តើ​អ្នកទទួលទានសារជាតិបំប៉នទាំង៥យ៉ាងនេះបានគ្រប់គ្រាន់ដែរឬទេ?

ទទួល​ទាន​បន្លែ ផ្លែឈើ​និង​ផលិត​ផលទឹ​ក​ដោះគោ​មិន​បាន​គ្រប់គ្រាន់​មែន​ទេ? នេះ​ប្រហែល​មិន​មែន​មាន​តែ​អ្នក​ទេ​ដែល​ទទួលទាន​សារជាតិ​បំប៉ន​សំខាន់ៗ​ទាំង​នេះមិ​​ន​បាន​គ្រប់​ចំនួន​នោះ។
ជា​​រឿង​​គួ​រ​ឱ្យ​សោក​ស្តាយ​ដែល​មនុស្ស​យើងភាគច្រើនទទួលទានអាហារច្រើន ប៉ុន្តែអាហារដែលពូកគេទទួលទានទាំងអស់នោះផ្តល់​សារជាតិបំប៉នតិចតួចបំផុត។ ភាគច្រើនពួកយើងទទួលទានអាហារដែលមានជាតិខ្លាញ់និងស្ករច្រើន ហើយដែលអាហារទាំងនេះផ្តល់​ វីតាមីននិងសារជាតិរ៉ែមិនបានគ្រប់គ្រាន់តាមដែលរាងកាយមនុស្ស​យើង​ត្រូវការ​នោះ​ទេ។
 

ព្រមជាមួយ​នឹង​យើង​មិន​បាន​ទទួល​ទាន ​ផលិតផល​ទឹក​ដោះ​គោ​ បន្លែ ផ្លែឈើ​​ដែល​សំបូរ​​វីតាមីន​និង​សារជាតិ​រ៉ែ​ឱ្យ​បាន​គ្រប់គ្រា​ន់​ផង​នោះ ​បញ្ហា​កង្វះ​វីតាមីន​D និង​កាល់ស្យូម​បាន​​ក្លាយ​ជា​បញ្ហាចោទមួយ។
 

តើ​អ្នកទទួលទានសារជាតិបំប៉នទាំង៥យ៉ាងនេះបានគ្រប់គ្រាន់ដែរឬទេ?

ទទួល​ទាន​បន្លែ​បៃតង​ដើម្បី​ទទួល​បាន​អាស៊ីត​ហ្លូលិក

 

អាស៊ីត Folic៖ តើ​អ្នក​ដឹង​ទេ​ថា ហេតុអ្វី​អ្ន​ក​ត្រូវការ​អាស៊ីត ​Folic​ ? គឺជា​សារជាតិ​មួយ​ក្នុង​ចំណោម​វីតាមីន​ B ទាំង​៨​ដែល​រាងកាយ​មនុស្ស​យើង​ត្រូវការ​ដើម្បី​ជំនួយ​ក្នុង​មុខងារ​ផលិត​និងថែ​​រក្សា​កោសិកា ជាពិសេ​ស​ក្នុង​អំឡុងពេល​ដែល​កោសិកា​មាន​ការ​លូតលាស់​ឆាប់​រហ័ស​ ហើយ​នេះ​គឺ​ជា​មូលហេតុ​សំខាន់​ណាស់​ដែល​ស្ត្រី​មាន​ផ្ទៃពោះ​ត្រូវ​ទទួល​ទាន​សារជាតិ​នេះ​ឱ្យ​បាន​គ្រប់គ្រាន់។ អាស៊ីត​ Folic នេះ​ក៏​ជួយ​ផលិត​កោសិកា​ឈាម​ក្រហម​ដែល​ផ្គត់​ផ្គង់​អុកស៊ីសែន​សម្រាប់​​រាង​កាយ។
 

ប្រភព៖  វីតាមីន​នេះ​អាច​រក​បាន​នៅ​ក្នុង​ប្រភេទ​បន្លែ​ស្លឹកបៃតង​​ដូចជា ផ្កាខាត់​ណា​ខៀវ ផ្លែ​ប៊័រ ពពួក​ផ្លែ​ក្រូច និងគ្រាប់ធញ្ញជាតិ និង​សណ្តែក។
 

 

វីតាមីន​ A៖ គឺជា​វីតាមីន​ដែល​ជួយ​ឱ្យការ​មើល​ឃើញ​មាន​ភាព​ល្អ​ប្រសើរ ហើយ​​វា​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​បញ្ជូន​សញ្ញា​ពី​ភ្នែក​ទៅ​កាន់​ខួរ​ក្បាល ហើយ​វា​ក៏​ជួយគាំទ្រ​ដល់​សុខភាព​ស្បែក ព្រម​ទាំង​ជួយ​ឱ្យ​ប្រព័ន្ធ​​ភាព​​ស៊ាំ​​មា​ន​ភាពសកម្ម​ផង​ដែរ។
 

ប្រភព៖ ថ្លើម​សត្វ ស៊ុត និង​ប័រ។​ ប៉ុន្តែ​មនុស្ស​ភាគ​ច្រើន​ទទួល​បាន​វីតាមីន A ក្នុង​ទំរង់​បេតាការ៉ូតែន ដែល​មាន​នៅក្នុង​បន្លែ-ផ្លែឈើ​​ពណ៌​បៃតង លឿង និងទឹកក្រូច​ដែល​រាងកាយ​យើង​បំលែង​ទៅ​ជា​វីតាមីន​A។ បេតាការ៉ូតែន មាន​​នៅ​ក្នុង​ការ៉ុត ផ្លែ​អាព្​រីកូត ល្ហុង ដំឡូង​ឈ្វា និង​ផ្កាខាត់ណា​ខៀវ។
 
 

កាល់ស្យូម៖ ជា​សារធាតុ​រ៉ែ​ដែល​មាន​ច្រើន​ជាង​គេបំផុត​នៅ​ក្នុង​រាងកាយ ហើយ​ភាគ​ច្រើន​មាន​នៅ​ក្នុង​ធ្មេញ​ និងឆ្អឹង​។ មនុស្ស​ភាគ​ច្រើន​បាន​ដឹង​ហើយ​ថា កាល់​ស្យូម​ជា​សារធាតុ​សំខាន់​ត្រូវការ​ប្រើប្រាស់​នៅ​ក្នុ​ង​រាងកាយ ហើយ​មុខងារ​សំខាន់​ក្រៅ​ពី​ហ្នឹង​ គឺ​​វា​ជួយ​ដល់​ការ​កន្រ្តា​ក់​សាច់ដុំ រក្សា​ចង្វាក់​បេះដូង​ឱ្យ​បាន​ត្រឹមត្រូវ និង​ជួយ​ដល់មុខ​ងារ​ប្រព័ន្ធ​​ប្រសាទ។
 

ប្រភព៖ ផលិតផល​ទឹក​ដោះ​គោ បន្លែ​ស្លឹក​បៃតង តៅហ៊ូ សណ្តែក និង​គ្រាប់​អាល់ម៉ុន។
 
 


វីតាមីន D៖
វីតាមីន​Dមា​ន​មុខងារ​ជួយ​ក្នុ​ង​ដំណើរ​ការ​បឺតស្រូប​យក​ជាតិ​កាល់ស្យូម និង​ផូស្វាត​ពី​ក្នុង​ចំណី​អាហារ ហើយ​វា​មាន​តួនាទី​សំខាន់​ក្នុង​ការ​រក្សា​សុខភាព​ឆ្អឹង និង​ធ្មេញ។  វីតាមីនD​ក៏​មាន​ភាព​ចាំបាច់​ក្នុង​មុខងារ​សាច់ដុំ និង​​ជួយ​គាំ​ទ្រ​ចលនា​ប្រព័ន្ធ​​ភាព​ស៊ាំផ​ងដែរ។
 

ប្រភព៖ វីតាមីន​D​ដែល​ពេល​ខ្លះ​យើង​ស្គាល់​ថាជា​វីតាមីន​ពន្លឺ​ព្រះអាទិត្យ ដោយសារ​រាងកាយ​របស់​យើង​ទទួលបា​ន​នូវ​វីតាមី​ន​នេះ​នៅ​ពេល​ដែល​យើង​នៅ​ក្រោ​ម​ពន្លឺ​ព្រះអាទិត្យ​បាន​គ្រប់គ្រាន់។​ ប៉ុន្តែ​យើង​ក៏​អាច​ទទួលបាន​វីតាមីន​នេះ​នៅ​ក្នុង​ប្រភេ​ទ​សាច់​ត្រី ស៊ុត​ក្រហម និង​ថ្លើម​សត្វ និង​ទឹក​ដោះគោ​។
 
 


ប៉ូតាស្យូម​៖
ជួយ​រក្សា​សំពាធ​ឈាម​ឱ្យ​មាន​សុខភាព​ល្អ និង​ជួយ​ក្នុង​ការ​ចម្រាញ់​ថាមពល​ចេញ​ពី​អាហារ​ដែលយើង​បាន​ទទួលទាន ហើយ​មិន​ត្រឹ​ម​តែ​ប៉ុណ្ណោះ​ រាល់​សាច់ដុំ​ទាំង​អស់​នៅ​ក្នុ​ង​រាងកាយ​រួម​បញ្ចូល​ទាំង​បេះដូង​ផង​នោះ​ក៏​ត្រូវការ​ប៉ូតាស្យូម​ដើម្បី​បំពេញ​មុខងារ​ឱ្យ​បាន​ត្រឹមត្រូវ​ផង​ដែរ។
 

ប្រភព៖ បន្លែ-​ផ្លែឈើ​សុទ្ធតែ​ផ្ទុក​ដោយ​សារជាតិ​ប៉ូតាស្យូម ហើយ​ប្រភព​ដ៏​សំបូរបែប​នោះ​គឺ​ផ្លែ​ឪឡឹក (melon) ផ្លែ​ចេក ប៊័រ អាព្រី​កូត ប្រភេទ​ក្រូច និង​​ផ្លែ​ស្ត្រប៊ែរី។ បន្លែ​ដែល​សំបូរ​ទៅ​ដោយ​ប៉ូតាស្យូម​នោះ​គឺ ប៉េង​ប៉ោះ ការ៉ុត ផ្ទីរ ផ្កា​ខាត់​ណា​ខៀវ។ ជាមួយ​គ្នា​ផង​ដែរ​នោះ ទឹកដោះ​គោ​ដែល​មាន​សារជាតិ​កាល់ស្យូម និងវីតាមី​ន D ក៏​ជា​ប្រភពល្អ​នៃ​សារជាតិ​ប៉ូតា​ស្យូម។


 

អត្ថបទដោយ៖ លោក​ស្រី Susan Bowerman, MS, RD, CSSD ទីប្រឹក្សា​ផ្នែក​បណ្តុះ​បណ្តាល​អាហារ​បំប៉ន​របស់ក្រុមហ៊ុន​ Herbalife។