បញ្ចប់​ស្នេហ៍​ដោយសារ​គ្រូទាយ​

6 Videos


​ម្តាយ​របស់គាត់​មិន​អនុញ្ញាតឱ្យ​យើង​រៀបការព្រោះតែ​ហោរ​ទាយ​ថា​ឆ្នាំ​របស់​យើង​ទាំងពីរនាក់​មិនល្អ ប្រសិនបើ​រៀបការ​ជម្នះ​គាត់ គាត់​នឹង​ស្លាប់​ដោយសារតែ​នាង​ខ្ញុំ​មិន​ដូច្នោះ​ទេ​កូនៗដែល​កើតមក​នឹង​ពិបាក​ចិញ្ចឹម​កិច្ចការ​រកស៊ី​មិនអាច​ទទួលបាន​ជោគជ័យ ។

​នាង​ខ្ញុំនិងគាត់​ស្រឡាញ់គ្នា​ដោយស្មោះហើយ​យើង​ទាំងពីរ​សុទ្ធតែជា​កូន​ដែល​រស់នៅ​ឆ្ងាយពី​ផ្ទះ​ឆ្ងាយ​ពី​ឪពុកម្តាយដូច្នេះ​យើង​មានការ​យល់ចិត្ត​គ្នា​ណាស់ ។ ស្នេហា​របស់​យើង​គួរណាស់​តែ​បាន​ជួបជុំ​និង​មាន​សុភមង្គលនៅសល់តែ​មួយខែ​ទៀត​ប៉ុណ្ណោះ​គឺ​ដល់​ថ្ងៃ​ដែលយើង​ត្រូវ​ចូល​រោងការ​ប្រសិន​មិនមាន​បញ្ហា​ខែ​ឆ្នាំ ។ នាង​ខ្ញុំ​ឆ្នាំខាល គាត់​ឆ្នាំឆ្លូវ គ្រូទាយ​និយាយថា ខាល​គឺខ្លា ចំណែក​ឆ្លូវ​គឺ​គោ ហើយ​ខ្លា​តែងតែ​ស៊ី​គោ ដូច្នេះ​ឆ្នាំ​របស់​យើង​ទាំងពីរ​មិនអាចនៅ​ជាមួយគ្នា​បានទេ ។

M88


​ម្តាយ​របស់គាត់​ដាច់ខាត​មិន​អនុញ្ញាតឱ្យ​យើង​រៀបការ​ទេព្រោះតែ​គាត់​អប្បិយ​ជំនឿ​ជ្រុលនិយមឱ្យ​តែមាន​បញ្ហា​អ្វីមួយ​កើតឡើង​ទោះជា​តូច​ឬក៏​ធំ​សូម្បីតែ​ចៅៗ​របស់គាត់​គ្រុនឈាមក៏​គាត់​តែង​រត់ទៅរក​គ្រូទាយ នេះ​បើតាម​សម្តី​មិត្ត​ប្រុស​របស់​នាង​ខ្ញុំ ។ ចំណែក​រឿង​ខែ​ឆ្នាំរបស់​យើង​គឺ​ម្តាយ​របស់គាត់​ប្រាប់ ថា​គ្រូទាយ​ថា​មិនអាច​នៅ​ជាមួយគ្នា​បាន​ប្រសិនបើ​រៀបការស្វាមី​នឹង​ស្លាប់​ដោយសារ​ប្រពន្ធ។ ឮដូច្នេះ ​នាង​ខ្ញុំ​ស្ទើរតែ​ធ្លាក់​ថ្លើម​ហើយ​ពេលនោះ​នាង​ខ្ញុំ​មិនយំ​ហើយក៏​មិន​សើច​ព្រោះ​នាង​ខ្ញុំ​មិនដែល​គិតថា​ខ្លួន​នឹង​ជួប​បញ្ហា​បែបនេះ​សោះ ។

​ដំបូង​ឡើយ​គាត់​ក៏​មិន​យល់ស្រប​ទៅនឹង​គំនិត​របស់​ឪពុកម្តាយ​គាត់ចំណែក​នាង​ខ្ញុំ​ដោយសារតែ​រឿង​ស្នេហា​ក៏បាន​ធ្លាក់ខ្លួន​ឈឺ​និង​ត្រូវ​ចូល​សម្រាក​មន្ទីរពេទ្យ​ពីរលើក ។ គាត់​ជា​កូនច្បងជា​អ្នក​ដែលមាន​ភារកិច្ច​ច្រើន​ក្នុង​គ្រួសារ​ដូចជា​រឿង​«​កាន់​ជើងធូប​»​ស្នង​ពី​ឪពុកម្តាយ ។​ល​។ ថ្ងៃមួយ​គាត់​សួរ​នាង​ខ្ញុំ​«​ឪពុកម្តាយ​បង​និយាយថាប្រសិនបើ​បង​រឹងក្បាល​រៀបការ​ជាមួយ​អូនពួកគាត់​នឹង​កាត់កាល​បង តើ​អូន​យល់ឃើញ​បែបណា ?» ។ ពេលនោះ​នាង​ខ្ញុំ​មិន​និយាយ​អ្វីទាំងអស់ប៉ុន្តែ​ក្នុង​ចិត្ត​ពិតជា​ឈឺចាប់​ខ្លាំងណាស់ដូច្នេះ​យើង​ក៏សម្រេចចិត្ត​បញ្ចប់​ស្នេហ៍ត្រឹមនេះ​ទៅ ។

