ភ្នំ​អំពិល​ មាន​អ្វី​ប្លែក ​សម្រាប់​ក្រសែភ្នែក​ភ្ញៀវ​ទេសចរ

ភ្នំ​អំពិល​ មាន​អ្វី​ប្លែក ​សម្រាប់​ក្រសែភ្នែក​ភ្ញៀវ​ទេសចរ



សៀមរាប​ ៖ យើង​ជឿ​ជាក់​ថា សម្រាប់​ភ្ញៀវ​ទេសចរ​ជាតិ​ និង​អន្តរជាតិ​មួយ​ចំនួន​ធំ​ប្រាកដជា​មិន​ធ្លាប់​បាន​ទៅ​លំហែ​កម្សាន្ត​នៅ​តំបន់​ផ្កាស្មៅ​ធម្មជាតិ​ភ្នំ​អំពិល​នៅឡើយ​ទេ​។ ដូច្នេះ​ដើម្បី​ចង់​ដឹង​ច្បាស់​ថា តើ​នៅ​ទីនោះ​មាន​សម្រស់​ធម្មជាតិ​ទាក់ភ្នែក ​និង​មាន​អ្វី​ប្លែក​នោះ តោះ​សូម​រៀបចំខ្លួន​ធ្វើដំណើរ​ទៅ​ទស្សនា​កម្សាន្ត​នៅ​ភ្នំ​អំពិល​នា​ទឹកដី​ខេត្តសៀមរាប​ជាមួយ​«​កម្ពុ​ជាថ្មី​»​ទាំងអស់គ្នា​។​ ​ ​ ​ ​ ​ ​ ​ ​

លោក ​ឆឺ​យ ឆន ​អនុប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តសៀមរាប​និយាយ​ថា ភ្នំ​អំពិល​គឺជា​ភ្នំ​មួយ​ដែល​នៅ​រក្សា​បាន​ធនធានធម្មជាតិ​មាន​ព្រៃឈើ ជ្រលង​ភ្នំ វាលស្មៅ ផ្កា​ព្រៃ​រីក​ស្រស់បំព្រង​ចងចិត្ត​មនុស្សម្នា​ដែល​បាន​មកដល់​ទីនេះ ជាពិសេស​ក៏​មាន​តំបន់​ទឹកធ្លាក់​លាក់ខ្លួន​ក្នុង​ព្រៃ​ផង​ដែរ ហើយ​មិន​តែ​ប៉ុ​ណ្ណោះ​ភ្នំ​អំពិល​ក៏បាន​ក្លាយទៅជា​ទីកន្លែង​កម្សាន្ត​មួយ​ដ៏​ទាក់ទាញ​ផង​ដែរ​សម្រាប់​ភ្ញៀវ​ទេសចរ​នា​ពេ​ល​បច្ចុប្បន្ន​។ លោក​បន្ត​ថា ប្រសិនបើ​លោកអ្នក​មានបំណង​ទៅលេង​នៅ​ភ្នំ​អំពិល​នៅពេល​បាន​មក​ដ​ល់​ទី​រួម​ខេត្តសៀមរាប​ហើយ​នោះ គឺ​ចាំបាច់​ត្រូវ​ធ្វើដំណើរ​តាមផ្លូវ​ទៅ​អង្គរ​ និង​ឆ្លង​ហួស​ទៅ​ប្រាសាទ​បា​ខ័ន​១០០​ម៉ែត្រ​នឹង​ឃើញ​មាន​ផ្លូវ​មួយ​បត់​ឆ្វេង​គឺ​យើង​ត្រូវ​ឈប់​ប្ដូរ​មធ្យោបាយ​ធ្វើដំណើរ​ដោយ​ត្រូវ​ជួល​គោយន្ត​របស់​អ្នកស្រុក​ជិះ​ពី​បា​ខ័ន​ទៅ​ភ្នំ​អំពិល​ក្នុង​ចំងាយ​ផ្លូវ​ជាង​៤០​គីឡូម៉ែត្រ​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

