ថា​កុំឱ្យ​គេ​ឮ

មាន​ក្រុមហ៊ុន​មួយ​មិនដឹង​ថា ជា​ក្រុមហ៊ុន​ខ្មែរ​ក្នុងស្រុក ឬ​មួយ​ជា​របស់​ជនបរទេស​ទេ ជ្រក​ក្រោម​ឃ្លៀ​ក​សាលា​រាជធានី​ភ្នំពេញ មានសំណាង​ដូច​មាស​ប៉ុន​ភ្នំ ធ្លាក់​ពីលើ​មេឃ​មក​ឱ្យ ដែល​ក្រោម​មេឃ​លើ​ដី​គ្មាន​ក្រុមហ៊ុន​ណាមួយ​មានសំណាង​ដូច​ឡើយ ។

បានជា​ពោល​ដូច្នោះ ពីព្រោះ​ក្រុមហ៊ុន​មួយ​នេះ មានឈ្មោះ​ជា​អក្សរ មិន​មាន​អក្សរ​ខ្មែរ សូ​ម្បី​មួយ​ម៉ាត់​ឡើយ ដាក់​ថា «​ក្រុមហ៊ុន RKS Import &  Export Co, Ltd» ។ អ្នក​មិន​ចេះ​ដូច​កោះសន្តិភាព មិនដឹង​ថា ក្រុមហ៊ុន​ស្អី​គេ​ទេ ។

បានជា​ពោល​ដូច្នោះ​ទៀត ពីព្រោះ​ក្រុមហ៊ុន​នេះ ដូច​មាន​អភ័យឯកសិទ្ធិ​ជាង​ក្រុមហ៊ុន​ណា​ទាំងអស់ ដោយ​បាន​ទទួល​សិទ្ធិ​ម៉ៅ​ការ​គ្រប់គ្រង​ចំណូល​សេវា​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ក្នុង​រាជធានី​ភ្នំពេញ រយៈពេល​១០​ឆ្នាំ ដោយ​ឥត​ដេញថ្លៃ​ប្រកួតប្រជែង​ណាមួយ គួរ​ឱ្យ​កត់សម្គាល់​ឡើយ ។ ឱ្យ​តែ​មាន​ប៉ាណូ​-​យីហោ បង្ហាញ​នៅ​ទីណា​ក៏​ដោយ ត្រូវ​ក្រុមហ៊ុន «RKS......» ស្អឺ​គេ​នេះ​យក​ដាវ​អាជ្ញាសឹក​ទៅ​យក​ប្រាក់​តែ​ម្តង​...​ហេ ! ហេ !  

តើ​អ្នក​ណា​ជា​ម្ចាស់​ក្រុមហ៊ុន ? ឈ្មោះ​អី ? ស្រី​ឬ​ប្រុស ហើយ​អ្នក​ណា​ជា​ខ្នង ជា​ខ្សែ ? មិន​អាច​រក​ការ​បំភ្លឺ​បាន​នៅឡើយ​ទេ​ភ្លាម​ៗ​នេះ ដែល​កោះសន្តិភាព​កំពុង​ព្យាយាម​សាកសួរ ដើម្បី​ជម្រាប​ជូន​អ្នក​អាន​ឱ្យ​ជ្រាប​បន្ថែម​នៅ​ពេល​ណាមួយ ក្រោយ​ពី​បាន​ព័ត៌មាន​ពិត ។

យើង​គិត​ថា អ្វី​ដែល​គេ​លាក់ គឺ​អ្វី​ហ្នឹងហើយ ដែល​គេ​ចង់​ឃើញ​... ចង់ ស្គាល់​... ចង់​ស្ទាប​... ។ ដូច្នេះ​ទោះបីជា​លាក់​ខ្លាំង​... ការ​ចង់​ឃើញ ចង់​ស្គាល់​ក៏​ខ្លាំង​ដែរ​... ។ ម្ល៉ោះហើយ ប្រ​សិន​លាក់​ខ្លាំង​ពេក​... បើ​ចៀស​មិន​រួច​ទេ ទាយ​ស្មាន​តែ​ម្តង​នៅ​ថ្ងៃ​ណាមួយ ដែល​អ្នក​អាន​សួរ​ច្រើន​ពេក ៕