អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ទឹក​ជូន​សហគមន៍​ប្រើប្រាស់​ធ្វើ​កសិកម្ម​ដោយសារ​ទឹក​បារាយណ៍​នៅសល់​តិចពេក​

ភ្នំពេញ:
​ដោយ​អនុវត្ត​ទៅតាម​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី​កង្វះខាត​ទឹក​ប្រើប្រាស់ ដោយសារ​រដូវប្រាំង​ឆ្នាំនេះ​អូសបន្លាយ​ពេល​យូរ នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦​នេះ បានប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ទឹក​ជូន​សហគមន៍ ដែល​ប្រើប្រាស់​ទឹក​បារាយណ៍​សម្រាប់​ស្រោចស្រព​ដំណាំ​កសិកម្ម​។ ការប្រកាស​ផ្អាក​នៅពេលនេះ គឺ​ដើម្បី​រក្សា​ទឹក​ខ្លះ​ឲ្យ​នៅសល់​នៅ​បាត​បារាយណ៍ ជា​ជម្រាប​ផ្គត់ផ្គង់​អណ្តូង និង​ប្រភពទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ​។​

​នៅ​ចំពោះមុខ​សហគមន៍​អ្នកប្រើប្រាស់​ទឹក​បារាយណ៍ និង​អាជ្ញាធរ​ភូមិ​ឃុំ​ដែល​ពាក់ព័ន្ធ ឯកឧត្តម ហង់ ពៅ អគ្គនាយករង​ទទួលបន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក មានប្រសាសន៍ថា ការផ្អាក​បង្ហូរទឹក​ជូន​ប្រជាពលរដ្ឋ​នៅពេលនេះ គឺ​ដោយសារ​បរិមាណ​ទឹក​បារាយណ៍​នៅសល់​តិចតួច ដែល​អាច​នឹង​ខះ​រីងស្ងួត បើ​នៅតែ​បន្ត​បង្ហូរ​ចេញទៅ​
​ផ្គត់ផ្គង់​ដំណាំ​កសិកម្ម​ប្រជាពលរដ្ឋ​។ ម្យ៉ាងទៀត ការធ្វើ​ស្រែប្រាំង​លើក​ទី​២​របស់​ប្រជាពលរដ្ឋ​ក៏បាន​រួចរាល់​ហើយ​ដែរ តែ​ការប្រកាស​ផ្អាក​នេះ គឺ​ដើម្បី​កុំ​ឲ្យ​ប្រជាពលរដ្ឋ​បង្កបង្កើនផល​សម្រាប់​ដំណាក់កាល​ទី​៣​ទៀត ព្រោះ​ទឹក​បារាយណ៍​បាន​ធ្លាក់​ដល់​
​កម្រិត​ទាប​បំផុត​ហើយ​។ ឯកឧត្តម​ក៏​លើក​សារាចរ​ណែនាំ​របស់​រាជរដ្ឋាភិបាល ដែល​បាន​ណែនាំ​ឲ្យ​ស្ថាប័ន និង​អង្គភាព​គ្រប់គ្រង​ទឹក​សន្សំសំចៃ​ទឹក​ទុក​សម្រាប់​ការប្រើប្រាស់​ប្រចាំថ្ងៃ​របស់​ប្រជាពលរដ្ឋ ដោយសារ​ឆ្នាំនេះ​ប្រទេស​ជាច្រើន​នៅលើ​សកលលោក​ដោយ​រួមទាំង​កម្ពុជា​ផង ប្រឈម​នឹង​រដូវប្រាំង​យូរ​ជាង​ប្រក្រតី​។​