​ថ្មីៗ​នេះ​ម្តាយ​របស់គាត់​បានឱ្យ​មនុស្សម្នា​ក់មក​ស៊ើបសួរ​នាង​ខ្ញុំ​ដើម្បី​ដឹង​អំពី​ចិត្ត​របស់​នាង​ខ្ញុំដោយ​សួរថា​«​បើ​នៅ​ស្រឡាញ់​កូន​គាត់គ្រួសារ​ខាង​គាត់​នឹង​ចូល​សួរ​តាម​ប្រពៃណី​» ។ ប៉ុន្តែស្អែក​ឡើង​មិត្ត​ប្រុស​របស់​នាង​ខ្ញុំ​បែរជា​និយាយថា​«​បង​យល់ថា​ខ្លួន​មិន​ស័ក្តិសម​នឹង​អូន​ទេហើយក៏​ប្រហែលជា​មិនអាច​នាំ​សុភមង្គល​ដល់​អូន ។ បងអន់​ខ្លាំងណាស់ហើយ​អូន​ក៏មិនចាំបាច់​យកចិត្តទុកដាក់​នឹង​សម្តី​ចុងក្រោយ​របស់​ម្តាយ​បង​នោះដែរ ។ សូម​អូន​ទុកឱកាស​ឱ្យ​បុរស​ផ្សេង​ដែល​ល្អ​ជាង​បង​» ។ បានឮ​សម្តី​គាត់​នាង​ខ្ញុំ​ពិតជា​ឈឺផ្សា​ក្នុង​ចិត្តខ្លាំងណាស់ហើយ​ប្រសិន​មុននេះ​មិនមាន​បញ្ហា​ខែ​ឆ្នាំ​ម្ល៉េះ​យើង​ទាំង​ពីរបាន​រៀបការ​និង មាន សុភមង្គល​ជាមួយគ្នា​ទៅហើយ ។ តើ​ហេតុអ្វី​អប្បិយ​ជំនឿ​បំបែក​ស្នេហ៍​ខ្ញុំ ? តើ​ខ្ញុំ​មានឱកាស​បាន​ជួប​ស្នេហ៍​វិញ​ទេ ?

​ចំពោះ​ស្ត្រី​មាន​វិបត្តិ​
​នៅ​ស្រុក​ខ្មែរ​ការ​ទៅសុំ​ឱ្យ​គ្រូទាយ​ជួយ​មើលខែឆ្នាំ​គឺជា​រឿង​ចាំបាច់​ហើយ​ជា​ប្រការ​ដែលអាច​សម្រេច​ក្នុងការ​បញ្ចប់​ឬ​បន្ត​ទំនាក់ទំនង​ស្នេហា​នេះ​គឺជា​កិច្ច​ការដែល​មនុស្ស​បុរាណ​និយមមនុស្ស​អប្បិយ​ជំនឿ​ជ្រុលនិយម​ប្រកាន់យក ប៉ុន្តែ​មកដល់​សម័យ​នេះហើយ​យើង​មិនគួរ​ជឿទៅលើ​ការ​ទស្សន៍ទាយ​នោះ​ជ្រុល​ពេក​ទេ ។ តាម​ខ្ញុំ​យល់​ការ​ទស្សន៍ទាយ​គឺមាន​ច្រើន​ប្រភេទគ្រូ​ខ្លះ​ទាយ​តាម​សន្លឹក​បៀ​គ្រូ​ខ្លះ​ទាយ​តាម​ខ្សែ​បាតដៃ​គ្រូ​ខ្លះទៀត​ទាយ​តាមរយៈ​ការមើលប្រជ្រុយហើយ​គ្រូ​ខ្លះ​ដូច​ជាតា​ហោរ​ដែលមាន​ជំនាញ​អាពាហ៍ពិពាហ៍​ជាដើម​គឺ​ទាយ​ទៅតាមក្បួន​គម្ពីរ​ដែល​បុ​រា​ណា​ចា​រ្យ​បាន​ចងក្រង ។ ទោះជា​ការ​ទាយ​បែបណាក៏ដោយ​គឺ​វា​គ្រាន់តែ​ជាការ​ស្មាន​របស់​មនុស្ស​ម្នាក់​ឬ​ច្រើន​នាក់​ទៅលើ​រឿង​ទាំងឡាយ​ដែល​ពួកគេ​មិន​ទាំង​ដឹង​សូម្បីតែបន្តិច ។ នៅលើ​ភិ​ព​ភ​លោក​យើង​នេះ​មិនមាន​អ្នកណាម្នាក់​អាច​ដឹងថានឹងមាន​អ្វី​កើតឡើងនៅ​ថ្ងៃស្អែក​លើកលែងតែ​ករណី​មួយចំនួន​ទាក់ទិន​នឹង​វិជ្ជា​សាស្ត្រ ។

