ក្រុមហ៊ុន Acer និង​ PTC Computer សម្ពោធ​ផលិតផល​ថ្មី​ របស់​ផលិតផល​កុំព្យូទ័រ​ម៉ាក​Acer

ក្រុមហ៊ុន Acer និង​ PTC Computer សម្ពោធ​ផលិតផល​ថ្មី​ របស់​ផលិតផល​កុំព្យូទ័រ​ម៉ាក​Acer



ភ្នំពេញ ​៖​ ដោយ​ទទួល​បាន​នូវ​ការ​គាំទ្រ​ និង​ការ​ទុក​ចិត្ត​ពី​សំណាក់​ប្រជាជន​កម្ពុជា​លើ​ផលិតផល​កុំព្យូ​ទ័រ នោះ​ក្រុមហ៊ុន Acer Computer Co., Ltd ប្រចាំ​តំបន់​ឥណ្ឌូចិន​បាន​សហការ​ជាមួយ ក្រុមហ៊ុន PTC Computer Co., Ltd ដែល​ជា​ក្រុមហ៊ុន​ទទួល​សិទ្ធ​ចែកចាយ និង​ផ្តល់​សេវាកម្ម​ផ្តាច់​មុខ​បាន​ប្រារព្ធ​ពិធី​សម្ពោធ​ផលិតផល​ថ្មី​មួយទៀត​របស់​ផលិតផល​កុំព្យូទ័រ​ម៉ាក​Acer​។​ ពិធី​សម្ពោធ​នេះ​បាន​ប្រព្រឹត្តិ​ទៅ​កាលពី​រាត្រី​ថ្ងៃទី​២៥ ​ខែមីនា ​ឆ្នាំ​២០១៦ ​នៅ​សណ្ឋាគារ​ណាហ្គា​វើល ​ដោយមាន​ការចូលរួម​ពី​លោក អ៊ឹង សែ អគ្គ​នាយ​ក្រុមហ៊ុន PTC Computer Co., Ltd​ លោក គីម ចាន់ នាយក​គ្រប់គ្រង​ផលិតផល​ក្នុង​ឥណ្ឌូចិន​ និង​អ្នក​ចែកចាយ ​ដែល​ជា​ដៃគូ​របស់​ក្រុមហ៊ុន​ជាច្រើន​ទៀត។​

ប៉ុន្មាន​ឆ្នាំ​កន្លង​មក​នេះ ​មនុស្ស​ភាគច្រើន​តែងតែ​និយាយ​អំពី​ផលិតផល​កុំព្យូទ័រ​ ដែល​មាន​រាងស្ដើង​និង​ស្រាល ទោះបីជា​តម្លៃ​នៃ​SSD​ធ្លាក់ចុះ ប៉ុន្តែ​ក៏​នៅ​មាន​ផ្នែក​មួយ ​ដែល​មាន​ការ​រីកចម្រើន​ខ្លាំង​គឺ​Ga​ming ហើយ​ពេល​បច្ចុប្បន្ន អ្នកប្រើប្រាស់​បាន​សង្កត់​ធ្ងន់​ទៅលើ​ដំណើរការ​របស់​ម៉ាស៊ីន​កុំព្យូទ័រ ជា​ជា​ង​ទំហំ ​និង​ទម្ងន់​របស់​វា​។​

តាំងពី​ឆ្នាំ​២០១៥ ក្រុមហ៊ុន ​Acer ក្លាយជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​លើ​កុំព្យូទ័រ​Hybrid ហើយ​យើង​ក៏​ផ្គត់ផ្គង់​កុំព្យូទ័រ ​ដែល​មាន​ម៉ូ​ដែល​ជា​ច្រើន​។ សម្រាប់​ឆ្នាំ​២០១៦ យើង​នឹង​បន្ត​ពង្រីក​លើ​ទីផ្សារ​កុំព្យូទ័រ​Hybrid ដោយ​សង្កត់ធ្ងន់​លើ​បទពិសោធន៍​នៃ​បច្ចេកវិទ្យា​ជឿនលឿន​។ នៅ​ឆ្នាំ​២០១៧ យើង​នឹង​ក្លាយ​ទៅជា​ក្រុមហ៊ុន​ដែល​ឈានមុខ​គេ​ផ្នែក​Game​។​

