Kara Race ​ដក​វិញ្ញាសា​មួយ​ចេញ មាន​បេក្ខជន​សរុប​៤៩​នាក់​​

នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​ការ​ប្រកួត​ប្រណាំង​ម៉ូតូ Kara Cup Race 2016 ​បាន​ចាប់​ផ្ដើម​ហើយ ដោយ​មាន​កីឡាករ​ចូល​រួម​សរុប​តែ​៤៩​នាក់ លើ​៤​វិញ្ញាសា​ផ្សេង​គ្នា​ប៉ុណ្ណោះ បន្ទាប់​ពី​ខាង​អ្នក​រៀប​ចំ​ការ​ប្រកួត​សម្រេច​ដក​វិញ្ញាសា លេខ​អូតូ ​កម្លាំង​ម៉ាស៊ីន​១២៥​សេសេ​ចេញ។

 

Kara Race ​ដក​វិញ្ញាសា​មួយ​ចេញ មាន​បេក្ខជន​សរុប​៤៩​នាក់​​រូបភាព​កាល​ពិធី​សន្និសីទ

 

ក្រុម​កីឡាករ​ទាំង​អស់ ​បាន​ទៅ​ដល់​ទីលាន​ប្រកួត​នៅ​កោះពេជ្រ​ហើយ ដោយ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ ​មិន​ទាន់​បើក​ការ​ប្រកួត​នៅ​ឡើយ​ទេ ពោល​គឺ​ត្រឹម​តែ​មក​ជុំ​គ្នា​ត្រួត​ពិនិត្យ​ម៉ាស៊ីន​ម៉ូតូ​សិន​ប៉ុណ្ណោះ។ លោក​ ផេង អ្នក​រៀប​ចំ​កម្មវិធី​ប្រកួត ​បាន​បញ្ជាក់​ឱ្យ​ដឹង​ថា​ បេក្ខជន​មក​ចុះ​ឈ្មោះ​ច្រើន ប៉ុន្តែ​ខាង​ក្រុម​ការងារ​បាន​ជម្រុះ​ចេញ​ខ្លះ ដោយ​យក​តែ​ជើង​ខ្លាំង​មក​ប្រកួត​ប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ​ដែរ Kara Cup Race 2016 ​បាន​សម្រេច​ដក​វិញ្ញាសាមួយ​​ចេញ​គឺ លេខ​អូតូ ​កម្លាំង​ម៉ាស៊ីន​១២៥​សេសេ ​ព្រោះ​វិញ្ញាសា​មួយ​នេះ​មិន​មាន​ម៉ូតូ​ចូល​រួម​ច្រើន។

 

អ្នក​ដែល​អាច​ចូលរួម​ប្រណាំង​បាន​ ត្រូវ​មាន​អាយុ​ចាប់ពី​១៦​ឆ្នាំ​ឡើង​ទៅ​ ហើយ​ការ​ប្រណាំង​​ត្រូវ​បាន​កំណត់​ល្បឿន​​ចន្លោះ​​ពី​៦០​ទៅ​៧០​គីឡូម៉ែត្រ​ប៉ុណ្ណោះ​លើ​ផ្លូវ​​រាប​ ដោយ​សារ​ជា​ការ​ប្រណាំង​លើក​ដំបូង ប៉ុន្តែ​ការ​គណនា​លទ្ធផល​ឈ្នះ​ ឬ​ចាញ់​ដោយ​ម៉ាស៊ីន​ស្កែន។ ​ការ​ប្រកួត​មាន​៤​វិញ្ញាសា  រួម​មាន​ម៉ូតូ​កែច្នៃ ​មាន​កម្លាំង​ម៉ាស៊ីន​ ក្រោម​១៣៥​សេ​សេ ម៉ូតូ​អំប្រីយ៉ា ១២៥​ ទៅ​១៣៥​សេ​សេ ម៉ូតូ​ចង្កឹះ​លេខ ១១០​ សេ​សេ​ទៅ​១២៥​សេ​សេ និង​​ប្រភេទ​ម៉ូតូ​អូ​តូ​១១០​ សេ​សេ​ ដល់​១១៥​ សេ​សេ។

 

ចំពោះ​ជយលាភី​វិញ ប្រាក់​រង្វាន់​លេខ​១​ទទួល​បាន​ពាន​១​ និង​ប្រាក់​រង្វាន់​៣០០​ដុល្លារ​​ លេខ​២​នឹង​ទទួល​បាន​២០០​ដុល្លារ​ និង​លេខ​៣​នឹង​ទទួល​បាន​១០០​ដុល្លារ៕

 

អត្ថបទ៖ មុន្នី រម្យ