វេសឡាញ ​បង្កើត​ពាន​រង្វាន់​បាល់ទាត់​មាន​៧​ក្រុម​ចូល​រួម

សាលា ​វេសឡាញ ​បាន​បង្កើត​ពាន​រង្វាន់​បាល់ទាត់​​កម្រិត​វិទ្យាល័យ​​ជា​លើក​ដំបូង ដែល​មាន​ក្រុម​ចូល​រួម​៧​ក្រុម​មក​ពី​គ្រប់​សាខា​ទាំង​អស់​ក្នុង​រាជធានី​ភ្នំពេញ ​ក្នុង​គោល​បំណង​អភិវឌ្ឍ​ន៍​វិស័យ​កីឡា និង​បង្កើត​ភាព​ស្និទ្ធស្នាល​រវាង​សិស្ស​ និង​សិស្ស។

 

វេសឡាញ ​បង្កើត​ពាន​រង្វាន់​បាល់ទាត់​មាន​៧​ក្រុម​ចូល​រួម

 រូបភាព​ផ្ដល់ឱ្យ

 

លោក តែ ឡាយ ​ប្រធាន​នាយក​អប់រំ និង​ធនធាន​មនុស្ស​នៃ​សាលា វេសឡាញ អេឌ្យូខេសិន ​គ្រុប ​បាន​និយាយ​ថា​៖ “ការ​បង្កើត​ពាន​រង្វាន់​នេះ គឺ​សម្រាប់​លើក​ស្ទួយ​វិស័យ​កីឡា​បាល់ទាត់​នៅ​កម្ពុជា ដូច​ដែល​យើង​បាន​ដឹង​ហើយ​ថា​ នៅ​ឆ្នាំ​២០២៣ ​ខាង​មុខ​នេះ យើង​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ស៊ីហ្គេម ដូច្នេះ​យើង​ត្រូវ​ពង្រឹង​វិស័យ​កីឡា​នៅ​ក្នុង​ស្រុក​យើង​ឱ្យ​ខ្លាំង ដើម្បី​ប្រជែង​យក​មេដាយ។ មួយ​វិញ​ទៀត ការ​លេង​កីឡា​នេះ អាច​នាំ​ឱ្យ​ក្មេង​ៗ​គេច​ផុត​ពី​គ្រឿងញៀន និង​អំពើ​ពាលា​អាវាសែ​បាន ដែល​​វា​មាន​គុណ​ប្រយោជន៍​ច្រើន​ចំពោះ​យុវជន​”។

 

​៧​ក្រុម​ដែល​ចូល​ប្រកួត​ពាន​រង្វាន់ វេសឡាញ ​ខាង​លើ​ មាន​មក​ពី​គ្រប់​សាខា​របស់​សាលា​ទាំងអស់​រួមមាន សាខា​សន្ធរម៉ុក សាខា​ស្ទឹងមាន​ជ័យ សាខា​ច្បារ​អំពៅ សាខា​ទួលទំពូង សាខា​ទួល​ស្វាយព្រៃ​ សាលា​ផ្សារ​តូច​ និង​សាខា​ដូនពេញ។ ចំណែក​ឯ​កីឡាករ​ទាំង​អស់​សុទ្ធតែ​មាន​អាយុ​ចន្លោះ​ពី​១១​ឆ្នាំ​ទៅ​១៩​ឆ្នាំ។

 

ការ​ប្រកួត​នឹង​ត្រូវ​ធ្វើ​ឡើង​បែកចែក​ជា​២​ពូល ដោយ​មួយ​ពូល​ មាន​៤​ក្រុម​ និង​មួយ​ពូល​ទៀត​មាន​៣​ក្រុម។ ក្រុម​នីមួយ​ៗ​ក្នុង​ពូល​ ត្រូវ​ប្រកួត​សន្សំ​ពិន្ទុ​ដើម្បី​យក​២​ក្រុម​ឡើង​ទៅ​ប៉ះ​គ្នា​នៅ​វគ្គ​៤​ក្រុម​ចុង​ក្រោយ។ ចំពោះ​ការ​ប្រកួត​វិញ​ នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន​វេស្ទើនរៀងរាល់​ថ្ងៃ​ចុង​សប្ដាហ៍​៕

 

អត្ថបទ៖ មុន្នី រម្យ