ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨



សៀមរាប ៖ ​លោកស្រី អ៊ឹម ​ស៊ីថែ ​រដ្ឋលេខាធិការ​ក្រសួង​កិច្ចការ​នារី និង​ជា​អនុប្រធាន​ក្រុម​ប្រឹក្សា​ជា​តិ​ ដើម្បី​កុមារ លោក ​គឹម ​ឆៃហៀង ​អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត​សៀមរាប និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជាតិ​ ដើម្បី​អភិវឌ្ឍន៍​កុមារ​ប្រចាំ​ខេត្តសៀមរាប បាន​អញ្ជើញ​ជា​គណៈអធិបតី​ក្នុង​កិច្ចប្រជុំ​ផ្សព្វ​ផ្សាយ​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨ ដែល​ប្រារព្ធ​ធ្វើឡើង​នៅ​ភោជ​នីយដ្ឋាន​មង់​ឌី​យ៉ា​ល់ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​តំណាង​មន្ទីរ អង្គភាព ស្ថាប័ន​អង្គការ​សមាគម​ន៍ ​និង​សិស្សានុសិស្ស​កិច្ចប្រជុំ​នេះ មាន​គោលបំណង​ដើម្បី​លើកកម្ពស់​ការ​យល់​ដឹង​លើ​ផែនការ​សក​ម្មភាព​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨ ​និង​បង្កើន​ប្រសិទ្ធភាព​នៃ​ការអនុវត្ត​សកម្មភាព​នា​នា​ ដែល​មាន​នៅក្នុង​ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ ទាក់ទាញ​មតិ​គាំទ្រ​ ដើម្បី​ស្វែងរក​ធនធាន​។​ ​ ​ ​ ​ ​ ​ ​

លោក គឹម ឆៃ​ហៀ​ង បាន​មានប្រសាសន៍ថា កិច្ចប្រជុំ​ថ្ងៃនេះ​ធ្វើឡើង​ ដើម្បី​ត្រួតពិនិត្យ​ឡើងវិញ​នូវ​ស​កម្មភាព​ ដែល​ត្រូវ​អនុវត្ត​ទិសដៅ​បន្ត​សម្រាប់​ឆ្នាំ​២០១៦-២០១៨ ក្នុង​ការ​ឆ្លើយតប​ទៅ​នឹង​ផែនការ​ជាតិ​អភិវឌ្ឍន៍​កុមារ​រយៈពេល​៥​ឆ្នាំ​។​ ជាពិសេស គឺ​ការអនុវត្ត​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​ចំ​ពោះ​ចក្ខុវិស័យ​កុមារ រាជរដ្ឋាភិបាល​បាន​បង្កើត​គោលនយោបាយ ​និង​ផែនការ​សកម្មភាព​ជាតិ​ពាក់​ព័ន្ធ​នឹង​កុមារ​ជាច្រើន និង​បាន​បង្កើត​យន្តការ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​សម្របសម្រួល​ការ​ងារ​កុមារ​ឲ្យ​មាន​ប្រសិទ្ធភាព​។ ក្នុង​នោះ​ដែរ ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ ក៏​ជា​យន្តការ​របស់​ជាតិ​តែមួយគត់​ក្នុង​ការ​សម្របសម្រួល ពិនិត្យ ដាម​ដាន វាយតម្លៃ និង​លើក​ជា​អនុសាសន៍​នានា សំដៅ​ធានា​សុខមាលភាព​កុមារ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​។​ ​ ​ ​ ​ ​

លោកស្រី អ៊ឹម ស៊ីថែ ក៏បាន​មានប្រសាសន៍​លើកឡើង​បញ្ជាក់​បន្ថែម​ពី​ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្ម​ភាព​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨​ថា ផែនការ​សកម្មភាព​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ គឺ​ជា​ផែនការ​ទីមួយ​របស់​ប្រទេស​កម្ពុជា ជា​ផែនការ​បង្ហាញផ្លូវ និង​ជា​ផែនការ​គោល​សម្រាប់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ និង​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ទាំង​នៅ​ថ្នាក់​ជាតិ និង​ថ្នាក់ក្រោម​ជាតិ ដើម្បី​រៀបចំ និង​អនុវត្ត​កម្មវិធី​ដែល​ផ្ដោត​លើ​កុមារ​ក្នុង​ការ​រួមចំណែក​សម្រេច​ឲ្យ​បាន​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​។ ផែនការ​សកម្មភាព​ស្ដី​ពី​ការ​អភិវឌ្ឍ​កុមារ ក៏បាន​បង្ហាញ​អំពី​តួនាទី​ និង​ការទទួលខុសត្រូវ​របស់​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍ អង្គការ​ជាតិ​-​អន្តរជាតិ ស​ង្គម​ស៊ីវិល វិស័យ​ឯកជន​ និង​កុមារ​ខ្លួនឯង ក្នុង​ការ​ចូលរួម​សម្រេច​ឲ្យ​បាន​នូវ​ការ​កែលំអ​ស្ថានភាព​រប​ស់​កុមារ​កម្ពុជា ដើម្បី​ទទួល​បាន​សិទ្ធិ និង​ឱកាស​ស្មើភាព​គ្នា សម្រាប់​ការ​រីក​លូតលាស់ និង​អភិវឌ្ឍន៍​ប្រកបដោយ​សុខដុម​នីយកម្ម​។ លោកជំទាវ ក៏បាន​បញ្ជាក់​ទៀត​ថា នេះ​គឺជា​ជំហាន​ថ្មី​មួយទៀត​នៃ​ប្រវត្តិសាស្ត្រ​កម្ពុជា ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​រាជរដ្ឋាភិបាល​បាន​បង្កើត​ផែនការ​សកម្ម​ភាព​ជាតិ​ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ដាច់ដោយឡែក ដែល​នឹង​ដាក់​ឲ្យ​អនុវត្ត​សម្រាប់​រយៈពេល​៣​ឆ្នាំ​ខាង​មុខ​នេះ ​ស្របតាម​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ ដើម្បី​ធានា​ថា បញ្ហា​កុមារ​ត្រូវ​បាន​ដាក់បញ្ចូល​ទៅ​គ្រប់​វិស័យ​ពាក់ព័ន្ធ ក្នុង​ការ​លើកកម្ពស់​សិទ្ធិ សុវត្ថិភាព ស្ថានភាព និង​ជំនាញ​របស់​កុមារ។

ការ​វិនិយោគ​ជាមួយ​កុមារ គឺជា​ការងារ​អាទិភាព ដោយសារ​ការ​វិនិយោគ​លើ​កុមារ​នៅ​ថ្ងៃ​នេះ និង​ប​ង្កើត​បាន​ជា​ធនធានមនុស្ស ​ដែល​មាន​ជំនាញ ​និង​ប្រកបដោយ​សក្ដានុពល​នា​ពេល​អនាគត ដើម្បី​ធានា​ចីរភាព​កំណើនសេដ្ឋកិច្ច និង​ការ​លើក​កម្ពស់​សុខុមាលភាព​របស់​ប្រជាជន​ផង​ដែរ​៕​

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨

ប្រជុំ​ផ្សព្វផ្សាយ​ផែនការ​សកម្មភាព​ជាតិ ស្ដីពី​ការ​អភិវឌ្ឍ​កុមារ​ឆ្នាំ​២០១៦-២០១៨