នាយករដ្ឋមន្ត្រី​ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​រាជការ​ក្នុង​ពិធី​បុណ្យ​ចូល​ឆ្នាំ

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ផ្ដល់​ប្រាក់​ឧបត្ថម្ភ​ដល់​មន្ត្រី​រាជការ​ក្នុង​ម្នាក់ៗ​ចំនួន ៥​ម៉ឺន​រៀល ក្នុង​ឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ។

​លោក ហ៊ុន សែន បាន​បញ្ជាក់​ក្នុង​អនុក្រឹត្យ កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា នេះ​ថា មន្ត្រី​រាជការ​ដែល​ទទួល​បាន​ប្រាក់​ឧបត្ថម្ភ​ទាំង​នោះ​រួម​មាន ក្រុម​នីតិប្បញ្ញត្តិ នីតិប្រតិបត្តិ តុលាការ មន្ត្រី​នគរបាល​ជាតិ មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ យោធិន នៃ​កង​យោធពល​ខេមរភូមិន្ទ សមាជិក​ក្រុមប្រឹក្សា​រាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ ប្រធាន​ភូមិ អនុ​ប្រធាន​ភូមិ សមាជិក​ភូមិ មន្ត្រី​ជាប់​កិច្ចសន្យា និង​បុគ្គលិក​បណ្ដែត​ដែល​កំពុង​បម្រើ​ការងារ នៅ​ថ្នាក់​ជាតិ និង​ថ្នាក់​ក្រោម ព្រម​ទាំង​និវត្តជន ជន​បាត់បង់​សម្បទា​វិជ្ជាជីវៈ ជន​បាត់បង់​សមត្ថភាព​ការងារ ជន​ពិការ​ដែល​ជា​អតីតមន្ត្រី​រាជការ​ស៊ីវិល អតីត​យោធិន​នៃ​កង​យោធពល​ខេមរភូមិន្ទ និង​អតីតមន្ត្រី​នគរបាល​ជាតិ។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ស្ថាប័ន​សាមី ត្រូវ​សហការ និង​ចាត់ចែង​រៀបចំ​ការ​បើក​ប្រាក់​ឧបត្ថម្ភ​នេះ​ដល់​មន្ត្រី​រាជការ និង​និវត្តជន​ទាំង​នោះ​ឲ្យ​បាន​មុន​ថ្ងៃ​ទី​១១ ខែ​មេសា ឆ្នាំ​២០១៦៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។