​ចូរ​ពិចារណា​ទៅលើ​ឧទាហរណ៍​មួយ​ដែល​ខ្ញុំ​នឹង​លើកឡើង​«​ឧទាហរណ៍​ថា​នាង​មាន​មុខរបរជា​គ្រូទាយសួរថា​នាង​ប្រកបមុខរបរ​នេះ​ដើម្បី​អ្វី​មិនមែន​ដើម្បី​ប្រាក់​ទេ​ឬ ? ហើយ​ម្យ៉ាងទៀតសួរថា​នាង​ចង់​ក្លាយជា​អ្នកមាន​ដែរ​ឬ​អត់ ? ប្រសិនបើ​នាង​អាច​ទាយ​ដឹងបាន​ថា​ថ្ងៃស្អែកឬ​អនាគត​នឹងមាន​អ្វី​កើតឡើង​ចុះ​ហេតុអ្វី​ក៏​មិន​ទស្សន៍ទាយ​ពី​លេខឆ្នោត​ដែល​អាចធ្វើឱ្យ​នាងក្លាយជា​អ្នកមាន ?» ។

​ត្រឡប់មក​និយាយ​អំពី​រឿង​ស្នេហា​របស់​អ្នក​ទាំងពីរ​វិញ​ម្តង​មិត្ត​ប្រុស​របស់​នាង​ប្រហែលជាកំពុង​ទទួល​សម្ពាធ​ពី​ឪពុកម្តាយ​ក្នុងនាម​គាត់​ជា​កូនប្រុស​ច្បង ។ គាត់​ក៏​ប្រហែលជា​មនុស្សម្នាក់​ដែល​មិនមាន​ភាពក្លាហាន​គ្រប់គ្រាន់​ដើម្បី​បញ្ចុះបញ្ចូល​ឪពុកម្តាយ​ដូច្នេះ​គាត់​ក៏​បង្ខំចិត្តទុក​បញ្ហា​នេះ​ឱ្យ​ឪពុកម្តាយ​របស់គាត់​និង​នាង​ជា​អ្នកសម្រេចចិត្ត ។ បើតាម​គំនិត​ខ្ញុំ​អាចមានផ្លូវ​ដោះស្រាយ​មិត្ត​ប្រុស​របស់​នាង​ត្រូវតែ​ព្យាយាម​បញ្ចុះបញ្ចូល​និង​ពន្យល់​ឪពុកម្តាយ​គាត់នូវ​ហេតុផល​តាមបែប​វិជ្ជា​សាស្ត្រ​ដូចដែល​ខ្ញុំ​បាន​រៀបរាប់​ខាងលើ ។ ប៉ុន្តែ​ការបញ្ចុះ​បញ្ចូល​និងការពន្យល់​នេះ​ត្រូវតែ​ធ្វើឡើង​ឱ្យស្រប​ទៅតាម​កាលទេសៈ​និង​ពេលវេលា​ល្អ​រួម​នឹង​ការ ប្រើប្រាស់​ពេល វេលា​ក្នុង​រយៈពេល​យូរទើប​អាចមាន​ប្រសិទ្ធភាព ។ ចំណែក​នាង​ដែលជា​ភាគី​ស្រី​ក៏​គួររៀបចំ​គម្រោង​ក្នុងការ​បញ្ចុះបញ្ចូល​ឪពុកម្តាយ​ខាង​ប្រុស​ដោយ​សកម្មភាពជាក់ស្តែង​ដូចជា​នាំយក​អំណោយ​ជូន​ពួកគាត់​និង​ទៅលេង​ផ្ទះ​ពួកគាត់​ឱ្យបាន​ញឹកញាប់ តាម​ដែល​អាចធ្វើ​ទៅបាន ៕​