កីឡាករ កីឡាការិនី ប្រៀបបាន​ដូចជា​អ្នកការទូត​ដែល​បំពេញការងារ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​

ភ្នំពេញ:
​កីឡា​នាំមក​នូវ​សុខភាព​ល្អ​ភាពសប្បាយ​រីករាយ សាមគ្គីភាព មិត្តភាព ភាតរភាព និង​សហប្រតិបត្តិការ​រវាង​គ្នា​និង​គ្នា ទាំង​ក្នុង​ក្របខ័ណ្ឌ​ជាតិ​និង​អន្តរជាតិ ប៉ុន្តែ​លើសពីនេះ កីឡា​ក៏មាន​តួនាទី​យ៉ាងសំខាន់ ក្នុងការ​ចូលរួម​លើកកម្ពស់​កិត្យានុភាព​ជាតិ​នៅលើ​ឆាក​អន្តរជាតិ​ផងដែរ ហើយ​កីឡាករ កីឡាការិនី ប្រៀបបាន​ដូចជា​អ្នកការទូត ដែល​បំពេញការងារ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​។

ក្នុងន័យនេះ រាជរដ្ឋាភិបាល​បន្ត​យកចិត្តទុកដាក់​ខ្ពស់​ដល់​ការអភិវឌ្ឍ​វិស័យ​កីឡា​បន្ថែមទៀត ដោយ​បង្កើន​វិនិយោគសាធារណៈ​ផង និង​ជំរុញ​ការចូលរួម​របស់​វិស័យ​ឯកជន​ផង សំដៅ​លើកកម្ពស់​ហេដ្ឋារចនាសម្ព័ន្ធ រូបវន្ត​នានា ជាពិសេស​ការកសាង​និង​ជួសជុល​ពហុ​កីឡដ្ឋាន និង​មជ្ឈមណ្ឌល​កីឡា​ជាច្រើន​ទៀត ។​

​នេះ​បើ​យោងតាម​ប្រសាសន៍ លោក​បណ្ឌិតសភា​ចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ទទួលបន្ទុក​ទីស្ដីការគណៈរដ្ឋមន្ដ្រី និង​ជា​ប្រធាន​សហព័ន្ធ​ប៊ូល​និង​ប៉េតង់​កម្ពុជា​ថ្លែង​ក្នុង​ពិធី​ប្រគល់​ប្រាក់រង្វាន់​បន្ថែម​ដល់​ជ័យលាភី កីឡាករ កីឡា​ការ​នី និង​គ្រូបង្វឹក​ជើងឯក​អាស៊ី​ប៊ូល​ប៉េតង់ លើក​ទី​១៩ ដែល​បាន​ប្រារព្ធ​ធ្វើឡើង​នៅ​អាគារ​មិត្ត​ទីស្ដីការគណៈរដ្ឋមន្ដ្រី នា​ព្រឹក​ថ្ងៃទី​២៥ ខែ​មិនា​ឆ្នាំ​២០១៦​នេះ​។​

