មន្ត្រី​កាំកុងត្រូល​ និង​នគរបាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព ​និង​ទំនិ​ញ​ក្លែងក្លាយ​

មន្ត្រី​កាំកុងត្រូល​ និង​នគរបាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព ​និង​ទំនិ​ញ​ក្លែងក្លាយ​



បន្ទាយមានជ័យ ​៖ ដើម្បី​រក្សា​បាន​នៅ​សុខភាព​ពលរដ្ឋ​កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០១៦ ​សាខា​កាំ​កុ​ង​ត្រូល ខេត្ត​បន្ទាយមានជ័យ ​រួម​នឹង​សមត្ថកិច្ច​ចម្រុះ​ចុះ​ត្រួត​ពិនិត្យ​ទំនិញ​នៅ​តាម​ទីផ្សារ​ ដែល​កំពុង​ធ្វើ​ចរាចរ​លក់ដូរ​ក្នុង​ក្រុង​ប៉ោយប៉ែត​ ដកហូត​បាន​ទំនិញ​បាន​មួយចំនួន​។​

លោក ​ហុង លៀង អនុប្រធាន​សាខា​កាំកុងត្រូល ខេត្តបន្ទាយមានជ័យ​បាន​ឲ្យ​ដឹង​ថា​ តាម​ការ​ណែ​នាំ​ពី​ លោក ស៊ាន ស៊ី​ណាត ប្រធាន​សាខា​កាំកុងត្រូល​ខេត្ត​អនុញ្ញាត ​ខណៈ​ពេលនេះ​រដូវ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ បាន​ជិត​មកដល់​ដូច្នេះ​រាល់​ទំនិញ​ ដែល​ធ្វើ​ចរាចរ​នៅ​ទីផ្សារ ​ត្រូវតែ​ឃ្លាំមើល ​និង​ត្រូវ​ត្រួ​ត​ពិនិត្យ​ដោយ​យកចិត្តទុកដាក់​ពី​មន្ត្រី​ជំនាញ​។​ ហើយ​ក្រុម​អាជីវករ​មួយចំនួន​ក៏​ត្រូវ​បាន​ឲ្យ​ផ្ដិតមេដៃ​ធ្វើ​កិច្ចសន្យា​ក្នុង​ការ​បញ្ឈប់​នាំ​ទំនិញ​ខូចគុណភាព​ និង​គ្មាន​យីហោ​លក់ដូរ​តទៅទៀត​។​

លោក ហុង លៀង បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ​ចំពោះ​អាជីវករ​បាន​ធ្វើ​កិច្ចសន្យា ​ហើយ​នៅតែ​បន្ត​នាំចូល​រាល់​ទំនិញ​ខូចគុណភាព ដាក់​លក់​តទៅទៀត​ត្រូវ​ប្រឈម​ចំពោះមុខ​ច្បាប់​។​

ជា​លទ្ធផល​សមត្ថកិច្ច​ជំនាញ​បាន​រឹបអូស​មួយចំនួន​រក្សាទុក ​និង​កម្ទេច​ចោល​ដូចជា ​នំ​វិច​ខ្ចប់​ ដោយ​គ្មាន​យីហោ​គ្មាន​គុណភាព​២​គីឡូក្រាម ទឹក​ខ្មេះ​រូប​ទន្សាយ ៥៧​ដប ភេសជ្ជៈ​ទឹកក្រូច​ទឹក​ត្រឡាច​៤​កំ​ប៉ុង នំ​ការ៉េម​២​គីឡូក្រាម នំ​កម្ទេច​មី​១៣​គីឡូក្រាម នំ​ចម្រុះ​៥០​គីឡូក្រាម​ និង​ទំនិញ​មួយចំនួន​ផ្សេង​ទៀត​។​

សមត្ថកិច្ច​ចម្រុះ បាន​សំណូមពរ​ដល់​ពលរដ្ឋ​ផង​ដែរ ការទិញ​ទំនិញ​គ្រប់​ប្រភេទ ត្រូវ​ពិនិត្យ​ឲ្យ​បាន​កា​ល​បរិច្ឆេទ គុណភាព​ម្ហូបអាហារ ច្បាស់លាស់​មុន​យក​ទៅ​បរិភោគ​ ឬ​ទៅ​ប្រើប្រាស់​៕

មន្ត្រី​កាំកុងត្រូល​ និង​នគរបាល​​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ ចុះ​ត្រួតពិនិត្យ​ទំនិញ​ខូចគុណភាព ​និង​ទំនិ​ញ​ក្លែងក្លាយ​