ក្រសួង​វប្បធម៌​ប្រាប់​សិល្បករ សិល្បការិនី​រក្សា​តម្លៃ​ខ្លួន តាមរយៈ​ការ​ស្លៀកពាក់​

​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បានចេញ​សេចក្តីណែនាំ​មួយ ទៅដល់ សិល្បករ សិល្បការិនី​ខ្មែរ​ទាំងអស់ ឲ្យ​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ សំដៅ​រួមចំណែក​ដល់​ការលើកស្ទួយ​វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី​ដ៏​ថ្លៃថ្លា របស់​ជាតិ​។

​ការណែនាំ ធ្វើឡើង​បន្ទាប់ពី ក្រសួង​សង្កេតឃើញថា នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តែងមាន​សិល្បករ សិល្បការិនី​មួយចំនួន​បាន និង​កំពុង​ចាប់យក​វប្បធម៌​បរទេស មក​ធ្វើជា​វប្បធម៌​ខ្លួន តាមរយៈ​ការប្រើប្រាស់​សំលៀកបំពាក់ និង​ឥរិយាបថ​ស្រើបស្រាល​នានា ដែលមាន​លក្ខណៈ​ប្រាសចាក​ពី​វប្បធម៌ សីលធម៌ និង​ទំនៀមទម្លាប់ ប្រពៃណី​របស់​ជាតិ ក្នុង​គោលដៅ​អូសទាញ​ចិត្ត​ទស្សនិកជន ដើម្បី​ភាពល្បីល្បាញ​របស់ខ្លួន​។​

​នៅក្នុង​សេចក្តីណែនាំ​នោះ ក្រសួង​បាន​ប្រាប់​ឲ្យ​សិល្បករ សិល្បការិនី​ទាំងអស់​សូម​ប្រើប្រាស់​សំលៀកបំពាក់​ឲ្យ​បាន​សមស្រប​តាម​ទំនៀមទម្លាប់​ប្រពៃណី របស់​ជាតិ មាន​ឥរិយាបថ​ប្រកបដោយ​សីលធម៌ គុណធម៌ សុជីវធម៌ ដែលជា​មរតក​ដ៏​ផូរផង់​នៃ​ដូនតា​យើង​។ ក្រសួង​ក៏បាន​ស្នើ​ឲ្យ​គ្រប់​បណ្តាញ​ផ្សព្វផ្សាយ​ទាំងអស់ ចូលរួម​ទប់ស្កាត់ និង​បញ្ឈប់​នូវ​រាល់​ការចាក់ផ្សាយ​ទាំងឡាយណា ដែលមាន​សកម្មភាព ឥរិយាបថ និង​ការ​ស្លៀកពាក់​បម្រើ​ដល់​ការសម្តែង ដែលមាន​ផលប៉ះពាល់​ដល់​វប្បធម៌ ទំនៀមទម្លាប់ និង​ប្រពៃណី ដ៏​ផូរផង់​របស់​ជាតិ​។

​ក្រៅពី​ណែនាំ​សិល្បករ សិល្បការិនី​ឲ្យ​រក្សា​ប្រពៃណីជាតិ ក្រសួង​វប្បធម៌ ក៏​មិន​ភ្លេច​អរគុណ​ប្រជាជន​កម្ពុជា​គ្រប់រូប និង​បណ្តាញសារព័ត៌មាន​សង្គម​ទាំងអស់​ដែល​បាន​ចូលរួមចំណែក​ណែនាំ និង​កែលម្អ​ឥរិយាបថ​របស់​សិល្បក​រ សិល្បការិនី​ទាំងឡាយ​ដែល​ពុំទាន់​បាន​ស្វែងយល់​ពី​វប្បធម៌​ជាតិ ឲ្យ​ធ្វើការ​ពិចារណា​សារជាថ្មី​។ ជាមួយគ្នា​នោះដែរ ក្រសួង​វប្បធម៌​ក៏​សង្ឃឹម​ដែរ​ថា ប្រព័ន្ធ​ផ្សព្វផ្សាយ និង​សិល្បករ សិល្បការិនី​ទាំងអស់​ចូលរួម​អនុវត្តន៍​ប្រកបដោយ​ការទទួលខុសត្រូវ​ខ្ពស់ ដើម្បី​រួមចំណែក​លើកកម្ពស់​តម្លៃ​វប្បធម៌ ទំនៀមទម្លាប់​ប្រពៃណី ដើម្បី​រក្សា​តម្លៃ​ផ្ទាល់ខ្លួន​ដែលជា​បុគ្គល​សាធារណៈ ក៏ដូចជា​លើកតម្កើង​នូវ​កិត្យានុភាព​ជាតិ​៕

បុរស​ពិការ​ដៃ សារី សុខចិត្ត រើស​សំរាមតែ​មិន​សុំទាន​សកម្មភាព​ជិះ​កង់​ដើម្បីលើកស្ទួយ​ផលិតផល​ខ្មែរ និង​ជួយ​មន្ទីរពេទ្យ​គន្ធ​បុ​ប្ឆា​អ្នក​ឆ្លង​អេដស៍ ៣នាក់ សង្ស័យថា ខ្លួន​អាច​ឆ្លង​ដោយសារ​ចាក់​ថ្នាំ​នៅ​ពេទ្យ​ឯកជន​១ ក្បែរ​ភូមិ​