លោក អ៊ឹង សែ អគ្គ​នាយ​ក្រុមហ៊ុន PTC Computer Co., Ltd បាន​មាន​ប្រសាសន៍​ថា ​«​ក្រុមហ៊ុន ពិត​ជា​មាន​មោទនភាព​យ៉ាង​ខ្លាំង ក្នុងនាម​ជា​អ្នកទទួល​សិទ្ធិ​ចែកចាយ​លើ​ផលិតផល និង​សេវាកម្ម ផ្ដាច់មុខ របស់​ផលិតផល ACER ដោយ​ទទួល​បាន​ភាព​ជោគជ័យ​យ៉ាង​ខ្លាំង​គូ​ជាទី​ពេញចិត្ត ហើយ​ក្រុមហ៊ុន​នឹង​ខិតខំ​បន្ថែម​ទៀត ក្នុង​គោលបំណង​ពង្រឹង​ភាពជា​ដៃគូ​ពាណិជ្ជកម្ម​ឲ្យ​កាន់តែ​មាន​ភាព​រឹងមាំ និង​យូរ​អង្វែង​ទៅ​អនាគត​»​។​

លោក គីម ចាន់ នាយក​គ្រប់គ្រង​ផលិតផល​ក្នុង​ឥណ្ឌូចិន​បាន​មានប្រសាសន៍ថា​ ក្រុមហ៊ុន​Acer​ឥណ្ឌូ​ចិន មាន​ស្នាក់​ការ​នៅ ​ប្រទេស មី​យ៉ាន់​ម៉ា ឡាវ និង​កម្ពុជា​។ លោក​បាន​បន្ត​ថា​ សម្រាប់​ឆ្នាំ​២០១៦ យើង​នឹង​សង្កត់ធ្ងន់​ទៅលើ​របស់​២​យ៉ាង ​ទី​១​ដៃគូ គឺ​Acer​នឹង​បង្កើត​ដៃគូ​ពាណិជ្ជកម្ម​ដ៏​រឹងមាំ ដើម្បី​ឲ្យ​គេ​ក្លាយជា​ដៃគូ​ខ្លាំង​ក្នុង​មុខ​ជំនួញ​នេះ​។ សម្រាប់​ការបង្កើត​ដៃគូ​រឹងមាំ Acer នឹង​អាច​ផ្តល់​គុណ​ប្រ​យោ​ជន៍​ជាច្រើន​ដល់​អ្នកប្រើប្រាស់​ និង​ទី​២​បទពិសោធន៍​គឺ Acer នឹង​បន្ត​សង្កត់ធ្ងន់​លើ​ការ​ផ្សព្វផ្សាយ​បទពិសោធន៍​នៃ​បច្ចេកវិជ្ជា ​និង​ភាព​ជឿនលឿន ទៅកាន់​អ្នកប្រើប្រាស់​។

លោក​ គីម​ ចាន់​ បាន​បញ្ជាក់​ថា ​«​ចាប់ពី​ឆមាស​ទី​២ ឆ្នាំ​២០១៦ យើង​នឹង​បន្ត​ពង្រឹង​លើ​គុណភាព​ និង​សេវាកម្ម​ ហើយ​យើង​នឹង​ប្រាកដ​ឲ្យ​បាន​ថា ​ផលិតផល​ពី​Acer​ទាំងអស់​មានគុណ​ភាព​ស្មើៗ​គ្នា​»​៕

ក្រុមហ៊ុន Acer និង​ PTC Computer សម្ពោធ​ផលិតផល​ថ្មី​ របស់​ផលិតផល​កុំព្យូទ័រ​ម៉ាក​Acer