លោក​អូបាម៉ា​ត្រឡប់​ទៅ​ដល់​សេតវិមាន​វិញ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ឡាទីន

លោក​អូបាម៉ា​ត្រឡប់​ទៅ​ដល់​សេតវិមាន​វិញ​បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​នៅ​អាមេរិក​ឡាទីន

លោក​ប្រធានាធិបតី​បារ៉ាក់ អូបាម៉ា ចុះ​ពី​យន្តហោះ Air Force One ជាមួយ​នឹង​គ្រួសារ​របស់​លោក កាលពី​ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ នៅ​មូលដ្ឋាន​ទ័ព Andrews Air Force Base។

លោក​ប្រធានាធិបតី​ស.រ.អា.​ បារ៉ាក់ អូបាម៉ា​ បាន​វិល​ត្រឡប់​មក​កាន់​សេតវិមាន​វិញ​ហើយ​នៅ​ក្រោយ​ពេល​លោក​បាន​បំពេញ​ទស្សនកិច្ច​មួយ​ក្នុង​ទ្វីប​អាមេរិកឡាទីន​ដែល​មាន​ការ​ឈប់​សំចត​មួយ​ក្នុង​ប្រទេស​អាហ្សង់ទីន និង​ទស្សនកិច្ច ជា​ប្រវត្តិសាស្ត្រ​មួយ​នៅ​ក្នុង​ប្រទេស​គុយបា ដែល​នៅទី​នោះ​លោក​បាន​ជួប​ជាមួយ​លោក​ប្រធានាធិបតី Raul Castro​ ផង​ដែរ។

លោក​អូបាម៉ា ភរិយា​លោក ​កូន​ស្រី​ពីរ​នាក់​ និង​ម្តាយ​ក្មេក​លោក​បាន​ជិះ​យន្តហោះ​ Air Force One ចេញ​ពី​ចំណត​យន្តហោះ​អន្តរជាតិ Ezeiza នៃ​ក្រុង​ Buenos Aires ហើយ​បាន​ធ្វើ​ដំណើរមក​ដល់​មូលដ្ឋាន​រួម Joint Base Andrews នៅ​ខាង​ក្រៅ​រដ្ឋធានី​វាស៊ីនតោន កាល​ពី​ព្រឹកថ្ងៃ​សុក្រ។ គ្រួសារ​លោក​អូបាម៉ា​បាន​វិល​ត្រឡប់​មក​កាន់​សេតវិមានដើម្បី​ចាប់ផ្តើម​ការ​ប្រុងប្រៀប​សម្រាប់​ពិធី​បុណ្យ​នៅ​ដំណាច់សប្តាហ៍​ដោយ​មាន​រួមបញ្ចូល​ទាំង​ពិធី​រើស​ពងមាន់​ផង​ដែរ។​

