​កូនកំលោះ​ដែល​កូនក្រមុំ​រត់​ចោល​ដាក់​ឱសានវាទ​៥​ថ្ងៃ​ដល់​ឪ​ក្មេក​រក​កូនស្រី​ឱ្យ​ឃើញ​បើ​មិនឃើញ​ត្រូវ​សង​ថ្លៃទឹកដោះ​

​ខេត្ដកំពង់ធំ​ ៖​ រឿងរ៉ាវ​កូនក្រមុំ​រត់​ ចោល​កូនកំលោះ​ទៅ​តាម​បុរស​ម្នាក់​ជា​ កូន​ប្រជា​ការពារ​ភូមិ​ធ្វើ​ឱ្យ​កូនកំលោះ​ ខក​ខានមិនបាន​ផ្សំ​ដំណេក​កាលពី​ប៉ុន្មាន​ ថ្ងៃ​កន្លង​មកនេះ​បន្ទាប់​ពី​កូនកំលោះ​ខូច​ ចិត្ដ​ផឹកស្រា​ស្រវឹង​ជាមួយ​ឪ​ក្មេក​ និង​ ក្រោយ​ពី​ស្វាង​ស្រា​បាន​ដាក់​ឱសានវាទ​ កំណត់​រយៈពេល​៥​ថ្ងៃ​ឱ្យ​ឪ​ក្មេក​រក​កូនស្រី​(​កូនក្រមុំ​)​ឱ្យ​ឃើញ​តែបើ​មិនឃើញ​ទេ​ នោះ​កូនកំលោះ​និង​ដាក់​ពាក្យបណ្ដឹង​ទាមទារ​ថ្លៃ​បណ្ដា​ការ​(​ថ្លៃទឹកដោះ​)​ និង​ជំងឺ​ ចិត្ដ​ ដែល​កូនក្រមុំ​បាន​ធ្វើ​ឱ្យ​ក្រុម​គ្រួសារ​ របស់​ខ្លួន​ទទួល​ភាព​អាម៉ាស់​ ។​ នេះ​បើ​ តាម​ការ​បង្ហើប​ឱ្យ​ដឹង​ពី​ក្រុម​គ្រួសារ​ខាង​ កូនកំលោះ​នៅ​រសៀល​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ ។​

​ប្រភព​ពី​ក្រុម​គ្រួសារ​កូនកំលោះ​ បានឱ្យ​ដឹង​ទៀត​ថា​ ចំពោះ​ករណី​កូន​ ក្រមុំ​រត់​ចោល​កូនកំលោះ​នេះ​ប្រសិនបើ​ ក្រុម​គ្រួសារ​ខាង​ស្រី​រក​កូនក្រមុំ​ឃើញ​ ក្នុង​រយៈពេល​៥​ថ្ងៃ​នោះ​កូនកំលោះ​មិន​ ត្រឹមតែ​មិន​ប្ដឹង​ទាមទារ​ថ្លៃទឹកដោះ​ ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ទទួលយក​កូនក្រមុំ​ ធ្វើ​ជា​ភរិយា​ដោយ​ដៃ​ទាំង​ទ្វេ​ទៀត​ផង​ ។​

​បើ​គិត​ពី​ថ្ងៃ​កូនក្រមុំ​រត់​ចោល​កូន​ កំលោះ​មក​ដល់​ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​ ២០១៦​ ហើយ​បើ​គិត​ពី​ឱសានវាទ​របស់​ កូនកំលោះ​កំណត់​ឱ្យ​ឪ​ក្មេក​រក​កូនក្រមុំ​ឱ្យ​ ឃើញ​នោះ​ជិត​ផុត​ថ្ងៃ​ទៅ​ហើយ​ ។​ បើ​ តាម​ប្រភព​ពី​សាច់ញាតិ​និង​ក្រុម​ គ្រួសារ​កូនក្រមុំ​បាន​បង្ហើប​ថា​ ចាប់​តាំង​ ពី​កូនក្រមុំ​រត់​តាម​អ​ន្ទិ​ត​កូនប្រុស​ប្រជា​ ការពារ​ភូមិ​នោះ​មិន​ដែល​ទាក់ទង​ មក​ឪពុក​ម្ដាយ​នោះ​ទេ​សូ​ម្បី​តាម​ ទូរស័ព្ទ​មិនដឹង​ថា​នាងរ​ត់ទៅ​លាក់ខ្លួន​ពួន​ អាត្មា​នៅ​កន្លែង​ណា​ឡើយ​។​ ដូច្នេះ​គេ​ជឿ​ ថា​ ឪពុក​ម្ដាយ​កូនក្រមុំ​ជៀស​មិន​ផុត​ ពី​សង​ថ្លៃទឹកដោះ​ និង​ជំងឺ​ចិត្ដ​ដល់​ខាង​ ប្រុស​ឡើយ​ ។​
​លោក​ ចារ​ សុ​ខន​ មេ​ប៉ុស្ដិ៍​នគរបាល​ ឃុំ​ក្រយា​បានឱ្យ​ដឹង​ថា​ រហូត​ដល់​រសៀល​ ថ្ងៃ​ទី​២៥​ ខែមីនា​ ឆ្នាំ​២០១៦​ ខាង​លោក​ មិន​ទាន់​បាន​ទទួល​ពាក្យបណ្ដឹង​ពី​ភាគី​ ខាង​កូនកំលោះ​នៅឡើយ​ទេ​ ។​

