គណៈកម្មការសភាបង្ហាញជំនឿលើក្រសួងយុត្តិធម៌ក្នុងការកែលម្អប្រព័ន្ធយុត្តិធម៌

គណៈកម្មការទី១នៃរដ្ឋសភាបានបង្ហាញជំនឿចិត្តរបស់ខ្លួនចំពោះក្រសួងយុត្តិធម៌ក្នុងការធានាឲ្យប្រព័ន្ធតុលាការនៅកម្ពុជាឲ្យមានឯករាជ្យភាព និងផ្តល់យុត្តិធម៌ដល់ប្រជាពលរដ្ឋ ខណៈដែលសព្វថ្ងៃនេះប្រព័នន្ធតុលាការកំពុងរងការរិះគន់ពីមជ្ឈដ្ឋានមួយចំនួន។

ប្រធានគណៈកម្មាការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹង អង្កេត និងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភានៃរដ្ឋសភា លោក អេង ឆៃអ៊ាង មានប្រសាសន៍ថា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ នៅវិមានរដ្ឋសភានារសៀលថ្ងៃសុក្រនេះ គណៈកម្មការរបស់លោកបានលើកឡើងពីប្រធានបទចំនួនបួនទៅពិភាក្សា។ លោកថា ប្រធានបទទាំងនោះគឺពាក់ព័ន្ធនឹងឯករាជ្យភាពរបស់តុលាការ និងការជ្រៀតជ្រែក ការឃុំខ្លួនលើសនីតិវិធីកំណត់ ការចាប់ខ្លួន និងឃុំខ្លួនអនីតិជន និងកំហុសនីតិវិធីរបស់តុលាការ។

គណៈកម្មការសភាបង្ហាញជំនឿលើក្រសួងយុត្តិធម៌ក្នុងការកែលម្អប្រព័ន្ធយុត្តិធម៌

រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា (ឆ្វេង) និង​ប្រធានគណៈកម្មការទី១នៃ​រដ្ឋ​សភា លោក អេង ឆៃអ៊ាង ថ្លែង​ទៅ​កាន់​អ្នក​សារព័ត៌មានក្រោយ​ជំនួប​នៅ​ថ្ងៃ​សុក្រ​នេះ (រូបភាព៖ ហ៊ុយ ឧស្សាហ៍)

លោកបន្តថា ក្រោយការពិភាក្សាគ្នា លោកថា ក្រសួងយុត្តិធម៌បានសន្យាពិនិត្យ និងតាមដានសំណុំរឿងមួយចំនួនដែលគណៈកម្មការរបស់លោកបានលើកឡើង ទាក់ទងនឹងការឃុំខ្លួនលើសពេលកំណត់ និងការឃុំខ្លួនរបស់អនីតិជនជាដើម។ លោកឲ្យដឹងដែរថា ក្រសួងក៏បានប្តេជ្ញាប្រព័ន្ធយុត្តិធម៌នឹងមានការកែលម្អ។
លោកបន្ថែមថា៖ “យើងនឹងបញ្ជូនសំណុំរឿងដែលពាក់ព័ន្ធហ្នឹងដើម្បីឲ្យក្រសួងយុត្តិធម៌ពិនិត្យ និងធ្វើការបន្តទៀត…ខ្ញុំគិតថាក្រោយជំនួបនេះទៅ ខ្ញុំជៀជាក់ថាប្រព័ន្ធយុត្តិធម៌នឹងមានការកែលម្អ ព្រោះឯកឧត្តមរដ្ឋមន្ត្រីបានប្តេជ្ញាខ្ពស់ជាមួយសហការី…សភានឹងតាមដានបន្តទៀត”

រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក អង្គ វង្ស វឌ្ឍានា ថ្លែងទៅកាន់អ្នកាសារព័ត៌មានដែរថា ក្នុងកិច្ចប្រជុំនេះភាគីក្រសួងបានជជែកពីនីតិវីធីលើសំណុំរឿងជាក់ស្តែងមួយចំនួនដែលភាគីគណៈកម្មការសភាបានលើកឡើង។ លោកថា ក្រសួងនឹងបន្តពិនិត្យពីសំណុំរឿងទាំងនោះបន្តទៀត តែលោកថា ករណីខ្លះមិនបានកើតឡើងដូចការលើកឡើងរបស់គណៈកម្មការទី១នោះទេ។

លោកបន្ថែមថា៖ “ខាងក្រសួងយុត្តិធម៌យើងខ្ញុំនេះក៏បានជម្រាបជូន ហើយនូវអ្វីដែលខ្វះខាតឯកសារបន្ថែមដើម្បីរកនូវពន្លឺបំភ្លឺឲ្យបានច្បាស់លាស់ពីករណីមួយៗហ្នឹងហើយ យើងក៏បានសហការគ្នា ហើយឯឧត្តម អេង ឆៃអ៊ាង ក៏បានរួមសហការខាងក្រសួងយុត្តិធម៌ ដើម្បីធ្វើយ៉ាងម៉េចយើងបង្កើនកំណែទម្រង់ប្រព័ន្ធយុត្តិធម៌នេះឲ្យកាន់តែប្រសើរទៀត”

យោងតំាគណៈកម្មការទី១នៃរដ្ឋសភា គណៈកម្មការនេះបានយោងតាមរបាយការណ៍របស់អង្គការលីកាដូដែលបានរកឃើញថា ក្នុងឆ្នាំ២០១៥ មានការឃុំខ្លួនលើសនីតិវិធីកំណត់ ការឃុំខ្លួន និងចាប់ខ្លួនអនីតិជន ជាពិសេស គឺកំហុសរបស់តុលាការក្នុងការអនុវត្តការងារ ដែលគណៈកម្មការនេះថាតុលាការបំពេញការងារដោយមិនបានយកចិត្តទុកដាក់ឲ្យបានគ្រប់គ្រាន់៕

ប្រភពៈ VOD