នៅ​ក្នុង​ឱកាស​ដំណើរ​ទស្សនកិច្ច​នេះ​របស់​លោក លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា​ ស.រ.អា.​មាន​ការ​យឺត​យ៉ាវ​ក្នុង​ការ​និយាយ​ខ្លាំងៗ​ប្រឆាំង​នឹង​អំពើ​ឃោរឃៅ​ដែល​បាន​ត្រូវ​ប្រព្រឹត្ត​នៅ​ក្នុង​អតីត​របប​គ្រប់គ្រង​ផ្តាច់​ការ​នៃ​ប្រទេស​អាហ្សង់ទីន ក៏​ប៉ុន្តែ​ថា​រដ្ឋបាល​របស់​លោក​នឹង «ប្រឈមមុខ​នឹង​អតីតកាល​ជាមួយ​សេចក្តី​ទៀង​ត្រង់ ​និង​តម្លាភាព»។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍នៅ​ក្នុង​ក្រុង Buenos Aires ថា​ «អ្វី​ដែល​បាន​កើត​មាន​ឡើង​នៅ​ទីនេះ​នៅ​ក្នុង​ប្រទេស​អាហ្សង់ទីន​មិនមែន​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​អាហ្សង់ទីន​ទេ ហើយ​វា​មិនមែន​កម្រិត​ព្រំដែន​តែ​ត្រឹម​អតីតកាល​នោះ​ឡើយ។ យើង​ម្នាក់ៗ​មាន​ការ​ទទួល​ខុស​ត្រូវ​ជា​រៀងរាល់ថ្ងៃ​ក្នុងការ​ធ្វើ​ឱ្យ​ប្រាកដ​ប្រជា​ថា​នៅ​ទី​ណា​ដែល​យើង​ឃើញ​អំពើ​អយុត្តិធម៌ នៅ​ទី​ណា​យើង​ឃើញ​មាន​ការ​រំលោភ​លើ​វិធាន​នៃ​ច្បាប់ ថា​យើង​ជា​អ្នក​ឃើញហេតុការណ៍​ដោយ​ផ្ទាល់​ប្រកប​ដោយ​ចិត្ត​ទៀង​ត្រង់ ថា​យើង​និយាយ​ប្រឆាំង​ ថា​យើង​ពិនិត្យ​មើល​ចិត្ត​របស់​យើង​ផ្ទាល់ និង​មាន​ការ​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ធ្វើ​ឱ្យ​កន្លែង​នេះ​ជា​កន្លែង​ល្អ​ប្រសើរ​ជាង​មុន​សម្រាប់​ពួក​កូន ​និង​ពួក​ចៅ​របស់​យើង»។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ លោក​អូបាម៉ា​បាន​អញ្ជើញ​ទៅ​ទស្សនា​ឧទ្យាន​អនុស្សាវរីយ៍​មួយ​ដល់​ក្រុម​ជន​រង​គ្រោះ​ដោយសារ​អ្វី​ដែល​ហៅ​ថា​ «សង្គ្រាម​កខ្វក់» នៅ​ថ្ងៃ​ខួប​ឆ្នាំ​ទី​៤០នៃ​ការ​ធ្វើ​រដ្ឋ​ប្រហារ​ដែល​បាន​បន្តុប​របប​គ្រប់គ្រង​យោធា​ដ៏​ឃោរឃៅ​មួយ។​

លោក​ប្រធានាធិបតី​បាន​មាន​ប្រសាសន៍​ថា​គេ​ត្រូវ​ការ​ឱ្យ​មាន​សេចក្តីក្លាហានសម្រាប់​ឱ្យ​សង្គម​មួយ​ដោះស្រាយ​ការ​ពិត​ «ដែល​នាំ​មិន​ឱ្យ​ស្រួល​ក្នុង​ចិត្ត​អំពី​ផ្នែក​ខ្មៅ​ងងឹត​នៃ​អតីតកាល​របស់​ផង​ខ្លួន»។

លោក​អូបាម៉ា​បាន​មាន​ប្រសាសន៍​ថា «ការ​ប្រឈមមុខ​នឹង​ឧក្រិដ្ឋកម្ម​ប្រព្រឹត្ត​ដោយ​ពួក​មេដឹកនាំ​របស់​យើង​ផ្ទាល់ ដោយ​ប្រជារាស្ត្រ​យើង​ផ្ទាល់ ដែល​អាច​នាំ​ឱ្យ​មាន​ការ​បែកបាក់​គ្នា ​និង​ការ​តប់ប្រមល់​ក្នុង​ចិត្ត​ ក៏​ប៉ុន្តែ​វា​ជា​ការ​ចាំបាច់​ដើម្បី​ធ្វើ​ចលនា​ទៅ​មុខ​ក្នុង​ការ​កសាង​អនាគត​មួយ​ដែល​មាន​សន្តិភាព​ និង​ភាព​សម្បូរ​រុងរឿង​នៅ​ក្នុង​ប្រទេស​មួយ​ដែល​គោរព​សិទ្ធិ​របស់​ពលរដ្ឋ​ទាំង​អស់​របស់​ផង​ខ្លួន»៕