​ដឹង​អត់​ថា ​បាញ់គ្នាយប់​មិញនោះ​ដោយ​សារ​អ្វី?

រាជធានីភ្នំពេញ ៖ ករណី​បាញ់ប្រហារ​គ្នា​​ក្នុង​សង្កាត់​វត្ត​ភ្នំ​ កាលពី​យប់​ថ្ងៃ​ទី​២៥ ​មីនា ​២០១៦ នោះ ​ត្រូវ​សមត្ថកិច្ច​អះអាង​ថា គឺ​​កើត​ឡើង​​​​ចេញ​​​​រឿង​​​ទៅ​ជួយ​អន្តរា​គម​ន៍​​របស់​គ្រួសារមួយ​ដែលកំពុង​​ឈ្លោះ​គ្នា ទើប​​ធ្វើ​ឱ្យ​​​​មនុស្ស​២នាក់​រង​របួស​ធ្ងន់​២​នាក់ ដោយ​ម្នាក់​​ជានគរ​បាល​​​ប៉ុស្តិ៍​វត្ត​ភ្នំ និង​​ម្នាក់​​ទៀត​ (ជនបង្ក) ជា​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​​ធ្ងន់រហស្សនាម​ «រាត្រី​១៨៧» ​។

លោក​ហួត ចាន់​យ៉ា​រ៉ា​ន់ អធិការ​នគរបាល​​ខណ្ឌដូនពេញ​បាន​​ឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ មាន​​ប្រជាពលរដ្ឋ​ទៅ​ប្តឹង​​នៅ​​នគរបាល​ប៉ុស្តិ៍​​វត្ត​ភ្នំ ឱ្យ​ចុះ​​​អន្តរា​គមន៍ ​ដោយសារ​តែ​ជន​បង្ក​​អុកឡុក (​សង្ស័យ​ប្រើ​ថ្នាំ​​ញៀន​) ។ ពេល​នោះ ត្រូវ​​លោក​មេ​ប៉ុស្តិ៍​ បាន​ដឹកនាំ​កម្លាំង​ទៅ​​ជួយ​ដោះស្រាយ ស្រាប់តែ​ប៉ះទង្គិច​គ្នា​រហូត​ជន​ដៃដល់​​​​បាញ់​មួយ​គ្រាប់ចំ​លោក​អ៊ុត សំអាត ជាមេ​ប៉ុស្តិ៍​ មួយគ្រាប់​ ហើយ​​​ភ្លាម​ៗ​នោះ កម្លាំង​នគរបាល​ប៉ុស្តិ៍ ក៏​​បាញ់​តប​​​ទៅ​វិញ ដោយ​​បាញ់​ជនបង្ក​​នេះ ​បណ្តាល​រង​របួសធ្ងន់​​​ដែរ ​។

លោក ហួត ចាន់​យ៉ា​រ៉ា​ន់ បាន​​បញ្ជាក់​ទៀត​ថា លោក​មេ​ប៉ុស្តិ៍​វត្ត​ភ្នំ​ត្រូវ​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​​ហើយ និង​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​​​ម៉ែ​ត ​។ ដោយ​ឡែក​ជន​បង្ក ​ត្រូវកំពុង​​​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​​ រង់ចាំ​ការ​ចាត់ការ​នៅ​ពេល​ក្រោយ ​។

មន្ត្រី​​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា ជន​​ដៃដល់​ខាងលើ ​គឺជា​មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ រាត្រី​១៨៧ ហើយ​សង្ស័យ​​ប្រើ​ថ្នាំ​ញៀន​​​ផង ​ពីព្រោះ​សមត្ថកិច្ច​​​រក​ឃើញ​ថ្នាំ​ញៀន​មួយ​កញ្ចប់ និង​ដែកកេះ​មួយ​នៅ​លើ​ខ្លួន ។