ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​ចរាចរណ៍​ជ្រុល​ទៅ​បុក​អ្នក​ម៉ូតូ​១​គ្រឿង​ទៀត​បែក​ក្បាល​សន្លប់​ឈឹង

ជិះ​ម៉ូតូ​បញ្ច្រាស​ទិស​ចរាចរណ៍​ជ្រុល​ទៅ​បុក​អ្នក​ម៉ូតូ​១​គ្រឿង​ទៀត​បែក​ក្បាល​សន្លប់​ឈឹង



ភ្នំពេញ ​៖​ ​ដោយសារ​តែ​ការ​បើកបរ​មិន​ប្រកាន់​ស្ដាំ​ ឬ​មិន​គោរព​ច្បាប់​ចរាចរណ៍​នេះ​ហើយ​ ​​តែងតែ​ធ្វើ​ឲ្យ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ញឹកញាប់​នោះ។ ដូច​ក្នុង​ករណី​មួយ​នេះ​ជាដើម​ ដោយសារ​អ្នកបើកបរ​មិនបាន​ប្រកាន់​ស្ដាំ​ឲ្យ​បាន​ត្រឹមត្រូវ​ ទើប​នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ក៏​​បុក​គ្នា​ពេញទំហឹង​បណ្ដាល​ឲ្យ​ជនរងគ្រោះ​ដួល​បោក​ក្បាល​នឹង​ថ្នល់​សន្លប់​ឈឹង​មួយ​រំពេច។

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២០​យប់​ថ្ងៃ​ទី​២៥ ​ខែ​មីនា ​ឆ្នាំ​២០១៦​នៅ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ​៣​ មុខ​បន្ទាយ​កងពលតូច​លេខ​៧០​ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ព្រីង​ខាងត្បូង​ សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ។

តាម​សាក្សី​បាន​ឲ្យ​ដឹង​ថា ​ភាគី​បង្ក ​ដែល​ជិះ​បញ្ច្រាស​ទិសដៅ​ចរាចរណ៍​នោះ​ ជិះ​ម៉ូតូ​ម៉ាក​គុប​ជ្រុង​ ពណ៌​ស្លែ​ ពាក់​ស្លាក​លេខ​ភ្នំពេញ​1M 8235 ដែល​ជិះ​ដោយ​យុវជន​ម្នាក់​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ​ដោយ​បើក​សសៀរ​ខាង​ឆ្វេង​ដៃ​របស់​ខ្លួន។ ចំណែក​ភាគី​រងគ្រោះ​ជិះ​ប្រកាន់​ស្ដាំ​ត្រឹមត្រូវ​ធ្វើដំណើរ​ក្នុង​ទិសដៅ​ពី​ជើង​ទៅ​ត្បូង។ ម៉ូតូ​របស់​ជនរងគ្រោះ​ម៉ាក​ហុងដា​ឌ្រីម ​សេ​១២៥​ ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FO 7974 ​ហើយ​ជនរងគ្រោះ​បែក​ក្បាល​ហូរ​ឈាម​ដក់​នឹង​ថ្នល់​សល់​តែ​ដង្ហើមចង្រិត ​ដែល​មើល​ទៅ​សភាព​ធ្ងន់ធ្ងរ​មិនសូវ​សង្ឃឹម​នោះ​ឡើយ។

តាម​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើត​ហេតុ ​មាន​ម៉ូតូ​ពីរ​គ្រឿង​ជិះ​ក្នុង​ទិសដៅ​បញ្ច្រាស​គ្នា​ តែ​ភាគី​ម៉ូតូ​បង្ក​បាន​ជិះ​ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​ ដោយ​បើក​សសៀរ​ខាងឆ្វេង​ដៃ​របស់​ខ្លួន។ នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ​ ស្រាប់​តែ​មាន​ម៉ូតូ​មួយ​គ្រឿង​របស់​ជនរងគ្រោះ ​បើក​ពី​ជើង​ទៅ​ត្បូង ហើយ​ក៏​បុក​គ្នា​ពេញទំហឹង​តែម្ដង ​បណ្ដាល​ឲ្យ​ភាគី​រងគ្រោះ​ដួល​ទាំង​ជំហរ​បោក​ក្បាល​ទៅ​នឹង​ថ្នល់​បែក​ក្បាល​ហូរ​ឈាម​ដក់​នៅ​នឹង​ថ្នល់​សន្លប់​ឈឹង​តែម្ដង​។​

ប្រភព​បន្ដ​ថា បើ​ពិនិត្យ​ពី​ស្ថានភាព​រងគ្រោះ​គឺ​ប៉ះពាល់​ក្បាល​ធ្ងន់ធ្ងរ​ ដែល​អ្នកខ្លះ​អះអាង​ថា​ដូចជា​ពិបាក​សង្ឃឹម​ណាស់ តែ​ទោះជា​យ៉ាងណា​គេ​បាន​ដឹក​តាម​រថយន្ដ​ទៅកាន់​មន្ទីរពេទ្យ​ដើម្បី​ជួយសង្គ្រោះ​អាយុជីវិត​។​

ក្នុង​ហេតុការណ៍​នោះ​គេ​ឃើញ​ភាគី​ម៉ូតូ​បង្ក​មិនបាន​រត់​គេច​ខ្លួន​ទៅ​ណា​ទេ​ ដោយ​បាន​នៅ​មើល​អ្នករងគ្រោះ​ជាប់​ជាប្រចាំ​ពោល​គឺ​គេ​មានការ​ទទួលខុសត្រូវ​នូវ​អ្វី​ដែល​គេ​បាន​ធ្វើ​ដែរ។

ក្រោយពេល​កើតហេតុ​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ចុះទៅ​វាស់វែង​យក​មធ្យោបាយ​ពាក់ព័ន្ធ​ទាំង​ពីរ​គ្រឿង​ទៅ​រក្សាទុក​នៅ​ផ្នែក​សណ្ដាប់ធ្នាប់​ចរាចរណ៍​នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​រង់ចាំ​ធ្វើការ​ដោះស្រាយ​គ្នា​នៅ​ពេល​ក្រោយ៕