​លោក​បណ្ឌិតសភា​ចា​រ្យ បាន​មានប្រសាសន៍​បន្ថែមថា​៖ ផ្តើមចេញពី​កិច្ចខិតខំ​រួមគ្នា បច្ចុប្បន្ននេះ វិស័យ​កីឡា​ជាតិ​គ្រប់​ប្រភេទ​មាន​ការវិវត្ត​រីកចម្រើន​គួរ​ជាទី​មោទនៈ និង​ទទួលបាន​ការចាប់អារម្មណ៍​កាន់តែខ្លាំង​ពី​មហាជន ជាពិសេស​ក្មួយៗ​យុវជន​។ ដោយឡែក កីឡា​ប៉េតង់​កម្ពុជា​ក៏បាន​អភិវឌ្ឍ​ឈាន​ឡើងជា​លំដាប់ ដោយ​តែងតែ​បានទទួល​មេដាយ​ពី​ការប្រកួត​លក្ខណៈ​អន្តរជាតិ​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ប៉េតង់​ក្លាយជា​ប្រភេទ​កីឡា​មួយ ដែលមាន​សក្តានុពល​ខ្ពស់​និង​ផ្តល់​ក្តី​ស​ង្ឃឹ​សម្រាប់​កម្ពុជា​យើង​។ ជាក់ស្តែង នាពេល​កន្លងមក ទាំង​ក្នុង​ការប្រកួត​ក្របខ័ណ្ឌ​ទ្វីបអាស៊ី ឬ​កម្រិត​ពិភពលោក កម្ពុជា​យើង​តែងតែ​ឈរ​ក្នុង​លំដាប់​នាំមុខគេ​ជានិច្ច ហើយ​បើ​និយាយ​ពី​កីឡា​ប៉េតង់ ទាំងអស់គ្នា​ពិតជា​មិនអាច​ភ្លេចឈ្មោះ​កីឡាការិនី​ប៉េតង់​ដ៏​ឆ្នើម​របស់​កម្ពុជា​គឺ វីរៈ​កីឡាការិនី លោកស្រី កែ ឡេង ដែល​ដណ្តើមបាន​មេដាយមាស​ចំនួន​ពីរលើក​ផ្ទួនៗ​គ្នា ធ្វើឱ្យ​ពិភពលោក​កោតសរសើរ​កម្ពុជា​យើង​កាន់តែខ្លាំង​ឡើងៗ រហូតដល់​ប្រទេស​ខ្លះ​ចាត់ទុក​កម្ពុជា​ជា​ប្រទេស​មហាអំណាច​ផ្នែក​កីឡា​ប៉េតង់ ថែម​ទៀតផង​។​

​លោក​បណ្ឌិតសភា​ចា​រ្យ បញ្ជាក់​បន្ថែមថា​៖ ដើម្បី​ធានា​ឱ្យបាន​នូវ​និរន្តរភាព​និង​ឧត្តមភាព​ផ្នែក​កីឡា​ប៉េតង់​កម្ពុជា ក្នុងនាម​ប្រធាន​សហព័ន្ធ​កីឡា​ប៊ូល​និង​ប៉េតង់​កម្ពុជា ខ្ញុំ​បាន​ផ្តួចផ្តើម​ឱ្យមាន​ការបណ្តុះបណ្តាល​កីឡា​ប៊ូល និង​ប៉េតង់ សម្រាប់​យុវជន​អាយុ​ក្រោម​១៧​ឆ្នាំ ហើយ​យើង​បាន​ឈានទៅ​ដណ្តើមបាន​មេដាយមាស ក្នុង​ព្រឹត្តិការណ៍​ប្រកួត​ប៉េតង់​ជា​លក្ខណៈ​អន្តរជាតិ​មួយចំនួន​ផងដែរ​។ ជាងនេះទៀត កាលពីពេល​ថ្មីៗ​កន្លងទៅនេះ តាមរយៈ​ការប្រកួត​ដណ្តើមពាន​ប៉េតង់​ជើងឯក លោក សុខ អាន បាន​រកឃើញ​អ្នក​បន្តវេន​ប្រកបដោយ​សក្តានុពល​មួយចំនួន​បន្ថែមទៀត ដែល​យុវ​កីឡាករ កីឡាការិនី​ទាំងនេះ​នឹង​ធ្វើឱ្យ​កម្ពុជា​យើង​កាន់​តែមាន​ក្តីសង្ឃឹម​ខ្ពស់​ក្នុងការ​ដណ្តើមបាន​មេដាយ​បន្ថែមទៀត​ក្នុងការ​ប្រកួត​កីឡា​ប៉េតង់ ក្នុង​ក្របខ័ណ្ឌ​កីឡា SEA GAME នៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​យើង​នឹង​ធ្វើជា​ម្ចាស់ផ្ទះ​៕​

កីឡាករ កីឡាការិនី ប្រៀបបាន​ដូចជា​អ្នកការទូត​ដែល​បំពេញការងារ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​

កីឡាករ កីឡាការិនី ប្រៀបបាន​ដូចជា​អ្នកការទូត​ដែល​បំពេញការងារ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​
កីឡាករ កីឡាការិនី ប្រៀបបាន​ដូចជា​អ្នកការទូត​ដែល​បំពេញការងារ​ផ្នែក​ទំនាក់ទំនង​អន្តរជាតិ​