​គួរ​រំលឹក​ថា​ កាលពី​យប់​ថ្ងៃ​ទី​២១​ ខែ​ មីនា​ ឆ្នាំ​២០១៦​ នៅ​ភូមិ​-​ឃុំ​ក្រយា​ ស្រុក​ស​ន្ទុ​ក​ ខេត្ដកំពង់ធំ​ មាន​ករណី​កូន​ ក្រមុំ​វ័យក្មេង​បាន​រត់​ចោល​កូនកំលោះ​ វ័យ​ចំណាស់​បន្ទាប់​ពី​កាត់​ផ្លែ​ឈើ​ធ្វើ​ ឱ្យ​សាច់ញាតិ​ទាំង​សងខាង​ ព្រមទាំង​ ភ្ញៀវ​ដែល​បាន​ទៅ​ចូលរួម​មានការ​ភ្ញាក់​ ផ្អើល​យ៉ាង​ខ្លាំង​ ។​ កូនក្រមុំ​ដែល​រត់​ ចោល​កូនកំលោះ​នោះ​ឈ្មោះ​លុយ​ ស្រី​អូន​ អាយុ​១៨​ឆ្មាំ​ រីឯ​កូនកំលោះ​ខកខាន​មិន​ បាន​ផ្សំ​ដំណេក​ឈ្មោះ​សេន​ មុំ​ អាយុ​៣៧​ ឆ្នាំ​ រស់នៅ​ភូមិ​-​ឃុំ​ក្រយា​ ស្រុក​ស​ន្ទុ​ក​ ខេត្ដកំពង់ធំ​ជាមួយ​គ្នា​ ។​
​នៅ​ក្រោយ​កើតហេតុ​នោះ​ដែរ​សាច់​ ញាតិ​ខាង​កូនកំលោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា​ ខាង​ឪពុក​ម្ដាយ​កូនកំលោះ​បាន​ចូល​ស្ដី​ ដណ្ដឹងកូនក្រមុំ​តាម​ផ្លូវ​ទៅ​តាម​ច្បាប់​ ដោយ​ព្រមព្រៀង​គ្នា​ក្នុង​តម្លៃ​ទឹកដោះ​ ចំនួន​៤​ពាន់​ដុល្លារ​។​ ក្នុង​នោះ​បាន​បន្ថែម​ ៩០​ម៉ឺន​រៀល​ និង​មាស​១​ជី​សម្រាប់​កាត់​ ខោអាវ​ និង​ធ្វើ​ចិញ្ចៀន​បំពាក់​លម្អ​ឱ្យ​ កូនក្រមុំ​ ។​

​បើ​តាម​អ្នក​ទៅ​ចូលរួម​ពិធី​មង្គលការ​ នៅ​ថ្ងៃ​នោះ​បានឱ្យ​ដឹង​ថា​ ពិធី​មង្គលការ​ ខាងលើ​នេះ​បាន​ដំណើរការ​ទៅ​យ៉ាង​រលូន​ ចាប់តាំងពី​ល្ងាច​ថ្ងៃ​ចូល​រោង​ ។​ លុះដល់​ ព្រឹក​ថ្ងៃ​ហែ​ជំនូន​ចូល​រោង​កូនក្រមុំ​និង​ កូនកំលោះ​បាន​ក្រាប​សំពះ​ផ្ទឹម​ក្រោម​ សំឡេង​ភ្លេង​ការ​ទ្រហឹងអឺងកង​ពេញ​ក្នុង​ ភូមិ​។​ បន្ទាប់​ពី​សំពះ​ផ្ទឹម​បាន​ពន្យារពេល​ ពិធីកាត់សក់​ក៏​បាន​បន្ដ​រហូត​ដល់​ល្ងាច​ កូនក្រមុំ​និង​កូនកំលោះ​ក្នុង​ទឹកមុខ​ស្រស់​ ស្រាយ​ឈរ​ទទួលភ្ញៀវ​ដែល​បាន​ទៅ​ចូល​ រួម​ពិសា​អាហារ​ក្រោម​តន្ដ្រី​ប្រគំ​យ៉ាង​ ពីរោះ​រណ្ដំ​ ។​ ភ្ញៀវ​ខ្លះ​ចាប់ផ្ដើម​សប្បាយ​ បណ្ដើរៗ​ហើយ​ពិធីករ​បាន​ប្រកាស​អញ្ជើញ​ ភ្ញៀវ​ចូលរួម​កាត់​ផ្លែ​ឈើ​ដើម្បី​បន្ដ​កម្ម​ វិធី​រាំវង់​ រាំក្បាច់​ សា​រ៉ា​វ៉ា​ន់​ ឡាំ​លាវ​ ។​ នៅ​ពេល​ដែល​បញ្ចប់​ពិធី​កាត់​ផ្លែ​ឈើ​កូន​ ក្រមុំ​ក៏​បាន​ទៅ​ប្ដូរ​សម្លៀក​បំពាក់​តែ​ស្ថិត​ ក្នុង​សភាព​អ៊ូអរ​កូនក្រមុំ​ក៏​ឆ្លៀតឱកាស​ វេច​បង្វេច​រត់​ចេញពី​រោងការ​ទៅ​ជា​ មួយ​នឹង​កូន​ប្រជា​ការពារ​ភូមិ​បាត់​ធ្វើ​ ឱ្យ​ភ្ញៀវ​ទាំង​សងខាង​មានការ​ភ្ញាក់ផ្អើល​ នាំ​គ្នា​ដើរ​រកតែ​មិនឃើញ​ ៕​ ប៊ុ​ន​ រិ​ទ្ធី​

ប្រភព៖ Nokorwatnews

  • ​កូនកំលោះ​ដែល​កូនក្រមុំ​រត់​ចោល​ដាក់​ឱសានវាទ​៥​ថ្ងៃ​ដល់​ឪ​ក្មេក​រក​កូនស្រី​ឱ្យ​ឃើញ​បើ​មិនឃើញ​ត្រូវ​សង​ថ្លៃទឹកដោះ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/03/26  Category:កំសាន្ត
Tags: