សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹក​ដំឡូង​បង្កប់​ឈើ​ជាច្រើន​ម៉ែត្រ​គូប

សមត្ថកិច្ច​បង្ក្រាប​រថ​យន្ត​យី​ឌុប​ដឹក​ដំឡូង​បង្កប់​ឈើ​ជាច្រើន​ម៉ែត្រ​គូប



ក្រចេះ ៖ រថយន្ត​យី​ឌុប​ដឹក​ឈើ​អារ​ជិត​ពេញ មាន​គ្រប​ដំឡូង​មី​ពី​លើ ត្រូវ​បាន​សមត្ថកិច្ច​ខេត្ត​ក្រចេះ ចាប់​បង្ក្រាប​បាន​កាលពី​រសៀល​ថ្ងៃ​ទី​២៤ ខែ​មិនា ឆ្នាំ​២០១៦ នៅលើ​ផ្លូវជាតិ​លេខ​៧​ត្រង់ចំណុច​ជិត​ហាង​បាយ​លី​លី ស្ថិត​ក្នុង​ស្រុក​ចិត្រ​បុរី ខេត្តក្រចេះ។

តាម​ការ​ឲ្យ​ដឹង​ពី​ក្រុម​សមត្ថកិច្ច​បាន​បង្ហើប​ឲ្យ​ដឹង​ថា រថយន្ត​យី​ឌុប មួយ​គ្រឿង​នេះ បាន​ដឹក​ឈើ​ចេញពី​ចំណុច​ច្រក​ផ្លូវ​ក្រុមហ៊ុន​ដុង​ណាយ ដុង​ហ្វូ ដែល​មាន​ទីតាំងនៅ​ឃុំ​អូ​គ្រៀង ស្រុក​សំបូរ ហើយ​ត្រូវ​បាន​គេ​តាមដាន​ដឹង បន្ទាប់ពី​រថយន្ត​មួយគ្រឿង​នេះ​កន្លងទៅ​ពេល​ថ្មីៗ​នេះ​ធ្លាប់បាន ដឹកឈើ​បែបនេះ​ក្នុង​រូបភាព​ដាក់​ដំឡូង​មី​បន្តិច​ពីលើ ឬ​ផ្លាស់​ប្តូរ​ស្លាក​លេខ​ជា​ច្រើនដង ដើម្បី បំភាន់​ភ្នែក​សមត្ថកិច្ច។

ដោយ​មាន​ការសង្ស័យ ទើប​សមត្ថកិច្ច​រួម​នឹង​មន្ត្រី​ជំនាញ​រដ្ឋបាល​ព្រៃឈើ ធ្វើ​ការ​ឃាត់​ឆែកឆេរ ក៍​ឃើញ​មាន​ផ្ទុក​ឈើ អារ​ជាច្រើន​ម៉ែត្រ​គូប និង​បាន​នាំ​យក​ទៅ​រក្សាទុក​ថ្នាល​បណ្តុះ​កូនឈើ​ខ្សា​រ ដើម្បី​ធ្វើការ​វាស់វែង។

ជាមួយនឹង​ការ​បង្ក្រាប​នោះ​សមត្ថកិច្ច​មិនបាន​ចាប់​ឃាត់​ជនណា​ម្នាក់​នោះ​ទេ ហើយ​តាម​ការ​លួច​បង្ហើប​ពី​ក្រុម​សមត្ថកិច្ច​មួយ​ចំនួន​ថា រថយន្ត​ដឹកឈើ​មួយគ្រឿង​នេះ​ជា​របស់​ថៅកែ​ឈ្មោះ ទ្រី ប៉ុន្តែ​រហូតមកដល់​ពេលនេះ​នៅ​មិនទាន់​អ្នកណា​ចេញមុខ​នោះទេ។

លោក ប៊ួ​យ រតនា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ​ក្រចេះ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​២៥​នេះ​ថា រហូតមកដល់​ពេលនេះ​នៅ​ទាន់​ដឹង​ថា ឈើ​នោះ​មាន​ចំនួន​ប៉ុន្មាន​នោះ​ទេ ដោយ​សមត្ថកិច្ច​កំពង់ធ្វើការ​វាស់វែង។ លោក​ថា ចំពោះ​ចំណាត់​បន្ត​បន្ទាប់ពី​ធ្វើ​វាស់​វែង​ចប់ និង​មានការ​ស្រាវជ្រាវ​រក​ម្ចាស់​ឲ្យ​ចូល​ខ្លួន​មក​ដោះស្រាយ ហើយ​បើ​ម្ចាស់​នៅតែ​មិន​ចូលខ្លួន​ទេ សមត្ថកិច្ច​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ ដើម្បី​ចាត់​ទៅតាម​នីតិ​វិធី​ច្បាប់៕