​តាម​ការ​និយាយ​រៀបរាប់​របស់​ លោក ​ឡូយ សូ​វណ្ណ​ ជា​អ្នក​ឌី​សាញ​ និង​ទំនាក់ទំនង​ផ្នែក​ទេសចរណ៍​នៅ​ខេត្តសៀមរាប​បាន​ឲ្យ​ដឹង​ថា ភ្នំ​អំពិល​មាន​ទីតាំង​ស្ថិត​នៅក្នុង​ឃុំ​ពាក់​ស្នែង ស្រុក​អង្គរធំ ខេត្ត​សៀ​ម​រាប ហើយ​អ្វី​ដែល​ចាំបាច់​នោះ​គឺ​លោកអ្នក​ដែល​ទៅលេង​ទីនោះ ​ត្រូវ​មាន​អ្នក​នាំ​ផ្លូវ​ស្គាល់​ពី​ភូមិ​សា​ស្ត្រ​ច្បាស់​ទើប​មិន​វង្វេង ពីព្រោះ​ផ្លូវ​មាន​លក្ខណៈ​ស្មុគស្មាញ​។ ម្យ៉ាងទៀត​ការ​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សងព្រេង​តាម​ព្រៃភ្នំ​ដាច់ស្រយាល​ពី​ទីប្រជុំជន​របៀប​នេះ​ភ្ញៀវ​ទេសចរ​ចាំបាច់​ត្រូវតែ​វេច​ខ្ចប់​ម្ហូប​អា​ហា​រ ​និង​ភេសជ្ជៈ​យក​ទៅ​ជាមួយ​ទើប​ជា​ការ​ល្អ ក៏ប៉ុន្តែ​ផ្ទាំងទស្សនីយភាព​ដែល​រង់ចាំ​លោកអ្នក​នៅ​ទីនោះ​ពិតជា​ធ្វើ​ឲ្យ​ការ​ជំនះ​ឩ​ប​សគ្គ​តាមផ្លូវ​ទៅ​ភ្នំ​អំពិល​មាន​អត្ថន័យ​មិនអាច​បំភ្លេច​បាន​។​ ​ ​ ​ ​ ​ ​ ​ ​ ​ ​ ​

នៅពេល​បាន​ទៅ​ដល់ទី​បរិវេណ​ភ្នំ​អំពិល​ហើយ​នោះ​ត្រូវ​បាន ​លោក​ឡូយ សូ​វណ្ណ ​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ភ្ញៀវ​ទេសចរ​ទាំងឡាយ​នឹង​បាន​ប្រទះ​ភ្នែក​ឃើញ​បុប្ផា​មួយ​ប្រភេទ​មាន​ត្របក​ពណ៌​ផ្កាឈូក​ជា​ច្រើ​ន​ស្រទាប់​ ដែល​អ្នកស្រុក​តំបន់​នោះ​ហៅថា ​«​ផ្កា​ចាហួយ​» កំពុងតែ​រីក​រាប់រាយ​រាប់ពាន់​ផ្កា​ចោល​សម្រ​ស់​យ៉ាង​ត្រកាល​បាន​និង​កំពុង​រាយមន្ត​ស្នេហ៍​ទាក់ទាញ​ខ្លាំង​ណាស់​។ លោក ​ឡូយ សូ​វណ្ណ​ បន្ត​ថា ការ​ធ្វើដំណើរ​មក​ភ្នំ​អំពិល​លោកអ្នក​នឹង​បាន​ទស្សនា​នៅ​ទិដ្ឋភាព​ប្លែកៗ​ជាច្រើន​រួមមាន តំបន់​ផ្កា​ចា​ហួយ​ដុះ​ធំ​ល្វឹងល្វើយ ទឹកធ្លាក់ ជ្រលង​ដងអូរ ជួរ​ភ្នំ ពើង​ថ្ម តំបន់​ដី​រលុះ តំបន់​ដើម​ព្រិច​ដុះ និង​រុក្ខជាតិ​ជិត​ផុត​ពូជ​ជាច្រើន​ប្រភេទ​ទៀត ​ដែល​សម្រស់​ធម្មជាតិ​នៅ​ទីនេះ​ស្ថិត​ក្នុង​ភាព​អាថ៌កំបាំង​សម្រាប់​ភ្ញៀវ​ទេសចរ​នៅឡើយ​៕​

ភ្នំ​អំពិល​ មាន​អ្វី​ប្លែក ​សម្រាប់​ក្រសែភ្នែក​ភ្ញៀវ​ទេសចរ

ភ្នំ​អំពិល​ មាន​អ្វី​ប្លែក ​សម្រាប់​ក្រសែភ្នែក​ភ្ញៀវ​ទេសចរ

ភ្នំ​អំពិល​ មាន​អ្វី​ប្លែក ​សម្រាប់​ក្រសែភ្នែក​ភ្ញៀវ​ទេសចរ