អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​សៀវភៅ​គ្រួសារ គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​

អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​សៀវភៅ​គ្រួសារ គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​



កំពត ​៖​ ​លោក​ចាន់ ចេស្ដា​ អភិបាល​ នៃ​គណៈ​អភិបាលខេត្ត​កំពត ​ដែល​ទើប​តែ​​ឡើង​កាន់​តំណែង​ថ្មី​បាន​មាន​ប្រសាសន៍​លើក​​ឡើង​ថា អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ និង​សៀវភៅ​គ្រួសារ គឺជា​វត្ថុ​ដ៏​មាន​តម្លៃ​បំផុត​សម្រាប់​​ប្រជាពលរដ្ឋ​ខ្មែរ ដែល​មិន​ត្រូវ​យក​ទៅ​ដាក់​បញ្ចាំ​​ដើម្បី​ខ្ចី​លុយ​ពី​អង្គការ ឬ​ ធនាគារ​ណា​មួយ​ឡើយ​ និង​សូម​ឲ្យ​ឲ្យ​សមត្ថកិច្ច​ជំនាញ​នៅ​ក្នុង​ខេត្ត​កំពត​ទាំង​អស់ ​ត្រូវ​មាន​វិធាន​ជាបន្ទាន់ ​ចំពោះ​បញ្ហា​ខាង​លើ​នេះ។

លោក​អភិបាលខេត្ត​បាន​មាន​ប្រសាសន៍​លើក​​ឡើង​បែបនេះ ក្នុង​ឱកាស​ដែល​​​បាន​​អញ្ជើញ​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាកបាទ​ក្រហម​កម្ពុជា ឧបត្ថម្ភ​ដល់​គ្រួសារ​ ដែល​រងគ្រោះ​ដោយសារ​ភ្លើង​ឆេះ​ផ្ទះ​អស់​​នៅ​ថ្ងៃ​ទី ២៤ ខែ​មីនា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​ភូមិ​ដើម​ពោធិ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ខេត្តកំពត ។​

អំណោយ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន រ៉ានី ហ៊ុន សែន​ដែល​ឧបត្ថម្ភ​ដល់​គ្រួសារ​រងគ្រោះដោសារ​ភ្លើង​ឆេះ​ផ្ទះ រួមមាន​៖ អង្ករ​៥៥​គី​ឡូ​ក្រាម មី​២​កេស ទឹកត្រី​១​យួរ ស្ដង់​១ កន្ទេល​២ ភួយ​២ មុង​២ ក្រ​ម៉ា​២ និង ថវិកា​ចំនួន ១៨០០០០០៛ (​មួយ​លាន​ប្រាំបី​សែន​រៀល​) ។​

សូម​បញ្ជាក់​ថា ផ្ទះ​ដែល​ឆេះ​មាន​ទំហំ​៥×៦​ម៉ែត្រ ធ្វើ​អំពី​​ឈើ​ផុតពី​ដី ប្រក់​ស័ង្កសី ជញ្ជាំង​ស្លឹក កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃទី ២៣ ខែមីនា ឆ្នាំ​២០១៦ ដោយសារ​ដុត​ភ្លើង​ដាំទឹក​ទុកចោល នៅ​ចំណុច​ភូមិ ដើម​ម​ពោធិ ឃុំ​ចំប៉ី ស្រុក​អង្គរជ័យ ដែលមាន​ម្ចាស់ផ្ទះ ឈ្មោះ អោក ចន្ថា ( ប្ដី ) អាយុ ៣៤ ឆ្នាំ មុខរបរ កសិករ មាន​ប្រពន្ធ​ឈ្មោះ ងី​ម រ​ម្ស អាយុ ៣១ ឆ្នាំ មុខរបរ កសិករ និង​មាន​កូន​បន្ទុក​ចំនួន​៧​នាក់ ព្រម​ទាំង​ម្ដាយ​ចាស់ជរា​ម្នាក់​ផងដែរ៕

​​