​ពាក់ព័ន្ធ​នឹង​ទឹក​បារាយណ៍​ដែល​ស្ទើរតែ​ខះ​រីង​នៅពេលនេះ ឯកឧត្តម​បញ្ជាក់ថា ដោយសារ​ការបង្ហូរ​ទឹក​ជូន​ប្រជាពលរដ្ឋ​ប្រើប្រាស់​ឆ្នាំនេះ​ច្រើនជាង​ឆ្នាំមុន​។ “​វស្សា​កន្លងទៅ ទឹកទន្លេ​ទាប​ខ្លាំង មិនអាច​ហូរ​ចូល​ទំនប់​៧៨ ដែលជា​ឃ្លាំង​ផ្ទុក​ទឹក​សម្រាប់​ស្រោចស្រព​ស្រែប្រាំង​ជាង​២៦០០​ហិកតា​នៅក្រោម​ទំនប់​។ ប្រជាពលរដ្ឋ​នៅ​ទីនោះ​បានស្នើ​មក​យើង ដើម្បី​ប្រើប្រាស់​ទឹក​បារាយណ៍​ដែរ​។ មិនតែប៉ុណ្ណោះ តាម​ស្ថិតិ​ដែល​យើង​ទទួលបាន ប្រជាពលរដ្ឋ​បាន​ពង្រីក​ផ្ទៃដី​ដាំ​ដុះ​ដល់​ទៅ​ជាង​១៦០០​ហិកតា​បន្ថែមទៀត​។ ដូច្នេះ​សរុបទៅ ផ្ទៃដី​ដែល​បន្ថែម​ថ្មី​មាន​ដល់​ទៅ​ជាង​៤​ពាន់​ហិកតា ដែល​ធ្វើ​ឲ្យ​តម្រូវការ​ទឹក​បារាយណ៍​មាន​ចំនួន​ច្រើន​លើស​ធម្មតា​។ បច្ចុប្បន្ន ក្រុមការងារ​យើង​
​កំពុង​ចុះ​វាស់វែង​ដី ដើម្បី​ក្តាប់​ស្ថិតិ​បាន​ជាក់ស្តែង ដែល​អាច​ឲ្យ​យើង​ងាយស្រួល​គ្រប់គ្រង និង​ចែកចាយ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​”​។​

​លោក បូ ប៊​ត់ សមាជិក​ក្រុមប្រឹក្សា​សង្កាត់​ក្របី​រៀល​​បាន​លើកឡើងថា ប្រជាពលរដ្ឋនៅក្នុង​សង្កា​ត់របស់​​លោក​ភាគច្រើន សុទ្ធសឹង​ជា​ប្រជាកសិករ ដែល​ប្រកប​របរ​កសិកម្ម​ប្រចាំថ្ងៃ ដោយ​ពឹងផ្អែក​លើទឹក​ដែល​បាន​ពី​ទំនប់​៧៨ និង​បារាយណ៍ទឹកថ្លា​។ តែដោយសារ​ឆ្នាំនេះ​កម្ពស់​ទឹកទន្លេ​ទាប មិនអាច​ហូរ​ចូល​ទំនប់​៧៨​បាន ទើប​ប្រជាពលរដ្ឋ​ងាក​មកប្រើប្រាស់​ទឹក​បារាយណ៍​ទាំងស្រុង ដែលជា​ហេតុ​ធ្វើ​ឲ្យ​ទឹក​បារាយណ៍​មិនអាច​ផ្គត់ផ្គង់​ទឹក​បានជា​បន្តទៀត​។​

​ជាការ​ឆ្លើយតប ប្រធាន​សហគមន៍​ប្រើប្រាស់​ទឹក​​បារាយណ៍​ខាងលិច លោក ហួត ហៃ បញ្ជាក់ថា លោក​នឹង​នាំយក​ដំណឹង​នេះ​ទៅ​ជម្រាប​ប្រជាពលរដ្ឋ​ក្នុង​សហគមន៍​ឲ្យ​បាន​ជ្រាប​បន្ត ដោយ​មិន​ឲ្យ​ប្រជាពលរដ្ឋ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​បង្ហូរ​ទឹ​ត​ទៀត​ទេ ព្រោះ​ស្ថានភាព​ជាក់ស្តែង គឺ​ទឹក​បារាយណ៍​ពេលនេះ​មិនអាច​បង្ហូរ​ចេញ​បាន​ទៀត​ទេ​៕​

អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ទឹក​ជូន​សហគមន៍​ប្រើប្រាស់​ធ្វើ​កសិកម្ម​ដោយសារ​ទឹក​បារាយណ៍​នៅសល់​តិចពេក​

អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ទឹក​ជូន​សហគមន៍​ប្រើប្រាស់​ធ្វើ​កសិកម្ម​ដោយសារ​ទឹក​បារាយណ៍​នៅសល់​តិចពេក​

អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ទឹក​ជូន​សហគមន៍​ប្រើប្រាស់​ធ្វើ​កសិកម្ម​ដោយសារ​ទឹក​បារាយណ៍​នៅសល់​តិចពេក​

អាជ្ញាធរ​ជាតិ​អប្សរា​ប្រកាស​ផ្អាក​ការផ្គត់ផ្គង់​ទឹក​ជូន​សហគមន៍​ប្រើប្រាស់​ធ្វើ​កសិកម្ម​ដោយសារ​ទឹក​បារាយណ៍​នៅសល់​តិចពេក​