ពេលរមួល ពងស្វាសគួរ ព្យាបាលដូច ម្តេចទៅ?

ការរមួលពងស្វាសកើតឡើងដោយសារតែបំពង់បញ្ចេញទឹកកាមនិងឈាម (Spermatic Cord) ដែលចេញពីពងស្វាសទៅលិង្គរមួលចូលគ្នា ដែលជាហេតុ នាំឲ្យកាត់បន្ថយ លំហូរឈាមភ្លាមៗ និងបង្កជាការហើម និងឈឺចាប់ធ្ងន់ធ្ងរ។

ការរមួលពងស្វាសកើតញឹកញាប់បំផុតគឺលើបុរសអាយុចាប់ពី ១២ឆ្នាំទៅ១៦ឆ្នាំ ប៉ុន្តែវាក៏អាចកើតលើបុរសគ្រប់វ័យផងដែរទោះបីជាទារកមិនទាន់កើតក៏ដោយ។
ការរមួលពងស្វាសជាធម្មតាត្រូវការព្យាបាលដោយវះកាត់ជាបន្ទាន់។ បើសិនព្យាបាលបានលឿន ពងស្វាសអាចនឹងសង្គ្រោះបាន ប៉ុន្តែបើសិនជាលំហូរឈាមកាត់ផ្តាច់យូរពេក វាប្រហែលជាអាចឲ្យពងស្វាសនោះខូច ហើយត្រូវកាត់ចោលតែម្តង។

ករណីខ្លះ គ្រូពេទ្យប្រហែលជាអាចដោះការរមួលរបស់ពងស្វាសនោះបាន តាមរយៈការរុញពីក្រៅពងស្វាស។ ប៉ុន្តែអ្នកនៅតែត្រូវការវះកាត់ដើម្បីបង្ការកុំឲ្យកើតឡើងលើកក្រោយទៀត។ ការវះកាត់ពងស្វាសដែលរមួលបែបនេះច្រើនតែធ្វើឡើងដោយការប្រើថ្នាំសណ្តំឲ្យអ្នកជំងឺសន្លប់តែម្តង។ ដល់ពេលវះកាត់ គ្រូពេទ្យនឹងវះបើកស្បែកពងស្វាសដ៏តូចមួយ ដើម្បីរលាបំពង់ក្នុងពងស្វាសដែលរមួលនោះចេញ ហើយបើសិនជាចាំបាច់ គាត់នឹងដកពងស្វាសមួយ ឬទាំងពីរបន្ថែមទៀត។

កាលណាពងស្វាសរលាវិញកាន់តែលឿន ឱកាសនៃការសង្គ្រោះកាន់តែច្រើនដែរ។ ការប្រឈមមុខដែលអ្នកនឹងត្រូវកាត់ពងស្វាសចោលនោះគឺមានរហូតដល់ ៥ភាគរយនៅពេលការព្យាបាលធ្វើឡើងនៅរយៈពេល ៦ម៉ោងក្រោយចាប់ផ្តើមឈឺ។ ការប្រឈមនេះកាន់តែឡើងខ្ពស់ដល់ ៩០ភាគរយ នៅពេលពន្យាពេលព្យាបាលនៅ ៤៨ម៉ោងក្រោយឈឺ។

ការរមួលពងស្វាសលើទារកទើបនឹងកើត
ការរមួលពងស្វាសអាចក៏អាចកើតលើទារកទើបនឹងកើតដែរទោះបីវាជារឿងកម្រក៏ដោយ។ ពងស្វាសរបស់ទារកទើបនឹងកើតប្រហែលជារឹង, ហើម ឬមានពណ៌ខ្មៅ។ ការថតអេកូប្រហែលជាមិនអាចរកឃើញលំហូរឈាមទៅក្នុងថង់ពងស្វាសរបស់គេឡើយ ដូច្នេះការវះកាត់ប្រហែលជាត្រូវធ្វើដើម្បីបញ្ជាក់ថាមានរមួលពងស្វាសឬអត់។

ការព្យាបាលអាការៈរមួលពងស្វាសលើទារកទើបនឹងកើតនៅតែជារឿងខ្វែងគំនិតគ្នានៅឡើយទេ។ បើសិនជាក្មេងប្រុសកើតមកមានសញ្ញានៃការរមួលពងស្វាសមែន វាប្រហែលជាយឺតពេលហើយក្នុងការវះកាត់បន្ទាន់ ហើយក៏មានការប្រឈមមុខច្រើនជាមួយនឹងការប្រើថ្នាំឲ្យសន្លំ។ ប៉ុន្តែពេលខ្លះ ការវះកាត់បន្ទាន់អាចសង្គ្រោះពងស្វាសបានដែរ ហើយក៏មិនឲ្យពងស្វាសនោះរមួលបានទៀតដែឬ។ ការព្យាបាលជំងឺនេះលើទារកទើបនឹងកើតប្រហែលជាអាចបង្ការកុំឲ្យមានបញ្ហាជាមួយនឹងការផលិតអ័រម៉ូនភេទ និងលទ្ធភាពនៃការមានកូននាពេលអនាគត់បាន៕

ពេលរមួល ពងស្វាសគួរ ព្យាបាលដូច ម្តេចទៅ?

ប្រភពពី៖http://www.health.com.kh/