នៅ សុនិតា រំជួល​ចិត្ត​នឹង​ជីវិត​លោក​តា​រើស​ជ័រ​កៅស៊ូ​ចិញ្ចឹម​ចៅ ៧នាក់

តារា​សម្ដែង នៅ សុនិតា ប្រាប់​ថា នាង​រំជួល​ចិត្ត​ខ្លាំង​ពី​បាន​យល់​ជីវិត​តស៊ូ​យ៉ាង​ត្រដាបត្រដួស​របស់​លោក​តា​ម្នាក់​រស់​នៅ​ខេត្ត​ត្បូង​ឃ្មុំ ប្រកប​របរ​ដើរ​រើស​ជ័រ​កៅស៊ូ​លក់​យក​លុយ​ទិញ​អង្ករ​ដាំ​បបរ​ឲ្យ​ចៅ​៧នាក់​ហូប។

 

សុនិតា ថ្លែង​ថា ដំបូង​នាង និង​មិត្តភ័ក្ដិ​បាន​ឃើញ​គេ​បង្ហោះ​រូប​លោក​តា​តាម​ហ្វេសប៊ុក ហើយ​បាន​ដឹង​ថា គាត់​ពោះ​ម៉ាយ ថែម​ទាំង​ត្រូវ​ចិញ្ចឹម​ចៅ​៧​នាក់​ទៀត ក្រោយ​ឪពុក​ម្ដាយ​រត់​ចោល​អស់។ លោក​តា មាន​របរ​ដើរ​រើស​ជ័រ​កៅស៊ូ​បាន​មួយ​ថ្ងៃ ៣០០០ ទៅ ៤០០០​រៀល​យក​ទៅ​ទិញ​អង្ករ​បបរ​ឲ្យ​ចៅ​ហូប ថ្ងៃ​ណា​រើស​អត់​បាន នាំ​ចៅ​ផឹក​ទឹក​ដេក…ដែល​ធ្វើ​ឲ្យ​នាង​រំជួល​ចិត្ត​អាណិត​ពន់ពេក។

 

នៅ សុនិតា រំជួល​ចិត្ត​នឹង​ជីវិត​លោក​តា​រើស​ជ័រ​កៅស៊ូ​ចិញ្ចឹម​ចៅ ៧នាក់

 

“ខ្ញុំ​មើល​ទៅ​គាត់​លំបាក​ខ្លាំង​ណាស់…ខ្ញុំ​អាណិត​គាត់​ខ្លាំង ដោយ​សារ​តែ​អី ដោយ​សារ​តែ​​ប្រៀប​មក​ខ្លួន​ឯង ប្រៀប​ទៅ​អ្នក​ផ្សេង​ទៀត​ មាន​ហូប​ចុក​គ្រប់​គ្រាន់ តែ​គាត់​សូម្បី​គ្រប់​មួយ​ថ្ងៃ​ៗ មិន​គ្រប់​ផង​!”។

 

រំជួល​ចិត្ត និង​អាណិត​អាសូរ និតា រួម​ជាមួយ​មិត្តភ័ក្ដិ​បាន​សម្រេច​គ្នា​ថា ត្រូវ​តែ​ជួយ​លោក​តា និង​កុមារ​កំព្រា​ទាំង​៧នាក់ តាម​លទ្ធភាព​ដែល​ខ្លួន​មាន។ “ខ្ញុំ​មិន​មែន​ជា​អ្នក​មាន​អី​ទេ ប៉ុន្តែ​ឃើញ​គាត់​លំបាក​យ៉ាង​នេះ ខ្ញុំ និង​មិត្តភ័ក្ដិ​និយាយ​គ្នា​ថា ត្រូវ​តែ​ជួយ យើង​មាន​លទ្ធភាព​ប៉ុណ្ណា ធ្វើ​ប៉ុណ្ណឹង!”។

 

តារា​ស្រី​វ័យ ២៥​ឆ្នាំ បន្ត​ទៀត​ថា ជំនួយ​របស់​នាង និង​មិត្តភ័ក្ដិ​មាន​តិច​តួច ដែល​អាច​ជួយ​ដល់​លោក​តា និង​ប្អូន​ៗ​កុមារ​ទាំង​៧ ត្រឹម​រយៈ​ពេល​ខ្លះ​ប៉ុណ្ណោះ។ ដូច្នេះ​ហើយ នាង​បាន​អំពាវនាវ​តាម​ហ្វេសប៊ុក​ផង និង​តាម Sabay ផង​សូម​ឲ្យ​សប្បុរសជន​នានា កុំ​មើល​រំលង​នូវ​ទុក្ខ​លំបាក​មួយ​នេះ ក្នុង​នោះ​ដើម្បី​ជួយ ពុក​ម៉ែ​បង​បង​ប្អូន​អាច​យក​ជំនួយ​មក​ផ្ញើ​នាង​ក៏​បាន ឬ​ទៅ​ផ្ទាល់​ដោយ​ខ្លួន​ឯង​ក៏​បាន។

 

នៅ សុនិតា រំជួល​ចិត្ត​នឹង​ជីវិត​លោក​តា​រើស​ជ័រ​កៅស៊ូ​ចិញ្ចឹម​ចៅ ៧នាក់

 

នៅ សុនិតា រំជួល​ចិត្ត​នឹង​ជីវិត​លោក​តា​រើស​ជ័រ​កៅស៊ូ​ចិញ្ចឹម​ចៅ ៧នាក់

រូប​ Facebook សុនិតា

 

បន្ទាប់​ពី​មូល​មតិ​ជាមួយ​មិត្តភ័ក្ដិ និតា គ្រោង​នឹង​នាំ​ជំនួយ​ផ្ទាល់​ខ្លួន​ទៅ​ជូន​លោក​តា និង​ចៅ​នៅ​មុន​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​ខាង​មុខ​នេះ។ “ខ្ញុំ​នឹង​យក​ទៅ​ជូន​គាត់​នៅ​ថ្ងៃ​ទី ១០ ខែ​ក្រោយ ដើម្បី​ឲ្យ​គាត់ និង​ចៅ​បាន​ហូប​ចុក​ឆ្អែត និង​ស្លៀក​ពាក់​ស្អាត​បាត​ទៅ​វត្ត​នឹង​គេ​បង ខ្ញុំ​ជួយ​បាន​តែ​ប៉ុណ្ណឹង!”។

 

តាម​ការ​បញ្ជាក់​របស់​តារា​ស្រី​វ័យ ២៥​នេះ ថា គិត​ត្រឹម​ថ្ងៃ​នេះ មាន​សប្បុរសជន​ខ្លះ​បាន​ផ្ដល់​ជំនួយ​មក​ខ្លះ​ៗ​ហើយ មាន​ជា​ថវិកា និង​គ្រឿង​ឧបភោគ​បរិភោគ​មួយ​ចំនួន​ហើយ។ ប្រសិន​បើ​ប្រិយមិត្ត​ចង់​រួម​ជួយ​បន្ត អាច​ទំនាក់​ទំនង​កញ្ញា នៅ សុនិតា ផ្ទាល់​តាម​រយៈ​លេខ​ទូរសព្ទ ០១៧ ៤៨៣៧៨៦ ០៩៣ ៣៩៩៩៨៧ ៕

 

អត្ថបទ៖ ទារិកា