​ពេល​សម្រាលកូន​តា​មធម្ម​ជាតិ ដឹង​តែ​កាត់​ប៉េ​រី​ណេ​តែម្តង ឬ​យ៉ាងណា​?

​ពេល​សម្រាលកូន​តា​មធម្ម​ជាតិ ដឹង​តែ​កាត់​ប៉េ​រី​ណេ​តែម្តង ឬ​យ៉ាងណា​?

​តាម​ពាក្យ​ពី​បុរាណ​ខ្មែរ ដែល​និយាយ​តៗ​គ្នា​នោះ​គឺថា ការ​សម្រាលកូន គេ​ហៅថា ការ​ឆ្លងទន្លេ​។ ចំពោះ​មូលហេតុ​ដែល​ចាស់ៗ ប្រើ​ពាក្យ​នេះ​ដោយសារតែ ការ​សម្រាល កូន​អាច​នឹង​ជួប​ការលំបាក​ច្រើន ដូច​ការឆ្លង​ទឹកទន្លេ​អញ្ជឹង ព្រោះ​វា​អាច​នឹង​ប្រឈម ការលិចលង់​បាន​គ្រប់ពេល​។ ប៉ុន្តែ ន័យ​បែបនេះ គឺ​ចង់​សម្តៅ​ទៅលើ តែ​ការ​សម្រាលកូន តាម​ធម្មជាតិ​ប៉ុណ្ណោះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ ក្នុងសម័យ​ដ៏​ទំនើប​មួយ​នេះ ស្ត្រី​មាន​ផ្ទៃពោះ មិនមែន​មាន​ជម្រើស​សម្រាលកូន​តែមួយ ដូច​កាលពី​មុន​ទេ គឺ​មាន​ពីរ​ប្រភេទ​នោះ​គឺ សម្រាល​ដោយ​ធម្មជាតិ និង​សម្រាល​ដោយ​ការវះកាត់​។

​ការ​សម្រាលកូន​ដោយ​ការវះកាត់ ច្រើន​តែ​ត្រូវបាន​គេ​យល់​ថា ជា​រឿង​មាន​សុវត្ថិភាព​បំផុត ទោះបីជា​វា​អាច​នឹង​មាន​ផល​រំខាន​តិចតួច ក្រោយ​ពី​សម្រាល​ហើយ និង​ពេល​មានកូន​លើក​ក្រោយ​ក៏ដោយ​។ យ៉ាងណាមិញ រឿងនេះ ទំនងជា​មិន​មាន​ស្ត្រី​យើង​ច្រើន ចង់​សម្រាលកូន​ដោយ​វះកាត់​ទេ ព្រោះ​តែ​ខ្លាច​ឈឺ​តែម្តង ដូច្នេះ ពួកគេ​តែង​ជ្រើសរើស យក​ការ​សម្រាល​ដោយ​ធម្មជាតិ​ច្រើនជាង​។

ស្ថិត​ត្រង់​ករណី​នេះ​ដែរ នៅ​ពេល​សម្រាលកូន​តាម​បែប​ធម្មជាតិ គេ​តែង​សង្កេតឃើញថា នៅ​ពេល​សម្រាលកូន​ក្នុងដំណាក់កាល ក្បាល​កូន​ជិត​ចេញមកក្រៅ​ហើយ ឆ្មប​តែងតែ​ប្រើ​វិធី​មួយ ដែល​គេ​ហៅថា ការ​កាត់​ប៉េ​រី​ណេ (Perineum) ដើម្បី​ផ្តល់​ភាពងាយស្រួល ដល់​ការ​ចេញ​របស់​ក្បាល​កូន​។ ប៉េ​រី​ណេ​មានន័យថា ជា​តំបន់​ជុំវិញ​ទ្វារមាស​មាស និង​រន្ធ​គូថ​។ ដូច្នេះ តើ​វា​ត្រឹមត្រូវ​ដែរឬទេ ដែល​ពេល​សម្រាលកូន​ដោយ​ធម្មជាតិ​បែបនេះ ត្រូវតែ​កាត់ ប៉េ​រី​ណេ​នេះ​តែម្តង​?

បើ​យើង​និយាយ​តាម​ទ្រឹស្តី​វេជ្ជសាស្ត្រ​វិញ ការ​កាត់​ប៉េ​រី​ណេ នេះ​មិនមែន​តែងតែ​ធ្វើ​ជា​និច្ច គ្រប់​ពេល​សម្រាលកូន​ដោយ​ធម្មជាតិ​ឡើយ ព្រោះ​វា​នឹង​មាន​ផលវិបាក​ច្រើន ដល់​ស្ត្រី​ជា​ម្តាយ​។ បើសិនជា​វា​មិន​ចាំបាច់​គឺ មិនបាច់​ធ្វើ​ឡើយ​។

ករណី​ដែល​ត្រូវការ​កាត់​ប៉េ​រី​ណេ ៖

  • ​ទ្វា​មាស​រហែក​ខ្លាំង​
  • កូន​ត្រូវការ​សម្រាល​ឲ្យបាន​លឿន ជាពិសេស ករណី​កូន​ថប់ដង្ហើម ឬ​សុក​រុំ​ក ឬ​ម្តាយ​មាន​ជំងឺ​ធ្ងន់ធ្ងរ​
  • ​កូន​មាន​ទម្រ​ង​សម្រាល​ខុសធម្មតា​
  • ​ក្បាល​កូន​ធំ​ពេក រហូត​ដល់​ធ្វើឲ្យ​ស្តើង​ប៉េ​រី​ណេ ដែល​ត្រូវការ​កាត់ ទើប​អាច​សម្រាល​បាន​។​

​ប៉ុន្តែ ឆ្មប​មួយចំនួនធំ មិន​បាន​គិត​ពី​រឿង​នេះ​ឡើយ គឺ​ពេល​សម្រាលកូន ដឹង​តែ​កាត់​ប៉េ​រី​ណេ​នេះ​ឲ្យ ហើយ ដើម្បី​ស្រួល​សម្រាល​។
​ចំពោះ​ផលវិបាក នៃ​ការ​កាត់​ប៉េ​រី​ណេ​នេះ មានដូចជា ៖

  • ​ឈឺចាប់​ខ្លាំង ដែល​អាច​រំខាន​ដល់​ការ​បំបៅ​ដោះកូន​
  • ​ប្រឈម​កាន់តែខ្លាំង នឹង​ការបាក់​ទឹកចិត្ត ក្រោយ​សម្រាល​
  • ​អាច​រង​ការឈឺចាប់​យូរ​ជាង​ធម្មតា​
  • ​មាន​ការបង្ក​រោគ​នៅនឹងកន្លែង​
  • ​មាន​ស្នាក​ស្នាម​
  • ​មាន​បញ្ហា​ដល់​ការ​ធ្វើ​ចលនា​ពោះវៀន បើសិនជា​កាត់​ជ្រៅ​ពេក​៕
     

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។