ការ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្តារ​ព្រែក​នៅ​ស្រុក​ស្អាង ស្រុក​កោះធំ និង​ខេត្ត​កណ្ដាល​

ការ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្តារ​ព្រែក​នៅ​ស្រុក​ស្អាង ស្រុក​កោះធំ និង​ខេត្ត​កណ្ដាល​

ភ្នំពេញ ​៖ លោក លឹម គានហោ រដ្ឋមន្ត្រី​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម ​កាលពី​ថ្ងៃ​ទី​២៥ ខែ​មីនា ឆ្នាំ​២០១៦ បាន​អញ្ជើញ​ចុះ​ពិនិត្យ​ការដ្ឋាន​ស្តារ​ព្រែក នៅ​ក្នុង​ស្រុក​ស្អាង និង​ស្រុក​កោះធំ ខេត្ត​កណ្តាល។

មានប្រសាសន៍​ក្នុងឱកាស​ចុះ​ពិនិត្យ​ការងារ​នេះ លោក​រដ្ឋមន្ត្រី បាន​ជម្រាប​ឲ្យ​ដឹងថា​ នៅ​ខេត្ត​កណ្តាល ក្រសួង​បាន​ធ្វើ​ការសិក្សា​វាយតម្លៃ​បឋម​លើ​ព្រែក ចំនួន​៣០៣​ព្រែក និង​បាន​កំណត់​យក​ព្រែក​ចំនួន​៧៧ ដែល​មាន​សក្ដានុពល​ខ្ពស់​ជាងគេ ជា​អាទិភាព សម្រាប់​ការ​ស្តារឡើងវិញ ដោយ​បែង​ចែកជា​២ដំណាក់កាល។ ក្នុងដំណាក់កាល​ទី១-ដែល​យើង​កំពុង​អនុវត្ត​ក្រោម​ហិរញ្ញប្បទាន​ពី​ទីភ្នាក់ងារ​បារាំង​សម្រាប់​ការអភិវឌ្ឍន៍ ( AFD) នា​ពេល​នេះ មាន​ចំនួន​៣០​ព្រែក និង​ត្រូវ​អនុវត្ត​ក្នុង​រយៈពេល​០២​ឆ្នាំ។

លោក​រដ្ឋមន្ត្រី​បន្តទៀតថា តាំងតែ​ពី​បុរាណកាល​មក ព្រែក​បាន​ដើរតួនាទី​យ៉ាងសំខាន់​ក្នុង​ការ​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ។ ព្រែក​នាំមក​នូវ​ដី​ល្បប់ មច្ឆា​ជាតិ​គ្រប់​ប្រភេទ ពិសេស​គឺ​ទឹកសម្រាប់​បម្រើ​ដល់​ការប្រើប្រាស់​ប្រចាំថ្ងៃ និង​ការងារ​ដាំ​ដុះ។

លោក​បន្តថា ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស យើង​មាន​ព្រែក​តូច​ធំ​ជាង​១.៣៥០​ព្រែក ដោយ​ឡែក​តែ​ក្នុង​ខេត្ត​កណ្តាល​យើង​នេះ មាន​ព្រែកចំនួន​៣៥៤ព្រែក ប៉ុន្តែ​ដោយសារ​ពេលវេលា កត្តា​ធម្មជាតិ និង​កត្តា​មនុស្ស បាន​ធ្វើ​ឲ្យ​ព្រែក​របស់​យើង​មួយចំនួនធំ ត្រូវ​បាន​គោក​រាក់ និង​ខ្លះ​ទៀត​បាន​បាត់​រូបរាង​ទាំងស្រុង​តែម្ដង។

ពាក់ព័ន្ធ​នឹង​លក្ខណៈ​បច្ចេកទេស លោក​រដ្ឋមន្ត្រី​បាន​ប្រាប់​ឲ្យ​ដឹងថា ជា​ធម្មជាតិ ព្រែក​មាន​តួនាទី​នាំ​ទឹក​ពី​ស្ទឹង ទន្លេ ទៅកាន់​បឹងបួ ឬ​តំបន់​ទំនាប នៅ​រដូវ​ទឹក​ឡើង ហើយ​នៅ​រដូវ​សម្រក ព្រែក​នឹង​នាំ​ទឹក​ពី​បឹងបួ តំបន់​ទំនាប មកកាន់​ស្ទឹង ទន្លេ​វិញ។ ប៉ុន្តែ​នៅ​ក្នុង​ការ​ស្តារឡើងវិញ​នា​ពេល​នេះ យើង​បាន​ធ្វើ​ការ​កែប្រែ​ខ្លះ​នូវ​ចរន្ត​ធម្មជាតិ​នេះ ដោយ​យើង​សាងសង់​សំណង់​ទ្វារ​ទឹក​នៅ​នឹង​មាត់​ព្រែក និង​សាងសង់​សំណង់​សិល្បការ​មួយ​ចំនួន​នៅ​លើ​តួ​ព្រែក ដើម្បី​ស្ទាក់​ទឹក​ទុក មិន​ឲ្យ​ហូរ​ចេញ​មកវិញ​ដូច​ពីមុន​ទេ។

ចំពោះ​ការគ្រប់គ្រង​លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់​ថា ពី​បុរាណ​មក ព្រែក​នីមួយៗ​សុទ្ធ​តែមាន​មេ​ព្រែក ដែល​មេ​ព្រែក​ទាំងនោះ​ជា​អ្នកគ្រប់គ្រង ចាត់ចែង លើ​ការប្រើប្រាស់​ព្រែក ដូចនេះហើយ​បាន​ជា​យើង​បាន​ឮ​ឈ្មោះ​មេ​ព្រែក​ទាំងនោះ​រហូតដល់​បច្ចុប្បន្ន ដូចជា​ព្រែ​កតា​អ៊ុក ព្រែក​តា​ឡៃ ព្រែក​កុង​វ៉ាន់ ព្រែក​យាយ​ហៃ ។​ល​។ ប៉ុន្តែ​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន ក្រោយ​ពេលដែល​យើង​ស្តារ​រួច ក្រសួង​នឹង​រៀបចំ​ជា​សហគមន៍ ដើម្បី​គ្រប់គ្រង​ព្រែក​នីមួយៗ។​

លោក​រដ្ឋមន្ត្រីបានផ្តល់​អនុសាសន៍​ដ​ល់​ក្រុមហ៊ុន​ដែល​កំពុង​សាងសង់ យកចិត្តទុកដាក់​អនុវត្ត​ការងារ​របស់ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ​ទៅតាម​ស្តង់ដារ​ និង​បទដ្ឋាន​បច្ចេកទេស ដើម្បី​ធានា​បាន​នូវ​គុណ​ភាព និង​ការប្រើប្រាស់​បាន​យូរ​អង្វែង៕​