ស្ត្រី​ម្នាក់​ដាំបាយ​ទុកចោល​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​ផ្ទះ​អស់​០១​ខ្នង​

ស្ត្រី​ម្នាក់​ដាំបាយ​ទុកចោល​ ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​ផ្ទះ​អស់​០១​ខ្នង​



ព្រះវិហារ ៖ សេចក្ដីរាយការណ៍​បាន​ឲ្យ​ដឹង​ថា ​លំនៅដ្ឋាន​០១​ខ្នង​ទំហំ​៦​ម៉ែត្រ​ គុណ​នឹង​៧​ម៉ែត្រ​ ធ្វើ​ពី​ឈើ​ប្រក់​ស័ង្កសី ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ខ្ទេច​គ្មាន​សល់​ កាលពី​វេលា​ម៉ោង​៥​រសៀល ​ថ្ងៃ​ទី​២៤ ខែ​មីនា​ឆ្នាំ​២០១៦​ ស្ថិតនៅ​ភូមិ​គោក ​ឃុំ​រំដោះ​ ស្រុក​ជាំ​ក្សាន្ត​ ព្រមទាំង​បំផ្លាញ​ទ្រព្យសម្បត្តិ​អស់​មួយ​ចំនួន។​ឧប្បត្តិហេតុ​ភ្លើង​ឆេះ​ផ្ទះ​នោះ​មិន​បណ្ដាល​ឲ្យ​គ្រោះថ្នាក់​ដល់​មនុស្ស​ណា​ម្នាក់​នោះ​ទេ​។​

អាជ្ញាធរ​មូលដ្ឋាន​បានឲ្យដឹងថា ​ដើមហេតុ​ភ្លើង​ឆេះ​ផ្ទះ​នោះ​បង្ក​ឡើង​ដោយសារ​ភ្លើង​ចង្ក្រាន​ដែល​ដាំបាយ​ទុកចោល​។ ​ស្ត្រី​ម្ចាស់ផ្ទះ​ឈ្មោះ​ ពិន ​នង​ អាយុ​៥៣​ឆ្នាំ​ មុខរបរ​កសិករ​ ជា​ស្ដ្រី​មេម៉ាយ​រស់​នៅ​ភូមិ​គោក ​ឃុំ​រំដោះ​ ស្រុក​ជាំ​ក្សាន្ត​ ខេត្ត​ព្រះវិហារ។

ប្រភព​ព័ត៌មាន​ដដែល​បាន​បន្ត​ថា ហេតុការណ៍​ភ្លើង​ឆេះ​ផ្ទះ​នេះ​អ្នកភូមិ​បាន​នាំគ្នា​ជួយ​ដងទឹក​ពន្លត់ភ្លើង​ដែរ​ ប៉ុន្តែ​មិន​រលត់​សោះ​ ដោយសារ​ស្រប​ពេល​ជាមួយគ្នា​នោះ​មាន​ខ្យល់​ ហើយ​អាកាស​ធាតុ​ក្តៅ​ខ្លាំង​ថែមទៀត​។ ​ទីបំផុត​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​បំផ្លាញ​ផ្ទះ​ និង​ទ្រព្យសម្បត្តិ​ទាំងស្រុង។ អាជ្ញាធរ​បញ្ជាក់​ថា ទ្រព្យសម្បត្តិ​ដែល​ត្រូវ​ភ្លើង​ឆេះ​បំផ្លាញ​រួមមាន ​លុយ​ចំនួន​៣​លាន​រៀល​ស្រូវពូជ​ចំនួន​១០​ការុង​ និង​សំលៀកបំពាក់​មួយ​ចំនួន​ទៀត​ផង​ដែរ។

បន្ទាប់មក ​អាជ្ញាធរ​មូលដ្ឋាន​បាន​យក​អំណោយ​កាកបាទក្រហម​ខេត្ត​មួយ​ចំនួន​ទៅ​ជួយ​ឧបត្ថម្ភ​ដល់​ស្ដ្រី​មេម៉ាយ​ខាងលើ​ផង​ដែរ ដើម្បី​ជួយ​សម្រាល​ទុក្ខ​លំបាក​មួយ​គ្រា។​

គួរ​រំលឹក​ថា ​កាលពី​ឆ្នាំ​២០១៤ ​ប្តី​របស់​គាត់​ឈ្មោះ ​សៀន​ ប៊ុន​ឈឿន​ ជា​នាយទាហាន​ឋានន្តរសក្ដិ​វរសេនីយ៍​ទោ​បាន​ស្លាប់​បាត់​បង់ជីវិត​នៅ​តាម​ខ្សែត្រៀម​សមរភូមិ​មុខ​ ដោយសារ​ដើរ​ជាន់​មីនតោន​។ ​រំលង​ទើបបាន​២​ឆ្នាំ​មកដល់ពេលនេះ​ អកុសល​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ដែល​ជា​កេរ​ដំណែល​របស់​ប្តី​ថែមទៀត៕