ស្រវឹង​ស្រា​ ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​សន្លប់​ឈឹង​ខ្លួនឯង

ស្រវឹង​ស្រា​ ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​សន្លប់​ឈឹង​ខ្លួនឯង



ភ្នំពេញ ៖ បុរស​ម្នាក់ ដោយ​អំណាច​ជាតិ​ស្រា​ចូលខ្លួន​ស្រវឹង​ បាន​បើក​ម៉ូតូ​ជ្រុល​ទៅ​បុក​រ៉ឺម៉ក​លក់​ពង​ទា​កូន ​បណ្ដាល​ឲ្យ​សន្លប់​ខ្លួនឯង​មួយសន្ទុះ ​រួច​ក្រោក​ខំព្យាយាម​រត់គេចខ្លួន​បាត់ និង​មាន​មិត្តភ័ក្ដិ​បង​ប្អូន​ចេញមុខ​មក​ទទួលខុស​ត្រូវ​ចំពោះ​ការខូចខាត​បែក​ពង​ទា​របស់​អ្នកលក់​ពេញ​ផ្លូវ ​តែ​មិន​អាច​ចរចា​ដោះស្រាយ​ត្រូវ​គ្នា​ភ្លាមៗ​ឡើយ។

ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​២២​និង​៣០​នាទី​យប់ ​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០១៦ តាម​បណ្ដោយ​ផ្លូវ​បេតុង​ ភូមិ​ចាក់​ជ្រូក ​សង្កាត់​សំរោងក្រោម ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

ម៉ូតូ​បង្ក​ម៉ាក​ឃ្លិ​ច​ ពណ៌​ក្រហម​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1FI 1385​ បើកបរ​ដោយ​បុរស​ម្នាក់​មិន​ស្គាល់​អត្តសញ្ញាណ​ ដែល​បើកបរ​ដោយ​ស្ថានភាព​ស្រវឹង​ពី​កើត​ទៅ​លិច​ រង​របួស​ធ្ងន់​សន្លប់​មួយ​ភ្លែត​ដឹងខ្លួន​វិញ​។ ​អ្នកលក់​ពង​ទា​កូន​រង​របួសស្រាល​ តែ​បែក​ពង​ទា​គាត់​អស់​ពេញ​ផ្លូវ តម្រូវ​ឲ្យ​មានការ​ដោះស្រាយ​សំណង។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ​គេ​ឃើញ​បុរស​ម្នាក់​ស្រវឹង​ស្រា​បើក​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ខាងលើ​យ៉ាង​លឿន​ លុះ​មកដល់​ចំណុច​កើតហេតុ​ បាន​រេ​ចង្កូត​ទៅ​បុក​រទេះ​លក់​ពង​ទា​កូន បណ្ដាល​ឲ្យ​ដួល​បោក​នឹង​ថ្នល់​រង​របួស​ធ្ងន់​សន្លប់​ឈឹង​ខ្លួនឯង​ តែមួយ​សន្ទុះ​ក្រោយមក ​ទើប​ដឹងខ្លួន​វិញ ​ហើយ​របើក​កែបម៉ូតូ​ ស្រាប់តែ​ឃើញ​ធ្លាក់​ស្រា​បៀ​មួយ​ស្បោង​ធំ​ថែមទៀត​ ដែល​បុរស​នេះ​ទិញ​យក​ទៅ​ផឹក​បន្ដ​ទៀត​ ពេល​នោះ​ដែរ ​អ្នក​បើក​ម៉ូតូ​បង្ក​រូប​នេះ​បាន​ព្យាយាម​រត់គេច​ចោល​ម៉ូតូ​បាត់ស្រមោល​តែម្ដង។

ក្រោយពេល​កើតហេតុ​ ភាគី​ខាង​ម៉ូតូ​បង្ក​បាន​មក​ចរចា​នឹង​ភាគី​ខាង​រ៉ឺម៉ក​ ដោយ​ចរចា​គ្នា​មិន​ត្រូវ ​ទើប​សមត្ថកិច្ច​ធ្វើការ​វាស់វែង​ និង​យក​ម៉ូតូ​ និង​រ៉ឺម៉ក​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់​ចរាចរណ៍ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេលក្រោយ៕

ស្រវឹង​ស្រា​ ជិះ​ម៉ូតូ​បុក​រ៉ឺម៉ក​សន្លប់​ឈឹង​ខ្លួនឯង