គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី​២៤ ខែ​មីនា​កើតឡើង​៨​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់

គ្រោះថ្នាក់​ចរាចរណ៍​ថ្ងៃ ទី​២៤ ខែ​មីនា​កើតឡើង​៨​លើក​បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់



ភ្នំពេញ ៖ យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​ឲ្យ​ដឹងថា កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំង​ប្រទេស​កើតឡើង​ចំនួន ៨​លើក ក្នុង​នោះ​យប់ ៦​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់ ៣​នាក់ ( ប្រុស ) រងរបួស​ធ្ងន់ ៤​នាក់ ( ស្រី ១​នាក់ ) និង​របួសស្រាល ៦​នាក់ ( ស្រី ២​នាក់ )។

នៅ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ទាំង ៨​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប ចំនួន ១៥​គ្រឿង រួមមាន ម៉ូតូ​ចំនួន ១០​គ្រឿង រថយន្ត​ធុន​តូច ចំនួន ៣​គ្រឿង និង​រថយន្ត​ធុន​ធំ​ចំនួន ២​គ្រឿង។

ប្រភព​ព័​ត៌​មាន​ដដែល​ប្រាប់​បន្ត​ឲ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន ល្មើស​ល្បឿន ២​លើក ,​ស្រវឹង ១​លើក , មិន​គោរព​សិទ្ធិ ២​លើក​, បត់​គ្រោះថ្នាក់ ២​លើក និង​កត្តា​យានយន្ត ១​លើក។ ក្នុង​នោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍ ១០​នាក់ ( ថ្ងៃ )។

គ្រោះ​ថ្នាក់លើ​ដង​ផ្លូវ រួមមាន ផ្លូវជាតិ ចំនួន ៦​លើក និង​ផ្លូវ​ខេត្ត​/​ក្រុង ចំនួន ២​លើក។ យានយន្ត​បង្កហេតុ រួមមាន ម៉ូតូ ៦​លើក រថយន្ត​ធុន​តូច ១​លើក និង​រថយន្ត​ធុន​ធំ ១​លើក។

យោង​តាម​របាយការណ៍​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់​បន្តទៀត​ឲ្យ​ដឹង​ថា ខេត្ត រាជធានី ដែល​មាន​គ្រោះថ្នាក់ និង​រងគ្រោះថ្នាក់​ច្រើន រួមមាន ខេត្ត​ព្រះសីហនុ ២​លើក ស្លាប់ ១​នាក់ ស្លាប់ ១​នាក់ របួស ២​នាក់ ខេត្ត​កំពង់ស្ពឺ ១​លើក ស្លាប់ ១​នាក់ ខេត្ត​ត្បូងឃ្មុំ ១​លើក ស្លាប់ ១​នាក់ និង ខេត្ត​កំពត ២​លើក របួស ៤​នាក់ ( ស្រី ១​នាក់ ) ។​

ប្រភព​ព័​ត៌មាន​ពី​នាយកដ្ឋាន​សណ្តាប់ធ្នាប់ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​ប្រាប់ ​បញ្ជាក់​ឲ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​២៤ ខែមីនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក​ឃើញ​ថា យានយន្ត​ដែល​ល្មើស​សរុប​ទូទាំង​ប្រទេស​មាន ចំនួន ៦៧៩៩​គ្រឿង ក្នុង​នោះ​បាន​ធ្វើ​ការអប់រំ​ចំនួន ៣០០២​គ្រឿង និង​ពិន័យ​សរុប ៣៧៩៧​គ្រឿង៕