សុគន្ធ និសា​ បកស្រាយទៅព័ត៌មាន ដែលចុះបំភ្លៃការពិត ថាលើសហើយ គឺលើសខ្លាំងតែម្តង!

ភ្នំពេញ៖ ព្រមជាមួយ នឹងការវិលត្រលប់ទៅរក ផលិតកម្មរស្មីហង្សមាសជាថ្មី និងការងារដ៏មមាញឹក តារាចម្រៀង ជួរមុខ សុគន្ធ និសា បានធ្វើឲ្យទស្សនិកជនមានការចាប់ អារម្មណ៍ជាខ្លាំង រហូតធ្វើឲ្យសារព័ត៌មាន ជាច្រើនព្យាយាមស្វែងរក ព័ត៌មានពីតារារូបនេះ ដើម្បីតម្រូវចិត្ត ទស្សនិកជនឲ្យកាន់តែច្រើន។

ថ្មីៗនេះ មានសារព័ត៌មានក្នុងស្រុកមួយ បានចុះផ្សាយថា កញ្ញានិសា បានជួបរឿងស៊យធំ បន្ទាប់ពីចូលផលិតកម្មរស្មីហង្សមាស ដោយសារត្រូវបានគេបោចយក នាឡិកាដែលមានតម្លៃ ពីរគ្រឿងនៅពេល ស្វាគមន៍អ្នកគាំទ្រ ដោយការចាប់ដៃរាក់ទាក់ នៅលើឆាកតន្រ្តី។ ព័ត៌មានមួយនេះ បានធ្វើឲ្យកញ្ញា សុគន្ធ និសា មានប្រតិកម្មជាខ្លាំង ហើយបានបង្ហោះសារ ហួសចិត្តនៅលើ ទំព័រហ្វេសប៊ុក របស់ខ្លួនដើម្បី បដិសេធនថា នេះគឺជាព័ត៌មាន មិនពិតទាំងស្រុង ដោយកញ្ញាសរសេរថា ព័ត៌មាននេះលើសហើយ គឺលើសខ្លាំងតែម្តង។ កញ្ញាបានបញ្ជាក់ថា សារព័ត៌មាន មួយនេះគ្រាន់ តែចង់ទាក់ទាញការចាប់អារម្មណ៍ ពីទស្សនិកជន ប៉ុន្តែបែរជាធ្វើ ឲ្យប៉ះពាល់ដល់ កិត្តិយសអ្នកគាំទ្រ ដែលបានចូលរួមព្រឹត្តិការណ៍ខនសឺុតទៅវិញ ដោយចោទថាពួក គាត់គ្មានរបៀប ហើយទៅដើម្បីចង់បាន របស់មានតម្លៃពីកញ្ញា ទាំងដែលការពិត ពួកគាត់ទៅគាំទ្រ ហើយមានពេលខ្លះ បានទិញកាដូមកជូន កញ្ញាវិញទៀតផង។ បន្ថែមពីនេះ កញ្ញា និសា បានផ្តាំផ្ញើកុំឲ្យសារព័ត៌មាន ចុះផ្សាយមើល ងាយខ្មែរគ្នាឯង ព្រោះរាល់ការចាប់ដៃ រវាងទស្សនិកជន និងកញ្ញា គឺមានតែធ្វើឡើង ដោយភាពស្និតស្នាល និងសប្បាយរីករាយ មិនមែនជាការបន្លំយករបស់មាន តម្លៃដូចដែលសារព័ត៌មាន ចុះផ្សាយនោះទេ។

លើសពីសារនៅក្នុងហ្វេសប៊ុក កញ្ញាសុគន្ធ និសា ក៏បានប្រាប់ខ្មែរឡូតផងដែរថា កញ្ញាមានការមមាញឹក ខ្លាំងក្នុងអំឡុងពេលនេះ ដោយសារមានការងារថតនៅក្នុងក្រុមហ៊ុនផង ការប្រគុំតន្រ្តីនៅតាមខេត្តផង ព្រមជាមួយនឹង ការងារសម្តែង ត្រៀមសម្រាប់ ពិធីបុណ្យចូលឆ្នាំ ខាងមុខនេះផង រហូតដល់កញ្ញា មិនមានពេល គ្រប់គ្រាន់ក្នុងការ បង្ហោះរូបភាព រឺព័ត៌មានផ្ទាល់ខ្លួន នៅក្នុងហ្វេសប៊ុក ឲ្យញឹកញាប់ដូច កាលពីមុនឡើយ ប៉ុន្តែកញ្ញានឹង ព្យាយាមទំនាក់ទំនង ជាមួយអ្នកគាំទ្រឲ្យបានច្រើនបំផុត តាមដែលអាចធ្វើបាន៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload