។ ពិសេស​ការ​កាន់​កាំបិត ពូថៅ​កាប់​នេះ​កាប់​នោះ​ក៏​ហាម​ដែរ ព្រោះ​ខ្លាច​មុត​ដៃ​មុត​ជើង​ខាន​បានការ និង​ម្យ៉ាងវិញទៀត​ការ​ដើរហើរ​ទៅ​ណា​ឆ្ងាយ​ពី​ផ្ទះ ក៏​ត្រូវ​បាន​ហាមឃាត់​ដែរ គឺ​ត្រូវ​តាម​មើលថែ​មួយ​ចប់ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត