សមត្ថកិច្ច​ចម្រុះ ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ និង​គោយន្ត​កន្ត្រៃ​០៣​គ្រឿង​ ករណី​លួច​កាប់​ព្រៃ​របស់​រដ្ឋ​

សមត្ថកិច្ច​ចម្រុះ ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ និង​គោយន្ត​កន្ត្រៃ​០៣​គ្រឿង​ ករណី​លួច​កាប់​ព្រៃ​របស់​រដ្ឋ​



​សៀមរាប​ ៖ ​គោយន្ត​កន្ត្រៃ​ចំនួន​០៣​គ្រឿង​ដឹកឈើ​ខុសច្បាប់ ​ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ ​និង​ក​ម្លាំង​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពាក់​ស្នែង​ ចុះ​បង្ក្រាប​ពី​បទ​កាប់​រាន​ព្រៃ​របស់​រដ្ឋ ​និង​ដឹកជញ្ជូន​ឈើ​ខុ​ស​ច្បាប់​។ ករណី​ចុះ​បង្ក្រាប​គោយន្ត​កន្ត្រៃ​ដឹកឈើ​ខាង​លើ​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​២៥​ ខែ​មីនា ​ឆ្នាំ​២០១៦ ត្រង់​ចំណុច​ភ្នំ​អំពិល ស្ថិត​ក្នុង​ភូមិ​លៀប ឃុំ​ពាក់​ស្នែង ​ស្រុក​អង្គរធំ​ ខេត្ត​សៀមរាប​។​

តាម​ការ​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ពាក់​ស្នែង​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ការ​ចុះ​បង្ក្រាប​នេះ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​ធ្វើ​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០៣​នាក់ គោយន្ត​កន្ត្រៃ​ចំនួន​០៣​គ្រឿង ​និង​រណា​យន្ត​សម្រាប់​អារឈើ​ខុស​ច្បាប់​ចំនួន​០៤​គ្រឿង​។

មន្ត្រី​នគរបាល​ដដែល​បាន​បន្ត​ថា ជនសង្ស័យ​ទាំង​០៣​នាក់​មានឈ្មោះ​ដូច​ខាង​ក្រោម​ ទី​១-​ឈ្មោះ ឡី ង៉ា ភេទ​ប្រុស អាយុ​២៣​ឆ្នាំ​ ទី​២-​ឈ្មោះ ធួ​ត ធី ភេទ​ប្រុស អាយុ​១៧​ឆ្នាំ​ ទី​៣-​ឈ្មោះ រឹម ង៉ា ភេទ​ប្រុស អាយុ​២៥​ឆ្នាំ​ ជនសង្ស័យ​ទាំង​០៣​នាក់​ខាងលើ​រស់​នៅ​ក្នុង​ភូមិ​បន្ទាយ​ស្រី ​ឃុំ​ខ្នារ​សណ្ដាយ​ ស្រុក​បន្ទា​យ​ស្រី ខេត្តសៀមរាប​។

ក្រោយពី​ធ្វើការ​ឃាត់ខ្លួន ​និង​សួរនាំ​ខ្លះៗ​រួច​មក ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​នាំ​ជនសង្ស័យ​ទាំង​០៣​នាក់ ​រួម​ទាំង​វត្ថុ​តាង​មកកាន់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពាក់​ស្នែង​ នៅ​វេលា​ល្ងាច​ថ្ងៃ​ដ​ដែល ​ដោយ​បា​ន​ធ្វើ​កិច្ចសន្យា​អប់រំ​ណែនាំ​ឲ្យ​បញ្ឈប់​ការ​កាប់​រាន​ព្រៃឈើ​ខុសច្បាប់​តទៅទៀត​ បន្ទាប់មក​កម្លាំង​នគរ​បាល​ប៉ុស្តិ៍​រដ្ឋបាល ​និង​កម្លាំង​រដ្ឋបាល​ព្រៃឈើ​បានសម្រេច​ឲ្យ​ជនសង្ស័យ​ទាំង​០៣​នាក់​ ត្រឡប់​ទៅ​ផ្ទះ​វិញ ​ហើយ​បាន​ណែនាំ​ពួកគេ​ត្រូវធ្វើ​លិខិតបញ្ជាក់​ពី​ភូមិ-ឃុំ ដើម្បី​យក​មក​ធ្វើការ​ដោះស្រាយ យក​គោយន្ត​ទៅ​ប្រើ​ប្រាស់​វិញ​។​

បច្ចុប្បន្ន​គោយន្ត​កន្ត្រៃ​០៣​គ្រឿង ​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ចម្រុះ​សម្រេច​រក្សាទុក​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ពាក់​ស្នែង ​ចំពោះ​រណា​យន្ត​អារឈើ​ទាំង​០៤​គ្រឿង​ ត្រូវ​បាន​កម្លាំង​រដ្ឋបាល​ព្រៃឈើ​ធ្វើការ​ដកហូត​យក​ទៅ​រក្សា​ទុក​នៅ​រដ្ឋបាល​ព្រៃឈើ​ស្រុក​អង្គរធំ​៕​

សមត្ថកិច្ច​ចម្រុះ ​ឃាត់ខ្លួន​ជនសង្ស័យ​០៣​នាក់​ និង​គោយន្ត​កន្ត្រៃ​០៣​គ្រឿង​ ករណី​លួច​កាប់​ព្រៃ​របស់​រដ្ឋ​