នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​១១​គ្រួសារ​រស់នៅ​សង្កាត់​ក្រាំង​ពង្រ

នាំ​យក​អំណោយ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​១១​គ្រួសារ​រស់នៅ​សង្កាត់​ក្រាំង​ពង្រ



ភ្នំពេញ ៖ លោក នុត ពុធ​ដា​រ៉ា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌដង្កោ និង​ជា​ប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហម​កម្ពុជា​ខ​ណ្ឌ​ដង្កោ បាន​នាំយក​អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហមកម្ពុជា ទៅ​ចែក​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ១១​គ្រួសារ រស់នៅ​សង្កាត់​ក្រាំង​ពង្រ ខណ្ឌដង្កោ កាល​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦។

ក្នុង​ឱកាស​ជួប​ជាមួយ​បងប្អូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទាំង​១១ លោក នុត ពុធ​ដា​រ៉ា បាន​ធ្វើ​ការ​ផ្តាំផ្ញើ​ការសាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ និង​បាន​លើក​ឡើង​ពី​ការ​យក​ចិត្តទុកដាក់​របស់​សម្តេច​ដល់​ការ​លំបាក​របស់​បងប្អូន ដែល​ជា​និច្ចកាល​សម្តេច​បាន​ផ្តាំផ្ញើ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់​ថ្នាក់​យកចិត្តទុកដាក់ និង​រាយការណ៍​អំពី​បញ្ហា ការ​លំបាក និង​តម្រូវការ​របស់​បងប្អូន​ប្រជាពលរដ្ឋ ជាពិសេស​ជន​ក្រីក្រ ជន​ងាយ​រងគ្រោះ កុមារ​កំព្រា អ្នក​ផ្ទុក​មេរោគ​អេដស៍ ជំងឺអេដស៍ ចាស់ជរា និង​អ្នក​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ។

ជាមួយគ្នា​លោក​អភិបាល​ក៏បាន​ពាំនាំ​នូវ​ការ​យក​ចិត្តទុកដាក់​ផង​ដែរ​របស់ លោក ប៉ា សុជាតិវង្ស អភិបាល​រាជធានី​ភ្នំពេញ និង​ជា​ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​រាជធានី​ភ្នំពេញ។

ឆ្លៀត​ក្នុង​ឱកាស​នោះ​លោក នុត ពុធ​ដា​រ៉ា ក៏បាន​ផ្តាំ​ផ្ញើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​ចេះ​ថែរក្សា​សុខភាព តាមរយៈ​ការ​ហូប​ស្អាត ផឹក​ស្អាត រស់នៅ​ស្អាត អនាម័យ​ការរស់នៅ ដើម្បី​ឲ្យ​មាន​សុខ​ភាពល្អ រស់នៅ​បាន​យូរ​អង្វែង បន្ត​រង់​ចាំ​មើល​ការ​អភិវឌ្ឍ​រីកចម្រើន​របស់​ប្រទេសជាតិ ក្រោម​ការដឹកនាំ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា។

សូម​បញ្ជាក់​ឲ្យ​ដឹង​ថា អំណោយ​ដែល​ត្រូវ​យក​ទៅ​ចែក​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ក្រី​ក្រទាំង ១១​គ្រួសារ ដោយ​ក្នុង ១​គ្រួសារ​ទទួល​បាន អង្ករ ទម្ងន់ ៣០​គីឡូក្រាម មី ១​កេស ត្រីខ ១០​កំប៉ុង ឃី​ត ១​កញ្ចប់ ( មុង​១ ភួយ​១ ក្រមា​១ សា​រ៉ុង​១ ) និង​ថវិកា​ចំនួន ៣​ម៉ឺន​រៀល​ផង​ដែរ៕