ភ្នាក់ងារ​ថាមពល​បរមាណូ ៖ ​ភេរវកម្មនុយក្លេអ៊ែរ​ជា​ការ​​គំរាមកំហែងជាក់ស្តែង

ក្នុង​ពេល​បែលហ្ស៊ិក​និង​បារាំង​កំពុង​វក់​វី នឹង​ការ​គំរាម​កំហែង​​ភេរវកម្ម ហើយ​ការ​ប្រតិបត្តិការ​បោស​សម្អាត​ក្រុម​នេះ ពេល​ខ្លះ​បាន​ក្លាយ​ជា​ការ​ប្រយុទ្ធ​​គ្នា​កណ្តាល​ក្រុងផង នាយក​ភ្នាក់ងារ​​ថាមពល​បរមាណូ​អន្តរជាតិAIEA ​ លោក​ យូគីយ៉ា អាម៉ាណូ ​(Yukiya Amano) បាន​បញ្ចេញ​ប្រតិកម្ម​ជា​លើក​ទី​មួយ ទាក់ទង​នឹង​បញ្ហា​ភេរវកម្ម​នេះ​ ថា​ពិភពលោក​នេះ គួរ​តែ​ត្រៀម​ខ្លួន​ការពារ​ប្រឈម​នឹង​គ្រោះ​ភេរវកម្ម​នុយក្លេអ៊ែរ។ គេ​មិន​អាច​ធានាបាន​ទាំង​ស្រុង​ ថា​នឹង​គ្មាន​​ការ​បង្ក​ភេរវកម្ម​នុយក្លែអ៊ែរ​​បាន​ឡើយ !

ភ្នាក់ងារ​ថាមពល​បរមាណូ ៖ ​ភេរវកម្មនុយក្លេអ៊ែរ​ជា​ការ​​គំរាមកំហែងជាក់ស្តែងលោក Yukiya Amano នាយក​ទីភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ (AIEA)

ភេរវនិយម​រីក​សុះសាយ​ ! លទ្ធភាព​នៃ​ការ​ប្រើ​នុយក្លេអ៊ែរ​​ក្នុង​ភេរវកម្ម​ក៏​មិន​អាច​ច្រាន​ចោល​បាន​ទាំង​ស្រុង​​ដែរ ! នេះ​ជា​គូស​បញ្ជាក់​របស់​លោក​អគ្គលេខាធិការ​នៃ​ភ្នាក់ងារ​ថាមពល​បរមាណូ​ ដែល​បាន​ទទូច​ឱ្យ​រដ្ឋាភិបាល​គ្រប់​ប្រទេស​ទាំង​អស់ ដាច់​ខាត​ត្រូវ​តែ​ពង្រឹង​​សន្តិសុខ​នុយក្លេអ៊ែរ ព្រោះ​ការ​គំរាមកំហែង​ភេរវកម្ម​នុយក្លេអ៊ែរ ជា​ករណីពិត​ជាក់ស្តែង។

មាន​យន្តហោះដ្រូន​ជា​ច្រើន បាន​ហោះឆ្វែល​លើ​​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​​បារាំង​នា​រយៈ​ពេល​ប៉ុន្មាន​ខែ​ចុងក្រោយ​នេះ។ នៅ​ពេល​ឆែកឆេរនិង​រឹប​អូស​ ក្នុងក្របខ័ណ្ឌ​អង្កេត​ភេរវកម្ម​ក្រុង​ប៉ារីស ប៉ូលិស​បែលហ្ស៊ិក បាន​រក​ឃើញ​ខ្សែអាត់​វីដេអូ​ជា​ច្រើន​ម៉ោង ដែល​ដៅ​ទិស​លើ​ឧស្សាហកម្ម​នុយក្លេអ៊ែរ​​បែលហ្ស៊ិក។ ជា​ផែនការ​របស់​ក្រុម​ភេរវជន​អត្តឃាត​ ដែល​បាន​ចុច​បំផ្ទុះ​នៅ​អាកាសយានដ្ឋាន​ព្រុចសែល​កាលពី​ថ្ងៃអង្គារ។

គ្រោះ​ខ្លាច​មាន​ការ​វាយប្រហារ​ដោយ​ផ្ទាល់​លើ​មជ្ឈមណ្ឌល​នុយក្លេអ៊ែរ​មួយ​ក្នុង​ចំណោម​មជ្ឈមណ្ឌល​ជាង​១០០០​អាច​បណ្តាល​មក​ពី​លួច​វត្ថុធាតុ​ដើម​​វិទ្យុ​សកម្ម។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក អាម៉ាណូ​ប្រធាន​​ភ្នាក់ងារ​ថាមពល​បរមាណូ​អន្តរជាតិ ដែល​បាន​ព្រលយ​ឱ្យ​ដឹង​ទៀត​ថា ក្នុង​រយៈ​ពេល​២០​ឆ្នាំ​នេះ​ មាន​ករណី​រត់​ពន្ធ​និង​លួច​ និង​បាត់​ គីមី​ដល់​ទៅ ២៨០​ករណី ហើយ​នេះ​គ្រាន់​ជា​ករណី​ដែល​ដឹង។ ​មាន​ធាតុភ្លុយតូនីញ៉ូម​ប៉ុន​ផ្លែ​ក្រូច​ថ្លុង​ នោះ​គឺ​គ្រប់​គ្រាន់​សម្រាប់​ផលិតជា​គ្រាប់​បែក​អាតូមិច​ ដែល​អាច​បង្ក​គ្រោះ​មហន្តរាយ​យ៉ាងធ្ងន់ធ្ងរ។ ម្យ៉ាង​វិញ​ទៀត​ ពួក​ភេរវជន​មាន​គ្រប់​មធ្យោបាយ មិន​ថា​ជា​សម្ភារៈ​ សារធាតុ​គីមី ឬ​បច្ចេកវិទ្យា​ អាច​ផលិត​គ្រាប់​បែក​ដោយ​មិន​បាញ់​ចម្រាញ់​សារធាតុ​អ៊ុយរ៉ានីញ៉ូម​ ឬ​ភ្លុយតូនីញ៉ូម​ ក៏​បាន។

លោក យូគីយ៉ា អាម៉ាណូ បាន​សន្យា​ថា​នឹង​លើក​យក​ប្រធានបទ​ទាក់ទង​នឹង​ការ​គំរាម​កំហែង​ភេរវកម្ម​នុយក្លេអ៊ែរ​ ទៅជ​ជែក​ជាមួយ​ថ្នាក់​ដឹក​នាំ​ជាង​៥០​ប្រទេស​ នៅ​ទីក្រុង​វ៉ាស៊ីនតោន ពី​ថ្ងៃ​ទី ៣១​មីនា ដល់​ថ្ងៃទី ០១​មេសា ដែល​ជា​ផ្តួច​ផ្តើម​អញ្ជើញ​របស់​លោក​អូបាម៉ា៕

ប្រភពៈ RFI