គន្លឹះ​ខ្លីៗ ដើម្បី​ទទួលបាន កូ​ឡេ​ស្តេ​រ៉ុល​ល្អ ច្រើន​ក្នុង​ឈាម​

គន្លឹះ​ខ្លីៗ ដើម្បី​ទទួលបាន កូ​ឡេ​ស្តេ​រ៉ុល​ល្អ ច្រើន​ក្នុង​ឈាម​

​មនុស្ស​យើង​កុំ​ផ្តោត​សំខាន់ តែ​ក្នុង​រឿង​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល តែមួយ​មុខ​អី យក​ល្អ គួរតែ​គិត​អំពី ការប្រែប្រួល​រវាង មធ្យមភាគ​នៃ​បរិមាណ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ (HDL) និង​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ (LDL) ផង​។

​ជាទូទៅ គេ​និយាយថា កាល​ណាកូ​ឡេ​ស្តេ​រ៉ុល​ល្អ​ខ្ពស់ វា​នឹង​ធ្វើឲ្យ កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ ចុះ​ទាប​ហើយ​។ តែ​បើសិនជា កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់​ឡើង​ខ្ពស់​វិញ អ្នក​ប្រហែលជា​ប្រឈម​ខ្លាំង នឹង​ជំងឺ​បេះដូង​សរសៃឈាម​ជាមិនខាន​។ យ៉ាងណាមិញ មនុស្ស​មួយចំនួន ដែល​មាន​កម្រិត​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ក្នុង​ខ្លួន​ច្រើន​ស្រាប់​នោះ អ្នក​គួរតែ​អរគុណ ដល់​ឪពុកម្តាយ​អ្នក​ទៅ​។

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អំពី​គន្លឹះ​ខ្លីៗ និង​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ឈាម ៖

មាន​ភាព​សកម្ម​ខាង​រាងកាយ​
រាល់​ការ​ធ្វើ​លំ​ហាត់ប្រាណ​ទាំងអស់ សុទ្ធ​តែ​អាច​ជួយ បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​បង្កើន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ​បាន​ទាំងអស់​។ មិន​ខ្វល់​ថា វា​ជា​ការ​ថែ​សួន ជូត​សម្អាតផ្ទះ វាយ​សី ជិះ​កង់ ឬ​រាំ​ទេ សុទ្ធតែ​មាន​ប្រយោជន៍​ទាំងអស់​។ អ្នកជំនាញ​និយាយថា អ្នក​គួរតែ​ហាត់ប្រាណ​បែប​អ៊ែ​រ៉ូ​ប៊ិក​បន្ថែម​ផង​។

ឈប់​ជក់បារី​
មនុស្ស​គ្រប់គ្នា ដែល​មាន​ទម្លាប់​ជក់បារី ពិត​ជា​ទម្លាប់​អាក្រក់​មួយ ចំពោះ​សុខភាព​។ មាន​ហេតុផល​ច្រើនណាស់ ដែល​គេ​ចាត់ទុក​វា ជា​ទម្លាប់​អាក្រក់ នោះ​គឺ​ធ្វើឲ្យ សរសៃឈាម​អាក់ទែ​ស្ទះ​។ ប៉ុន្តែ កាលណា​អ្នក​ជប់​ជក់បារី​ហើយ​នោះ អ្នក​នឹង​អាច​បង្កើន ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ក្នុង​ឈាម​កាន់តែច្រើន​ទៅវិញ​។

បន្ថយ​ការ​ញ៉ាំ​ផ្អែម​
ការសិក្សា​បញ្ជាក់ថា អ្នក​ដែល​ញ៉ាំ​អាហារ​ផ្អែម​ច្រើន នឹង​មាន​ចំនួន កូ​ឡេ​ស្តេ​រ៉ុល​ល្អៗ​តិច​ទៅវិញ​។ ដូច្នេះ​យក​ល្អ គួរតែ​កាត់បន្ថយ ការ​ញ៉ាំ​ផ្អែម បើសិន​ជា​អ្នក ចង់​បញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​អាក្រក់ និង​មិន​ចង់​មាន​ជំងឺ​បេះដូង​។

ញ៉ាំ​អាហារ​ពណ៌​ស្វាយ​
បន្លែ និង​ផ្លែឈើ ដែល​មាន​ពណ៌​ស្វាយ ពោរពេញ​ទៅ​ដោយ​សារធាតុ Anthocyanins ដែល​ជា​ថ្នាំ​បំពាក់​ពណ៌​របស់​ធម្មជាតិ តែ​វា​គឺជា​ជីវជាតិ​ដ៏​អស្ចារ្យ​មួយ ដែល​អាច​បង្កើន​ចំនួន​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ក្នុង​ខ្លួន​បាន​យ៉ាង​មាន​ប្រសិទ្ធភាព​។ អាហារ​មាន​ពណ៌​ស្វាយ​មានដូចជា ទំពាំងបាយជូ ស្ពៃក្តោប​ពណ៌​ស្វាយ ឬ​ត្រប់វែង​។

ត្រី​សម្បូរ​ខ្លាញ់​
ដើម្បី​ទទួលបាន​ជាតិ​ខ្លាញ់ ឬ​កូ​ឡេ​ស្តេ​រ៉ុល​ល្អ ក្នុង​ខ្លួន​ច្រើនយ៉ាង មាន​ប្រសិទ្ធភាព ទាល់តែ​ញ៉ាំ​ត្រី ដែល​សម្បូរ​ជាតិ​ខ្លាញ់​។ ត្រី​ទាំងនោះ​មានដូចជា ត្រីធូ​ណា សាល​ម៉ុង ឬ​សា​ឌី​ន​ជាដើម​។​

ញ៉ាំ​ស្រាក្រហម​
មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ផ្សេង​ទៀត ក្នុងការ​បង្កើន​ចំនួន កូ​ឡេ​ស្តេ​រ៉ុល​ល្អ​ក្នុង​ខ្លួន គឺ​ការ​ញ៉ាំ​ស្រា​ក្រហម​។ ភេសជ្ជៈ​មួយ​នេះ ផ្ទុក​ទៅដោយ​អង់​ទី​អុកស៊ី​ដង់​ច្រើន ដែល​អាច​បង្ការ​ជំងឺ​បេះ​ដូង​បាន​។ ចំពោះ​បុរស គួរតែ​អាច​ញ៉ាំ​រហូតដល់ ២ កែវ​ក្នុង​មួយថ្ងៃ ជា​រៀងរាល់ថ្ងៃ ចំណែក ស្ត្រី​ត្រឹមតែ​មួយ​កែវ​បាន​ហើយ​៕

ប្រែសម្រួល៖ វេជ្ជ. ម៉េង សុខសៀន

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ ​www.health.com.kh ថ្ងៃទី26 
មីនា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។