អភិវឌ្ឍ​ជនជាតិដើម​ភាគតិច ផ្តោតលើ​គោលការណ៍​សំខាន់ ៣

ភ្នំពេញ:
 រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ លោក​ជា សុផារ៉ា បាន​ប្រាប់​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ អំពី​ការអភិវឌ្ឍ​ផ្លូវ​ជន​ប ទឹកស្អាត និង​អនាម័យ អភិវឌ្ឍន៍​សហគមន៍​ជនបទ ជាពិសេស​លើ​គោលការណ៍​សំខាន់ៗ​សម្រាប់​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា គឺ​ការកំណត់​អត្តសញ្ញាណ ការចុះបញ្ជី​សហគមន៍ និង​ការផ្តល់​កម្ម​សិទ្ធ​ដីធ្លី​។​

​នៅ​ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០១៦ លោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួង​អភិវឌ្ឍន៍ជនបទ បានអនុញ្ញាត​ឲ្យ លោកស្រី​សាស្ត្រាចារ្យ Rhona K. M. Smith អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ នៅ​ព្រះរាជា​ណា​កម្ពុជា និង​សហការី បាន​ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​សាលប្រជុំ​ជាន់​ទី ៤ នៃ​ទីស្តីការក្រសួង​អភិវឌ្ឍន៍ជនបទ ។​

​ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍​អំពី​ការងារ​សំខាន់​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុងការ​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​នៅតាម​ជនបទ រួម​មានការ​ការអភិវឌ្ឍ​ផ្លូវ​ជន​ប ទឹកស្អាត និង​អនាម័យ អភិវឌ្ឍន៍​សហគមន៍​ជនបទ អភិវឌ្ឍន៍​ជនជាតិភាគតិច ។​ល​។

​លោក ជា សុផារ៉ា បានលើកឡើង​នូវ គោលការណ៍​សំខាន់ ៣ សំខាន់​សម្រាប់​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច​ក្នុងប្រទេស​កម្ពុជា​គឺ​៖ ការកំណត់​អត្តសញ្ញាណ ការចុះបញ្ជី​សហគមន៍ និង​ការផ្តល់​កម្ម​សិទ្ធ​ដីធ្លី ។ ជាមួយគ្នានេះ ក្រសួង​អភិវឌ្ឍន៍ជនបទ​បាន​៖
- ចេញ​លិខិត​ទទួលស្គាល់​អត្តសញ្ញាណ ១១៥ សហគមន៍​ជនជាតិដើម​ភាគតិច​
- រៀបចំ​សិក្ខាសាលា​ផ្សព្វផ្សាយ​គោលនយោបាយ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​ជនជាតិដើម​ភាគតិច ១៥ លើក​
- បើក​វគ្គ​បណ្តុះបណ្តាល​ព​ង្រឹ​ង​សមត្ថភាព​បាន ១៦ លើក​
- រៀបចំ​អបអរសាទរ​ទិវា​អន្តរជាតិ​ជនជាតិដើម​ភាគតិច​ពិភពលោក​ចំនួន ១២ លើក​
- ចុះបញ្ជី​ដីធ្លី​ជា​កម្មសិទ្ធិ​សមូហភាព នៅ​ក្រសួង​រៀបចំ​ដែនដី​នគរូបនីយកម្ម និង​សំណង់ ចំនួន ១១ សហគមន៍​
- ចុះបញ្ជី​ទទួលស្គាល់​ជា​នីតិបុគ្គល នៅ​ក្រសួងមហាផ្ទៃ​ចំនួន ៩៦ សហគមន៍ ។​

​ដោយឡែក ទាក់ទង​នឹង​ការលើកកម្ពស់​ស្ត្រី​នៅក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ លោក​រដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា​៖ ការងារ​របស់ ក្រសួង​បាន​ជួយ​លើកកម្ពស់​ជីវភាព​ប្រចាំថ្ងៃ​របស់​ស្ត្រី​យ៉ាងច្រើន ជាពិសេស ការសាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការផ្គត់ផ្គង់​ទឹកស្អាត និង​អនាម័យ ដោយ​ក្រសួង​មាន​គោលការណ៍​ផ្តល់ឱកាស​ការងារ​ក្នុង​ការដ្ឋាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ ដែល​មិនត្រូវ​ការជំនាញ ឲ្យ​ស្ត្រី​យ៉ាងតិច ២៦% ដូច​ជាការ​បោសសម្អាត​ការដ្ឋាន​ជាដើម និង​ចូលរួម​ក្នុង​ក្រុម​ប្រើប្រាស់​ទឹក និង​ថែទាំ​អណ្តូងទឹក​ស្អាត​ជាដើម ។ ជាមួយគ្នានេះដែរ ក្រសួង​បានផ្តល់​ឱកាស​ដល់​និ​សិ​ត្ស​បញ្ចប់​ការសិក្សា បាន​ចូល​បម្រើ​ការងារ​ក្នុង​ក្របខណ្ឌ​ក្រសួង​រហូតដល់ ២៦% នៃ​ចំនួន​សិស្ស​និស្សិត ដែល​ត្រូវបាន​ជ្រើសរើស ឲ្យ​ចូល​បម្រើ​ការងារ​ជា​មន្ត្រី​ក្រសួង ។​

​នៅក្នុង​ជំនួប​ជាមួយ លោកស្រី​សាស្ត្រាចារ្យ Rhona បានលើកឡើង​អំពី​ការការពារ​សិទ្ធិ និង​សេរីភាព​របស់​ជនជាតិ​ដើម​ភាគតិច និង ការលើកកម្ពស់​ស្ត្រី​ក្នុង​វិស័យ​អភិវឌ្ឍន៍ជនបទ​៕

អភិវឌ្ឍ​ជនជាតិដើម​ភាគតិច ផ្តោតលើ​គោលការណ៍​សំខាន់ ៣

អភិវឌ្ឍ​ជនជាតិដើម​ភាគតិច ផ្តោតលើ​គោលការណ៍​សំខាន់ ៣

អភិវឌ្ឍ​ជនជាតិដើម​ភាគតិច ផ្តោតលើ​គោលការណ៍​សំខាន់ ៣