បុរស​ម្នាក់ ខឹង​ប្រពន្ធ​មិន​ឲ្យ​ទៅ​ហូប​ការ ចងក​សម្លាប់ខ្លួន

កំពត:
បុរស​ម្នាក់​ខឹង​និង​តូចចិត្ត​និង​ប្រពន្ធ មិន​ឲ្យ​ទៅ​ហូប​ការ គិត​ខ្លី​ចងក​ធ្វើ​អត្ត​ឃាត់សម្លាប់ខ្លួន​និង​ក្រ​ម៉ា​ចងភ្ជាប់​នឹង​ធ្នឹម​ផ្ទះបាយ ចោល​ប្រពន្ធ​និង​កូន​ទុក​ឲ្យ​នៅ​កំព្រា។

​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​១​រំលងអធ្រាត្រឈានចូល​ថ្ងៃទី​២៦ ខែមីនា ឆ្នាំ​២០១៦​ស្ថិត​ក្នុងភូមិ​អណ្តូង​ខ្មែរ សង្កាត់អណ្តូង​ខ្មែរ ក្រុង​កំពត ។​

​បុរស​ដែល​គិត​ខ្លី​ចងក​ធ្វើអត្តឃាត​មានឈ្មោះ​រ័ត្ន រ៉ា​ឌូ អាយុ​៦៣​ឆ្នាំ រស់នៅ​ភូមិ​-​ឃុំកើតហេតុ​ខាងលើ​។​

​ចំណែក​ស្ត្រី​ឈ្មោះ​ហ៊ុល គឹម​ហេង អាយុ​៥០​ឆ្នាំ បាន​ឲ្យ​ដឹងថា មុនពេល​កើតហេតុ នៅក្បាល​ព្រលប់​នោះ ប្តី (​ជនរងគ្រោះ​)​បាន​និយាយថា ស្អែក​នេះ​ខ្ញុំ​ទៅ​ហូប​ការ​គេ ឯងមិនបាច់​ទៅ​ទេ ។ គាត់​ក៏​និយាយ​តប​វិញ​ថា ខ្ញុំ​មិន​ចង់​ឲ្យ​ឯង​ទៅ​ទេ​បើ​ទៅ​ម្នាក់ឯង​ចឹង​នោះ ព្រោះ​ឯង​ហូប​ស្រា​ច្រើន មិន​គិតពី​សុខភាព និង​សុវត្ថិភាព​ទេ ដូច្នេះ កុំទៅ​ហូបអី ។ គ្រាន់តែ​និយាយ​គ្នា​ប៉ុណ្ណឹង គាត់​មិនដឹងថា​ប្តី​ខឹង និង​អន់ចិត្ត​ជាមួយ​គាត់​ដល់ថ្នាក់​ហ្នឹង​ទេ ។​

​មូល​ហេតុដែល​ប្រពន្ធ​ហាម​មិន​ឲ្យ​ទៅ គឺ​ខ្លាច​គាត់​ផឹកស្រា​ស្រវឹង​ខ្លាំង ហើយ​បើកបរត្រឡប់មកផ្ទះ​វិញ​ជួប​គ្រោះថ្នាក់ ។​ក្រោយពី​មាន​ករណី​​នេះ​កើតឡើង កម្លាំងសមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​បានមក​អន្តរាគមន៍​និង​ពិនិត្យ​សាកសព រួច​បានប្រគល់ជូន​ក្រុមគ្រួសារ ចាត់ចែង​រៀប​​ចំ​ធ្វើបុណ្យ​៕​