ជិះ​ម៉ូតូ​លឿន​ពេក​បុក​បង្គោល​ភ្លើង ស្លាប់​ម្នាក់ របួសធ្ងន់​ស្រាល​២​នាក់

ខេត្តកំពង់ឆ្នាំង ៖ យុវជន​ម្នាក់​បាន​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង និង​២​នាក់​ទៀត​បាន​រង​របួសធ្ងន់​ស្រាល ក្នុងហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​មួយ​ដែល​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៤​និង​៤៥​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមីនា ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ​៩១ ស្ថិត​នៅ​មុខ​មន្ទីរ​ទំនាក់ទំនង​ព្រឹទ្ធសភា និង​រដ្ឋសភា ក្រុង​កំពង់ឆ្នាំង ខណៈ​ដែល​ជន​រង​គ្រោះ​ទាំង​៣​នាក់ ជិះ​ម៉ូតូ​ក្នុង​ល្បឿន​លឿន ជ្រុល​ទៅ​បុក​នឹង​បង្គោល​ភ្លើង​។

សមត្ថកិច្ច​នគរបាល​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់ បាន​ជិះ​ម៉ូតូ​ម៉ាក​ស្គូ​ពី ពណ៌​ស ពាក់​ស្លាក​លេខ កំពង់ឆ្នាំង  1E-4778 ធ្វើ​ដំណើរ​ពី​ជើង​ទៅ​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន លុះ​មក​ដល់​មុខ​សាលាខេត្ត​បាន​បើក​​វ៉ា​រថយន្ត​មួយ​គ្រឿង តែ​ដោយសារ​ម៉ូតូ​មាន​ល្បឿន​លឿន​ពេក និង​ជា​ចំណុច​ផ្លូវ​កោង​ផង បត់​មិន​ទាន់​រូ​ច​ក៏​ជ្រុល​ទៅ​បុក​បង្គោល​ភ្លើង​ខាងស្តាំ​ដៃ បណ្តាល​ឱ្យ​ស្លាប់​អ្នកបើកបរ​នៅ​នឹង​កន្លែង និង​ម្នាក់​ទៀត​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ ដោយ​មិនដឹង​ថា​អាច​មាន​សង្ឃឹម​រស់ ឬ​យ៉ាងណា​នោះ​ទេ ចំណែក​ម្នាក់​ទៀត​បាន​រង​របួសស្រាល​។

ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា ជន​រង​គ្រោះ​ទាំង​៣​នាក់ ១-​ឈ្មោះ ជឹ​ម តុលា អាយុ​២៦​ឆ្នាំ ស្លាប់​នៅ​កន្លែង​កើតហេតុ ២-​ឈ្មោះ គឹ​ម ម៉េ​ង​ស្រី អាយុ​២៦​ឆ្នាំ រង​របួសធ្ងន់ និង​៣-​ឈ្មោះ អាន ចាន់​ថេ​ន អាយុ​២២​ឆ្នាំ រង​របួសស្រាល ទាំង​៣​នាក់​មាន​ទីលំនៅ​ភូមិ​ផ្សា​រលើ សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ ដើម្បី​សង្គ្រោះ​បន្ទាន់ ចំណែក​សព​ត្រូវ​បាន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

ករណី​គ្រោះថ្នាក់​ខាងលើ សមត្ថកិច្ច​បាន​បញ្ជាក់​ថា បណ្តាល​មក​ពី​ការ​បើកបរ​ហួស​ល្បឿន​កំណត់ និង​បើក​ជែង​រថយន្ដ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ទើប​បង្ករ​ឱ្យ​មាន​ហេតុការណ៍​បែប​នេះ​។ ដូច្នេះ​សូម​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ ក្នុង​ការ​ធ្វើ​ដំណើរ​គ្រប់​ទីកន្លែង មិន​ថា​ក្នុង​ទីក្រុង ឬ​ជនបទ​នោះ​ទេ សូម​មេតា​ប្រុង​ប្រយ័ត្ន​គ្រប់​វិនាទី កុំ​បើកបរ​ហួស​ល្បឿន​កំណត់ ព្រោះ​ខុស​នឹង​ច្បាប់ ព្រមទាំង​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ខ្លួនឯង និង​អ្នក​ដទៃ​ទៀត​ផង​៕